ទំនប់​វារី​អគ្គិសនី​របស់​ចិន​ត្រូវ​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​ប្រែប្រួល​ទឹក​ទន្លេ​មេគង្គ

ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ចំពោះ​ទន្លេ​មេគង្គ ដែល​ជា​ទន្លេ​មួយ​ធ្លាប់​តែ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​ហូរ​ឆ្លង​កាត់​ប្រទេស​ចំនួន ៦ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​មនុស្ស​ប្រមាណ ២៥០​លាន​នាក់ ហើយ​ចំនួន​មនុស្ស​ដែល​អាស្រ័យ​ផល ឬ​ជីវិត​របស់​ខ្លួន ពឹងពាក់​ដោយ​ផ្ទាល់​ទៅ​លើ​ទន្លេ​មេគង្គ​គឺ​មាន ៦០​លាន​នាក់។

គេ​មាន​ការ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ទន្លេ​មេគង្គ​រាក់​ខ្លាំង​ក្នុង​រយៈកាល ២០​ឆ្នាំ​នេះ គឺ​កន្លែង​ខ្លះ​ផ្ទៃ​ទឹក​ថយ​ចុះ​ដល់​ពាក់​កណ្ដាល។ ចរន្ត​ផ្លាស់​ប្ដូរ​ទី​រស់​នៅ​របស់​ត្រី​ត្រូវ​បាន​រំខាន ហើយ​ចរាចរណ៍​ទូក​កប៉ាល់​មិន​អាច​ដំណើរការ​បាន​ទេ​នៅ​កន្លែង​ខ្លះ។

ទីភ្នាក់​ព័ត៌មាន Reuters បាន​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​ថា អ្នក​ខ្លះ​បន្ទោស​ភាព​ប្រែ​ប្រួល​នៃ​ទឹក​ទន្លេ​មេគង្គ​នេះ​ទៅ​លើ​ការ​ឡើង​កម្ដៅ​ផែន​ដី និង​ការ​ថយ​ចុះ​នូវ​បរិមាណ​ផែន​ទឹក​កក​នៅ​ភ្នំ​ទីបេ។ ខ្លះ​ទៀត​បន្ទោស​ថា មក​ពី​ឥទ្ធិពល El Nino គឺ​ផ្ទៃ​សមុទ្រ​ឡើង​កម្ដៅ​ក្នុង​រវាង ៤ ទៅ ៧​ឆ្នាំ​ម្តង​នោះ ទៅ​លើ​ខ្យល់​មូសុង​នៅ​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​មាន​បញ្ហា​កង្វះ​ភ្លៀង​នៅ​ប្រទេស​លាវ​នោះ​ផង។

ក៏​ប៉ុន្តែ​ពលរដ្ឋ​នៃ​ប្រទេស ៥ នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ បាន​បន្ទោស​ដល់​ប្រទេស​ចិន និង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ធំ​ៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​ហូរ​កាត់​តាម​ខេត្ត​យូណាន់​របស់​ចិន ហូរ​ចាក់​មក​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ដែល​មាន​កម្ពុជា​ផង​នោះ ហើយ​ប្រទេស​ចិន​មិន​មែន​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ផង​ទេ៕