ចិន​គ្រោង​សង់​រោងចក្រ​ស្លដែក​នៅ​ខេត្ត​ព្រះវិហារ

ក្រុមហ៊ុន​ចិន​២ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​គម្រោង​កម្មវិធី​សង់​រោងចក្រ​ស្លដែក​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នៅ​ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ ហើយ​នឹង​បញ្ចប់​ក្នុង​រយៈពេល ៤​ឆ្នាំ។

ក្រុមហ៊ុន​ចិន ទាំង​២​នោះ គឺ​ក្រុមហ៊ុន ឆាយណា រ៉េលវ៉េ ហ្គ្រុប (China Railway Group) និង​ក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អែន ស្ទៀល ម៉ាញនីង អ៊ិនដាស់ស្រ្ទី គ្រុប (Cambodia Iron & Steel Mining Industry Group)។ គម្រោង​សាងសង់​រោងចក្រ​ស្លដែក​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ៩.៦០០​លាន​ដុល្លារ​អាមេរិក និង​អាច​ផលិត​ដែក​ថែប​បាន​ជាង ១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​រយៈពេល ៣​ឆ្នាំ​ដំបូង។

គ្រោង​ការ​នេះ គឺ​ស្ថិត​ក្នុង​គម្រោង​វិនិយោគទុន​របស់​ចិន ដែល​មាន​ទឹក​ប្រាក់​សរុប ១១​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចុះ​ហត្ថលេខា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ សម្រាប់​សង់​ផ្លូវ​រថភ្លើង​ថ្មី​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ទីភ្នាក់ងារ​ព័ត៌មាន​រយធឺ (Reuters) រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដក​ស្រង់​សម្ដី​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អែន ស្ទៀល ម៉ាញនីង អ៊ិនដាស់ស្រ្ទី គ្រុប ដែល​គូស​បញ្ជាក់​ថា នៅ​ស្រុក​រវៀង មាន​ធនធាន​រ៉ែ​លោហៈ​ច្រើន​កន្លែង​ណាស់ ដែល​មាន​គុណភាព​ល្អ​កម្រ​មាន សូម្បី​តែ​នៅ​ស្រុក​ចិន ក៏​ពុំ​មាន​រ៉ែ​ប្រភេទ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។