សមាគម​គ្រូ​បង្រៀន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ពន្យល់​រឿង​ដំឡើង​ប្រាក់​ខែ​គ្រូ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ពន្យល់​ពី​ការ​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន សម្រាប់​ឆ្នាំ​២០១៣។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​ធ្នូ អោយ​ដឹង​ថា កន្លង​មក​មាន​លេច​ឮ​ព័ត៌មាន​មិន​ច្បាស់​លាស់​ពី​គម្រោង​ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូបង្រៀន​នៅ​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ដំឡើង​ប្រាក់​ខែ​ប្រាកដ​មែន រដ្ឋាភិបាល​គួរ​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អោយ​គ្រូបង្រៀន​បាន​ដឹង និង​អស់​ចម្ងល់៖ «មាន​អ្នក​នាំ​ពាក្យ ក៏​ដូចជា​នាយករដ្ឋមន្ត្រី​ថា អត់​មាន​លុយ​អត់​មាន​អី​ទេ​គ្មាន​ថវិកា​ណា​ដំឡើង​ទេ។ ប៉ុន្តែ​ក្រោយ​មក​គឺ​យើង​បាន​ទាមទារ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា បន្ទាប់​មក​ឃើញ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា នឹង​ដំឡើង ២០​ភាគរយ នៃ​ប្រាក់ខែ​គោល។ តែ​យើង​មើល​ខ្ទង់​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់រំ​ហ្នឹង ហាក់​ដូច​ជា​ពុំ​មាន​ការ​កើន​ឡើង​នៅ​ខ្ទង់​ចំណាយ​ប្រាក់​បៀវត្ស​គ្រូបង្រៀន»

ស្របគ្នា​នេះ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ជំរុញ​អោយ​រដ្ឋាភិបាល​ពិចារណា​បើក​ប្រាក់​ខែ​គ្រូបង្រៀន​តាម​រយៈ​សេវាកម្ម​ធនាគារ ដែល​មាន​សាខា​ដល់​មូលដ្ឋាន ដើម្បី​ចៀសវាង​ការ​បើក​ប្រាក់​យឺត​យ៉ាវ និង​ការ​កេងប្រវ័ញ្ច​ដោយ​ប្រការ​ផ្សេងៗ។

នៅ​ក្នុង​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រាក់​ចំនួន ៣.១០០​លាន​ដុល្លារ។ ក្នុង​នោះ​ក្រសួង​អប់រំ​គ្រោង​នឹង​ចំណាយ ១.១១៩.៥៦៦​លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ ២៨០​លាន​ដុល្លារ ស្មើ​នឹង ១៥,៥​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប និង​កើន​ឡើង ១១,១​ភាគរយ ប្រៀបធៀប​នឹង​ថវិកា​ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។