មន្ត្រី​រាជការ​នៅ​តាកែវ​បើក​ប្រាក់​ខែ​យឺត

មន្ត្រី​​រាជការ​ក្នុង​ខេត្ត​តាកែវ មួយ​ចំនួន មាន​ទាំង​អ្នក​កំពុង​ធ្វើ​ការ និង​អ្នក​​ចូល​និវត្តន៍ មិន​ទាន់​បាន​បើក​ប្រាក់​ខែ​សម្រាប់​ខែ​មករា និង​ខែ​កុម្ភៈ នៅ​ក្នុង​ឆ្នាំ​២០១២ នេះ​នៅ​ឡើយ​ទេ។

0:00 / 0:00

មន្ត្រី​សង្គមកិច្ច​ស្រុក​អង្គរបុរី បាន​ប្រាប់​ដែរ​ថា ក្នុង​ស្រុក​អង្គរបុរី មាន​តែ​មន្ត្រី​ប៉ូលិស និង​គ្រូ​បង្រៀន ដែល​កំពុង​ធ្វើ​នោះ​ទេ បាន​បើក​ប្រាក់​ខែ​បាន​រាល់​ខែ។ ក្រៅ​ពី​នោះ​ទាំង​អ្នក​ចូល​និវត្តន៍ និង​អ្នក​កំពុង​ធ្វើ​ការ​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​ទាំង​អស់​គ្នា។

មន្ត្រី​ចូល​និវត្តន៍​នៅ​ស្រុក​​អង្គរបុរី ខេត្ត​តាកែវ ត្អូញ​ថា ប្រាក់​សោធន​និវត្តន៍​របស់​ពួក​គាត់ មន្ត្រី​សង្គមកិច្ច​មិន​បាន​បើក​ឲ្យ​តាំង​ពី​ចូល​ឆ្នាំ​២០១២ មក។

អតីត​បុគ្គលិក​មួយ​រូប​អះអាង​ថា គាត់​បាន​ធ្វើ​ការ ៣០​ឆ្នាំ ក្នុង​ស្រុក​អង្គរបុរី។ នៅ​ពេល​ចូល​និវត្តន៍ រដ្ឋ​ផ្ដល់​ឲ្យ​តែ​ជាង ២៨​ម៉ឺន​រៀល​ទេ។ ចំពោះ​ប្រាក់​ខែ​កូន រដ្ឋ​ផ្ដល់​ឲ្យ​ម្នាក់ ៥​ពាន់​រៀល ក៏​គេ​ផ្ដាច់​អស់​ដែរ គឺ​រដ្ឋ​ចិញ្ចឹម​តែ​គាត់​ម្នាក់។ ហេតុ​នេះ​ប្រាក់ ២៨​ម៉ឺន​រៀល​ជាង​នោះ វា​សំខាន់​ណាស់​សម្រាប់​គាត់​ជា​ចាស់​ជរា សម្រាប់​យក​មក​ទិញ​ស្បៀង​ចិញ្ចឹម​ជីវិត ព្រោះ​គាត់​ខ្វះ​កម្លាំង​ដើរ​រក​ស៊ី។ ប៉ុន្តែ ២​ខែ​មក​ហើយ ប្រាក់​នោះ​មន្ត្រី​សង្គមកិច្ច​មិន​ទាន់​បើក​ឲ្យ​ទេ៖ «ថ្ងៃ​៥ (មីនា) ហើយ​មក​ដល់​ថ្ងៃ​នេះ មិន​ទាន់​មាន​បើក​អី ១​រៀល​ទេ។ តេ (ទូរស័ព្ទ) សួរ​ទៅ ចេះ​តែ​ថា ទេ​មិន​ទាន់​បាន​បើកៗ ឥឡូវ ២​ខែ​ហើយ មិន​ដឹង​ជា​រឿង​នោះ​យ៉ាង​ម៉េច​បាន​ជា​មិន​ទាន់​បើក​ឲ្យ​ពួក​មន្ត្រី​សោធន​និវត្តន៍​ហ្នឹង ចាស់​ជរា​ធ្វើ​ការ​ម្នាក់ៗ ២០-​៣០​ឆ្នាំ ហើយ​ដល់​បាន​ប្រាក់​ខែ​បន្តិច​បន្តួច​ហ្នឹង អត់​បើក​ឲ្យ​គាត់​ដោះ​ស្រាយ​ក្នុង​ជីវភាព​រស់​នៅ»

អតីត​បុគ្គលិក​មួយ​រូប​ទៀត​ទើប​ចូល​និវត្តន៍​ឆ្នាំ​២០១០ សុំ​មិន​ប្រាប់​ឈ្មោះ​ដែរ​បាន​អះអាង​ថា គាត់​បាន​ធ្វើ​ការ​ចំនួន ២៣​ឆ្នាំ​ហើយ រដ្ឋ​ក៏​ឲ្យ​ចូល​និវត្តន៍។ លោក​ថា ប្រាក់​សោធន​និវត្តន៍​របស់​គាត់​ទទួល​បាន​តែ ១២​ម៉ឺន​រៀល​ទេ។ ប្រាក់​នោះ​ត្រូវ​មន្ត្រី​គណនេយ្យ​បាន​កាត់​យក​មួយ​ខែ ៤​ពាន់​រៀល​ទៀត។ ប្រាក់​នៅ​សល់​គាត់​មិន​អាច​ទិញ​អង្ករ​បាន ៥០​គីឡូក្រាម​ផង ប៉ុន្តែ​គាត់​មិន​តូច​ចិត្ត​ទេ ព្រោះ​គាត់​ចូល​ធ្វើ​ការ​មាន​ឋានៈ​ទាប គាត់​សុំ​ឲ្យ​តែ​បើក​ប្រាក់​សោធន​និវត្តន៍​នោះ​ទៀងទាត់​រាល់​ខែ។

អតីត​បុគ្គលិក​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ដល់​ឥឡូវ​នេះ​ប្រាក់​ខែ​វា​បាត់ ២​ខែ​ហើយ វា​ចូល​ដល់​ថ្ងៃ​ទី​៥ ថ្ងៃ​នេះ​វា​អត់​ទាន់​បាន​បើក។ ខ្ញុំ​ឆ្ងល់​គេ​ឲ្យ​កូន​សៀវភៅ​មក ហើយ​មន្ត្រី​សង្គមកិច្ច​អ្នក​បើក​ប្រាក់​ខែ​ហ្នឹង គេ​ដក​យក​ទុក​សំរាប់​ចុះ​លុយ។ គេ​កាត់​លុយ ៤​ពាន់​ក្នុង ១​ខែ គេ​កត់​បញ្ចូល​ក្នុង​សៀវភៅ​គ្រប់​ចំនួន វា​អយុត្តិធម៌​ណាស់ ព្រោះ​កាត់​មនុស្ស​ច្រើន​ស្រុក​អង្គរបុរី។ ដល់​អ៊ីចឹង​ម្នាក់ ៤​ពាន់​វា​ច្រើន​ពេក សុំ​ឲ្យ​គាត់​កាត់​បន្តិចបន្តួច​អី​បាន​ហើយ កុំ​កាត់​អី​ម្លឹងៗ​ពេក។ សុំ​ឲ្យ​ខាង​សង្គមកិច្ច​ហ្នឹង​មេត្តា​អនុគ្រោះ​ដល់​អ្នក​ចូល​និវត្តន៍​ផង ព្រោះ​គ្នា​បាន​ប្រាក់​ខែ​បន្តិចបន្តួច ខ្លះ ៤​ម៉ឺន ១០​ម៉ឺន​ជាង ខ្លះ ២០​ម៉ឺន​ជាង​តិចតួច​អ៊ីចឹង ហើយ​បើ​កាត់​រាល់​តែ​ខែ​អ៊ីចឹង ដូច​រំលែក​ទៅ​ចិញ្ចឹម​ប្រពន្ធ​កូន​គេ​ខាង​ហ្នុង​ច្រើន​ណាស់»

មន្ត្រី​សង្គមកិច្ច​ស្រុក​អង្គរបុរី លោក វើក សម្បត្តិ បាន​ថ្លែង​ថា អ្នក​ចូល​និវត្តន៍​នៅ​ស្រុក​អង្គរបុរី មាន​តែ​ឈ្មោះ ៦៧​នាក់​ទេ។ ចំពោះ​ការ​យឺតយ៉ាវ​បើក​ប្រាក់​ជូន​ជន​ចូល​និវត្តន៍ ពីព្រោះ​សាលា​ខេត្ត​តាកែវ មិន​ទាន់​ប្រាប់​ពួក​គាត់​ឲ្យ​ទៅ​បើក​ប្រាក់​នោះ។ លោក​បន្ថែម​ថា មិន​ថា​មន្ត្រី​រាជការ​ចូល​និវត្តន៍​ទេ ដែល​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ចំនួន ២​ខែ​ក្នុង​ឆ្នាំ​២០១២។ អ្នក​កំពុង​ធ្វើ​ការ​ក្នុង​ស្រុក​អង្គរបុរី ទាំង​អស់ ក្រៅ​ពី​ប៉ូលិស និង​គ្រូ​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​មករា និង​កុម្ភៈ សំរាប់​ឆ្នាំ​២០១២ ទាំង​អស់​គ្នា៖ «ហ្នឹង​មក​ពី​ខាង​ថ្នាក់​ខេត្ត​អត់​ទាន់​ហៅ​ខាង​ស្រុក​ទៅ​បើក​ទូទាំង​ខេត្ត​តាកែវ អត់​ទាន់​មាន»

ពាក់ព័ន្ធ​បញ្ហា​លើក​ឡើង​នេះ វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​រដ្ឋបាល​សាលា​ខេត្ត​តាកែវ តែ​មិន​អាច​ទាក់ទង​ជំរាប​សួរ​ព័ត៌មាន​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​មីនា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។