ស្ថានីយផលិតទឹកស្អាតមួយដែលសាងសង់នៅក្នុងបឹងទន្លេសាប សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបជាជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា យូ.អេស.អេ.អាយ.ឌី (USAID) បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយបច្ចុប្បន្នកំពុងផ្ដល់សេវាឲ្យប្រជានេសាទជាង ២ពាន់នាក់ ដែលធ្លាប់តែប្រើប្រាស់ទឹកកខ្វក់ក្នុងការរស់នៅប្រចាំថ្ងៃទីនោះ។
លោកវេជ្ជបណ្ឌិត ថាច់ លីខាន់ អ្នកសម្របសម្រួលរបស់អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ ដែលហៅកាត់ថា RACHA ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ស្ថានីយផលិតទឹកស្អាតសហគមន៍ចុងឃ្នៀស បានចាប់ផ្ដើមសាងសង់តាំងពីខែកក្កដា ឆ្នាំ២០០៩ ដោយអង្គការ RACHA ក្រោមជំនួយពី USAID ដោយចំណាយអស់ទឹកប្រាក់ជាង ៨ម៉ឺនដុល្លារអាមរិក។
លោក ហ្វ្លាយអិន ហ្វូល្ល័រ (Flynn Fuller) តំណាង USAID ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងទន្លេសាប បានដងទឹកកខ្វក់មកប្រើប្រាស់ ដែលជាប្រភពនាំឲ្យកើតជំងឺផ្សេងៗ និងជាពិសេសជំងឺរាករូស។ លោកបានមានប្រសាសន៍ទៀតថា ការយកចិត្តទុកដាក់បំបាត់ជំងឺរាករូស គឺជាគោលដៅសហសវត្សរ៍ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ និងកាត់បន្ថយអត្រាមរណៈទៅលើកុមារអាយុក្រោម ៥ឆ្នាំត្រឹមឆ្នាំ២០១៥ នៅកម្ពុជា ដែលជាការចាំបាច់ USAID និងអង្គការ RACHA បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល បង្កើតស្ថានីយផ្គត់ផ្គង់ទឹកស្អាតនោះឡើង។
លោក ហ្វ្លាយអិន ហ្វូល្ល័រ មានប្រសាសន៍ដូច្នេះ ៖ "ស្ថានីយទឹកស្អាតនេះ បានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ២០០៩ ដែលពេលនេះបានដំណើរការពេញលក្ខណៈ ហើយអាចផលិតទឹកស្អាតបានជាង ៧ពាន់លីត្រក្នុង១ថ្ងៃ។ មានប្រជាពលរដ្ឋជាង ២ពាន់នាក់ កំពុងប្រើប្រាស់ទឹកស្អាតនេះ។ ការផ្គត់ផ្គង់ទឹកស្អាតទៅឲ្យអ្នកភូមិ គឺចំណុះ ២០លីត្រ ត្រូវបានលក់ក្នុងតម្លៃ ៥០០រៀលប៉ុណ្ណោះ ចំណែកឯតាមសាលារៀន និងកន្លែងមណ្ឌលសុខភាពផ្សេងៗទៀត គឺចែកជូនដោយឥតគិតថ្លៃ"។
ទោះយ៉ាងណា លោក ហ្វ្លាយអិន ហ្វូល្ល័រ បានមានប្រសាសន៍ថា ស្ថានីយផលិតទឹកស្អាតនៅសង្កាត់ចុងឃ្នៀសនោះ មិនទាន់អាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ បានទាំងអស់នៅឡើយទេ គឺការផ្គត់ផ្គង់បានត្រឹមតែ ៦០% នៃចំនួនប្រជាពលរដ្ឋរស់នៅតំបន់ចុងឃ្នៀសប៉ុណ្ណោះ។
ប្រជានេសាទមួយចំនួនដែលធ្លាប់តែរស់នៅលើផ្ទៃទឹកទន្លេសាប ហើយដងទឹកទន្លេកខ្វក់យកមកចម្អិនម្ហូប និងផឹកប្រចាំថ្ងៃ បាននិយាយថា គេមានការត្រេកអរនៅពេលដែលមានស្ថានីយទឹកស្អាតនៅក្នុងតំបន់ពួកគេរស់នៅ។
លោក ម៉ាត ឡុះ បានមានប្រសាសន៍យ៉ាងដូច្នេះ ៖ «អ្នកដែលក្រីក្រនោះដួសទឹកនៅទន្លេសុទ្ធមកកូរសាជូរហូប។ បើតាចាស់ៗគាត់ដាំទឹកតែផឹក បើថា យើងធម្មតាហ្នឹងអត់មានពិបាកដាំទេ យកមកហូបបណ្ដោយ។ វាមានផលលំបាកឈឺស្កាត់ (តែ)ធ្វើម៉េចអ្នកក្រហើយចេះតែទ្រាំទៅ ខ្លះក៏ឈឺពោះទៅ។ ខ្ញុំរីករាយដែរ អ្នកដែលបង្កើតអរគុណ។ តម្លៃសមរម្យដែរ អាប៊ីដុងចណុះ ៦០លីត្រហ្នឹង គេយកយើងតែ ១.៥០០រៀលទេ»។
លោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា តាមការសិក្សា បង្ហាញឲ្យឃើញថា ការប្រើប្រាស់ទឹកមិនស្អាតធ្វើឲ្យមនុស្សទូទៅកើតជំងឺរាករូស រលាកថ្លើម ពោះវៀន សត្វល្អិតក្នុងពោះវៀន ដែលធ្វើឲ្យមានផលវិបាកផ្សេងៗ ហើយនៅប្រទេសកម្ពុជា ត្រូវបានគេដឹងថា ៧៤% នៃអ្នកដែលស្លាប់ គឺបណ្ដាលមកពីជំងឺនៃការប្រើប្រាស់ទឹកមិនស្អាត៕
