អាជ្ញាធរ​ខេត្ត​សៀមរាប​មិន​ទាន់​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង

0:00 / 0:00

សកម្មជន​បក្ស​ប្រឆាំង​នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​មុខ​សរសេរ​​លិខិត​អនាមិក​គំរាម​សម្លាប់​កាត់​ក្បាល​ជាង ១​ខែ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​សមត្ថកិច្ច​ខេត្ត​នៅ​មិន​ទាន់​ស្រាវជ្រាវ​ករណី​នេះ​នៅ​ឡើយ​ទេ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ការ​គំរាម​កំហែង​សម្លាប់ បើ​ទោះ​បី​ជា​អ្នក​គំរាម​បាន​ប្រព្រឹត្តិ​ ឬ​ក៏​មិន​បាន​ប្រព្រឹត្ត​ក៏ដោយ ក៏​​អាច​ប្រឈម​មុខ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ដែរ។

​បុរស​ម្នាក់​រស់​នៅ​ភូមិ​ដីក្រហម ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​របស់​គាត់។

ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់ពី​គាត់​បាន​ទទួល​ខិត្តប័ណ្ណ ២​សន្លឹក ដែល​ជន​មិន​ស្គាល់​មុខ​សរសេរ​ប្លុង​ចោល​នៅ​នឹង​ទូក ហើយ​គំរាម​សម្លាប់​និង​កាត់​ក្បាល​របស់​គាត់។

លោក ហុង ណាក់ អាយុ ៣៤​ឆ្នាំ គឺ​ជា​សមាជិក​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង។ គាត់​អះអាង​ថា កាល​ពី​ជាង ១​ខែ​មុន គាត់​បាន​ប្រទះ​ឃើញ​ខិត្តប័ណ្ណ​ចំនួន ២​សន្លឹក ដែល​ជន​មិន​ស្គាល់​មុខ​បាន​សរសេរ​គំរាម​សម្លាប់​គាត់ ហើយ​គាត់​ក៏​បាន​យក​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្តិ៍​ទី​នោះ ក៏ប៉ុន្តែ​ហាក់​មិន​មាន​ចំណាត់​ការ​អ្វី​ទេ។ លោក ហុង ណាក់ បញ្ជាក់​ទៀត​ថា ខិត្តប័ណ្ណ​​ដែល​គំរាម​សម្លាប់​លោក​នោះ គឺ​បន្ទាប់​ពី​លោក​បាន​ផ្ដល់​សម្ភាសន៍​ឱ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ជុំវិញ​បញ្ហា​ដែល​មិន​ចង់​ចាក​ចេញ​ពី​ទឹកដី​ឃុំ​កំពង់ភ្លុក ទៅ​រស់​នៅ​ដី​ថ្មី​ដែល​អាជ្ញាធរ​រៀបចំ​ចែក​ឱ្យ​នៅ​ស្រុក​ស្វាយលើ នោះ​ទេ។

កាល​ណោះ លោក ហុង ណាក់ ក៏​រិះគន់​ទៅ​លើ​អាជ្ញាធរ​ឃុំ​កំពង់ភ្លុក ដែល​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ ១​គ្រួសារ​ត្រូវ​បង់​ប្រាក់ ២០​ម៉ឺន​រៀល ដើម្បី​បាន​ដី​នៅ​ស្វាយលើ នោះ​ដែរ។ លោក ហុង ណាក់ ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​សម្លាប់​រូប​លោក​នេះ ដោយ​ថា តើ​ឱ្យ​រូប​លោក​និង​ក្រុម​គ្រួសារ​ទៅ​រស់​នៅ​ទី​ណា?

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ វិទ្យុ​អាស៊ីសេរី ទទួល​បាន​ខិត្តប័ណ្ណ​ចំនួន ២​សន្លឹក ដែល​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​លោក ហុង ណាក់ នោះ បាន​សរសេរ​លើ​ក្រដាស​ពីរ​ពណ៌​ផ្សេង​គ្នា។ លិខិត​ដែល​សរសេរ​លើ​ក្រដាស​ពណ៌​បៃតង​ខ្ចី​បាន​សួរ​ថា៖ "តើ ហុង ណាក់ មាន​ក្បាល​២ ឬ​ក៏ ៣ បាន​ជា​ថ្លើម​ធំ​ម្ល៉េះ? ទូក​ទៅ​កំពង់​នៅ។ តើ​ខ្នង​អា​ឯង​ប៉ុណ្ណា?” នៅ​ក្នុង​លិខិត​ដដែល​នោះ ក៏​មាន​គូរ​រូប​មនុស្ស​ហើយ​កាត់​ក​ដែរ។ លិខិត​មួយ​ទៀត គឺ​សរសេរ​នៅ​លើ​ក្រដាស​ដែល​ព្រមាន​ថា៖ "ឈ្មោះ ហុង ណាក់ កុំ​ព្រហើន​ពេក តើ​ចង់​ស្លាប់ ឬ​ក៏​ចង់​ដាច់​ក្បាល​ពី​ស្មា?”។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ភ្លុក ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជន​មិន​ស្គាល់​មុខ​បាន​សរសេរ​ខិត្តប័ណ្ណ​បោះ​គំរាម​សម្លាប់​បុរស​ឈ្មោះ ហុង ណាក់ នោះ​មែន។

ខិត្តប័ណ្ណ​ដែល​ជន​មិន​ស្គាល់​មុខ​សរសេរ​ដោយ​ដៃ​គំរាម​សម្លាប់​និង​កាត់​ក្បាល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៤
ខិត្តប័ណ្ណ​ដែល​ជន​មិន​ស្គាល់​មុខ​សរសេរ​ដោយ​ដៃ​គំរាម​សម្លាប់​និង​កាត់​ក្បាល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៤ (RFA/Hang Savyouth)

មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ភ្លុក លោក លី សុខ មាន​ប្រសាសន៍​ថា លោក​បាន​ពិនិត្យ​មើល​ខិត្តប័ណ្ណ​ទាំង​ពីរ​សន្លឹក​នោះ នៅ​ពេល​ដែល​បុរស​ឈ្មោះ ហុង ណាក់ យក​ទៅ​បង្ហាញ។ លោក​មេ​ប៉ុស្តិ៍​នគរបាល​ឱ្យ​ដឹង​ថា លោក​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ករណី​នេះ​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ហើយ ចំណែក​ចំណាត់​ការ​ផ្សេង​ទៀត គឺ​លោក​កំពុងតែ​ពិបាក​ស្រាវជ្រាវ ដោយសារ​មិន​ស្គាល់​មុខ​ជន​ដែល​គំរាម​តាម​លិខិត​នោះ​ជា​អ្នក​ណា។

ទោះ​យ៉ាង​ណា​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល កំពង់ភ្លុក មិន​ហ៊ាន​កំណត់​ថា ករណី​គំរាមកំហែង​នោះ​តើ​បណ្ដាល​មក​ពី​ការ​រិះគន់​រឿង​ដីធ្លី ឬ​ក៏​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ពីព្រោះ​ឈ្មោះ ហុង ណាក់ គឺ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ជុំវិញ​ករណី​គំរាម​សម្លាប់​នៅ​ឃុំ​កំពង់ឃ្លាំង នោះ​នៅ​ឡើយ​ទេ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សួស ណារិន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាងណា​លោក សួស ណារិន ពន្យល់​ថា ប្រសិនបើ​មាន​ករណី​គំរាម​សម្លាប់​ដូច្នេះ​មែន គឺ​ជា​បទល្មើស​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ៖ «សង្គម​ស៊ីវិល​ចាត់​ទុក​ថា នោះ​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ហើយ»

ចំណែក​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ បាន​ហៅ​ការ​ប្រើ​ហិង្សា​គ្រប់​រូបភាព មិន​មែន​ជា​មធ្យោបាយ​នៃ​ការ​ដោះស្រាយ​បញ្ហា​ទេ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​បង្កើត​ឱ្យ​មាន​ការ​ស្អប់​និង​គុំកួន​គ្នា​នៅ​ក្នុង​សហគមន៍៖ «ដំណាក់កាល​នេះ គឺ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ជ្រើសរើស​យក​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​វិវាទ​នានា​ទៅ​ហើយ»

លោក ហុង ណាក់ ឱ្យ​ដឹង​ថា ក្រៅ​តែ​ពី​មាន​លិខិត​គំរាម​សម្លាប់​រូប​លោក គឺ​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ នៅ​ឃុំ​កំពង់ភ្លុក ព្យាយាម​តាម​គាបសង្កត់ និង​ប្រើ​ហិង្សា​លើ​រូប​គាត់។

លោក ហុង ណាក់ អះអាង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ឈ្មោះ ឈុន ផុស បាន​គំរាម​និង​ទាត់​រូប​គាត់ ២​ជើង ដោយសារ​តែ​លោក​រិះគន់​អំពី​រឿង​នេសាទ​ត្រី​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប កំពុង​កើន​ឡើង​ដោយ​គ្មាន​អាជ្ញាធរ​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។