លោកបានបន្តថា កាំភ្លើងនោះម៉ាកអាកាបត់និងគ្រាប់មួយចំនួនទៀត ត្រូវបានលោក សៅ ប៊ុនឆន ជាមេឃុំត្រាង រក្សាទុកអស់រយៈពេលជិតមួយឆ្នាំមកហើយ ៖ «កាំភ្លើងហ្នឹងខ្ញុំដកហើយ ហើយខ្ញុំបញ្ជូនទៅអធិការស្រុកកំរៀង។ [បើគិតតាម]ច្បាប់ វាខុសហើយ»។
ការដកកាំភ្លើងពីលោក សៅ ប៊ុនឆន មេឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០០៨ បន្ទាប់ពីនគរបាលប៉ុស្តិ៍ឃុំត្រាង បានទទួលសេចក្តីរាយការណ៍ពីសមាជិកក្រុមប្រឹក្សាឃុំត្រាងថា លោក សៅ ប៊ុនឆន ជាមេឃុំមានលាក់អាវុធនៅក្នុងផ្ទះរបស់ខ្លួនដោយមិនមានច្បាប់អនុញ្ញាត។
លោក សៅ ប៊ុន ឆន មេឃុំតា្រង មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីមូលហេតុនិងគោលបំណងនៃការលាក់អាវុធនៅក្នុងផ្ទះរបស់លោកនោះទេ ដោយទូរស័ព្ទរបស់លោកមិនដំណើរការ។
លោក យូ សុខន ជំទប់ទី២នៃឃុំត្រាងបានថ្លែងថា តាមផ្លូវច្បាប់ រាល់ក្រុមប្រឹក្សាឃុំសង្កាត់គ្រប់រូបមិនមានសិទ្ធិរក្សាអាវុធទុកនៅក្នុងផ្ទះនោះទេ ចំណែកលោក សៅ ប៊ុនឆន កន្លងមក ធ្លាប់ធ្វើការផ្សព្វផ្សាយជាមួយអង្គការអំពីការដកហូតអាវុធ ហើយប្តូរយកការអភិវឌ្ឍនៅក្នុងមូលដ្ឋានវិញ ៖ «ហេតុអ្វី បានជាការផ្សព្វផ្សាយជាមួយអង្គការជេសាក់ ផ្សព្វផ្សាយថា ដកអាវុធដើម្បីដូរយកការអភិវឌ្ឍ ផ្ទុយទៅវិញ លោក សៅ ប៊ុនឆន មេឃុំត្រាង លាក់អាវុធទុក មិនដឹងគាត់មានគំនិតអីដើម្បីទុកអាវុធនេះ»។
លោក ឈឹម ប៊ុនហុង អធិការប៉ូលិសស្រុកកំរៀង ខេត្តបាត់ដំបង បានថ្លែងថា ការលាក់អាវុធទុករបស់លោកមេឃុំ គឺជាការខុសច្បាប់។ លោកបន្តថា លោកនឹងបើកការស្រាវជ្រាវថាតើកាំភ្លើងនោះ លោកមេឃុំ សៅ ប៊ុនឆន បានមកពីណា ៖ «វាខុសហើយ តាមពិតយើងលាក់អាវុធលាក់អី ខ្ញុំកំពុងឲ្យស្រាវជ្រាវរឿងហ្នឹង តើគាត់បានកាំភ្លើងមកពីណា?»។
លោក ហេង សាយហុង មន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូប្រចាំខេត្តបាត់ដំបងបានថ្លែងថា ការលាក់ទុកអាវុធរបស់លោកមេឃុំចាំបាច់ត្រូវធ្វើការស្រាវជ្រាវឲ្យបានម៉ត់ចត់និងចាត់វិធានការទៅតាមផ្លូវច្បាប់ ៖ «មេឃុំអត់មានសិទ្ធិប្រើប្រាស់អាវុធទេ ព្រោះអាវុធជាតិផ្ទុះទាំងអស់ វាត្រូវគ្រប់គ្រងដោយប៉ូលិស បើសិនអ្នកណាចង់ប្រើយ៉ាងម៉េចត្រូវមានការចុះបញ្ជីឲ្យបានត្រឹមត្រូវពីប៉ូលិស»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅថ្មីៗនេះ នគរបាលស្រុកសំពៅលូន បានចាប់ខ្លួនបុរសពីរនាក់ បញ្ជូនមកឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង បន្ទាប់ពីរកឃើញថា បុរសទាំងពីរនាក់នោះបានលាក់អាវុធម៉ាកសេកាសេមួយដើមដោយខុសច្បាប់។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋមួយចំនួន បានអះអាងថា ពួកគេរង់ចាំមើលថាតើករណីលាក់អាវុធរបស់លោកមេឃុំនេះ អាជ្ញាធរប៉ូលិសនឹងចាត់វិធានការទៅតាមផ្លូវច្បាប់បែបណា៕
