មេ​ឃុំ​នៅ​ស្ទឹងត្រែង​លាលែង​ពី​តួនាទី​បន្ទាប់​ពី​រង​ការ​ចោទ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

0:00 / 0:00

មេ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លាលែង​ពី​តួនាទី បន្ទាប់ពី​រង​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​រស់​នៅ​ភូមិ​កាំងចាម កត់សម្គាល់​ថា មេ​ឃុំ​កាំងចាម ប្រកប​របរ​អាជីវកម្ម​ឈើ​ប្រណិត​តាំង​ពី​មិន​ទាន់​មាន​តំណែង​ជា​មេឃុំ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ យ៉ាង​នេះ​ក្ដី​មេ​ឃុំ រូប​នោះ​បដិសេធ​ថា ការ​លាលែង​របស់​លោក គឺ​ពុំ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

មេ​ឃុំ​កាំងចាម លោក ឃឹម សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា ការ​សម្រេច​ចិត្ត​សុំ​លាលែង​ពី​តំណែង ដោយសារ​តែ​មន្ត្រី​ថ្នាក់ក្រោម​មិន​ពេញចិត្ត​ចំពោះ​ការងារ​របស់​លោក​ជា​មេឃុំ។ លោក​បញ្ជាក់​ថា លោក​បាន​ធ្វើ​លិខិត​សុំ​លាលែង​ពី​តំណែង​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៥ រហូត​មក​ដល់​សព្វ​ថ្ងៃ​នៅ​មិន​ទាន់​សម្រេច​ពី​អាជ្ញាធរ​ខេត្ត​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ?

តែ​ទោះ​យ៉ាង​ណា​លោក​ប្ដេជ្ញា​ថា នឹង​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា។ ចំណែក​ករណី​ចោទ​ប្រកាន់​ថា លោក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ លោក​បដិសេធ​ថា គឺ​ជា​ការ​មួលបង្កាច់ និង​ចោទ​ប្រកាន់​គ្មាន​ការពិត។ លោក​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក៖ «យើង​នៅ​ធ្វើការ​ជួប​នឹង​ឧបសគ្គ​ច្រើន​មហា​សែន​ច្រើន ជាមួយ​ប្រជាពលរដ្ឋ។ អ្វី​ដែល​យើង​ធ្វើ​មិន​សូវ​មាន​លទ្ធភាព​ផង​ មិន​គិត​ថា ស្ដាយ​ស្រណោះ​អី​ទេ»

​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​កាំងចាម កត់សម្គាល់​ថា ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​បំពេញ​តួនាទី​ជា​មេឃុំ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ប្រសិនបើ​មេ​ឃុំ​ពុំ​មាន​ឆន្ទៈ​បម្រើ​រាស្ត្រ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​ស្រប​ទៅ​នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល។

ពលរដ្ឋ​រស់​នៅ​ភូមិ​កាំងចាម ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា មេ​ឃុំ​កាំងចាម ធ្វើ​ជា​មេ​ឃុំ​ផង និង​កែច្នៃ​គ្រឿង​សង្ហា​រឹម​ខុស​ច្បាប់​ផង។ បន្ថែម​ពី​លើ​នេះ ពលរដ្ឋ​ភាគ​ច្រើន​សាទរ​ចំពោះ​ការ​លាលែង​ពី​តំណែង​របស់​មេ​ឃុំ ដោយ​ចាត់​ទុក​ថា មេ​ឃុំ​ធ្លាប់​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​ច្រើន​តែ ខឹង​ក្រោធ ហើយ​ការ​ខឹង​ក្រោធ​នេះ ជា​រឿយៗ​មិន​បាន​ទទួល​លទ្ធផល​ល្អ​ឡើយ ជា​កត្តា​ចម្បង​មិន​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ​ឡើយ៖ «ធ្វើ​អាជីវកម្ម​ធ្វើ​គេ​ច្រៀក​ធ្វើជា​តុ​កៅអី ខុស​ទាំង​ស្រុក​ក្នុង​ការ​ដឹកនាំ​ប្រជាពលរដ្ឋ​យើង​ធ្វើ​អ៊ីចឹង គឺ​យើង​មិន​អាច​ធ្វើ​ទៅ​រួច»

​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់​ឲ្យ​ដឹង​ថា លិខិត​ស្នើ​សុំ​របស់​មេឃុំ​ទាក់ទិន​ការ​លា​ឈប់​ពី​តំណែង អាជ្ញាធរ​ស្រុក​បាន​បញ្ជូន​ទៅ​គណៈ​អភិបាល​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​រួចរាល់​ហើយ ដូច្នេះ​អភិបាល​ខេត្ត​នឹង​ស៊ើប​អង្កេត​អំពី​មូលហេតុ​ជា​មុន​សិន។ បន្ថែម​ពី​លើ​នេះ​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ ក៏​ធ្លាប់​ផ្ញើ​លិខិត​ទៅ​គណៈ​អភិបាល​ខេត្ត​ទាក់ទិន​ភាព​ចន្លោះ​ប្រហោង​របស់​មេ​ឃុំ​កាំងចាម កាល​ពី​ដើម​ខែ​កក្កដា។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ លោក សួន ផុន កត់​សម្គាល់​ថា ចំណុច​សំខាន់​ដែល​បណ្ដាល​ឲ្យ​មាន​ការ​លាលែង​ពី​តំណែង ទាក់ទិន​រឿង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត កាល​ពី​ខែ​មេសា របស់​អតីត​មេ​ឃុំ​កាំងចាម ចេញ​ពី​វាលពោធិ៍ ភូមិ​អន្លង់ភេ មក​កាំងចាម ដែល​មាន​ការ​ស្តី​បន្ទោស​ខ្លាំងៗ ពី​អភិបាល​ស្រុក​ថ្មី​រហូត​ដល់​មាន​បញ្ហា​នេះ​កើត​ឡើង។

លោក​ថា អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ បាន​ផ្ញើ​លិខិត​ជូន​អាជ្ញាធរ​ខេត្ត​ទាក់ទិន​ការ​មិន​បំពេញ​តួនាទី​របស់​មេឃុំ​កាំងចាម រហូត​ដល់ ១០​ចំណុច ទាក់ទិន​ភាព​ខ្វះ​ចន្លោះ​របស់​មេ​ឃុំ​កាំងចាម៖ «ទាំង​ពី​មិន​បាន​មក​ប្រជុំ ទាំង​ពី​មិន​បាន​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មការ​ព្រឹទ្ធសភា ទាំង​ពី​ការ​មិន​ចូលរួម​ស្តាប់»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល លើក​ឡើង​ថា ករណី​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​របស់​អាជ្ញាធរ​ឃុំ​ថា ករណី​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​បញ្ហា​នេះ​បើ​រក​ឃើញ​ថា មេ​ឃុំ​កាំងចាម ពិត​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឈើ​ប្រណិត​ត្រូវ​ទទួល​ខុស​ត្រូវ។

លោក​បន្ត​ថា ការ​យក​តួនាទី​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ថា​បង្ក​ជា​គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​ពលរដ្ឋ ព្រម​ទាំង​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​មហាផ្ទៃ ទៀត​ផង៖ «ត្រូវ​តែ​មាន​មេ​ឃុំ​ជំនួស​មក​មួយ​ទៀត​សិន ដើម្បី​យើង​កុំ​ឲ្យ​វា​ពាក់ព័ន្ធ​ទៅ​នឹង​រដ្ឋបាល។ ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​ត្រូវ​មក​ពឹង​ពាក់​ឯកសារ​ស៊ីញ៉េ អីៗ​ ធ្វើ​ឲ្យ​គាត់​អសកម្ម»

​ភូមិ​កាំងចាម មាន ៥​ភូមិ គឺ​ភូមិ​កាំងចាម កាំងក្ងោក កំពង់ប៉ាង ភូមិ​កែស និង​ភូមិ​ដូង ហើយ​មាន​ពលរដ្ឋ​រស់​នៅ​ចំនួន​ជាង ៤​ពាន់​នាក់ ស្មើ​នឹង​ជាង ១.២០០​គ្រួសារ។ មួយ​វិញ​ទៀត ក្នុង​ឃុំ​នេះ​ពលរដ្ឋ​មាន​ដី​សម្រាប់​របរ​កសិកម្ម​តែ ២០​ភាគរយ​នោះ​ទេ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ដូច្នេះ​ពលរដ្ឋ​មួយ​ចំនួន​បាន​កាប់​រាន​ដី​ព្រៃ​យក​ដី​ធ្វើ​ជា​ដី​កសិកម្ម​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។