សេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃច័ន្ទ ទី៣០ ខែកក្កដា ចុះហត្ថលេខាដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ត្រូវមានវិធានការច្បាស់លាស់ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី បក្សពួកនិយម និងអំពើពុករលួយ ដែលកើតមានក្នុងថ្ងៃប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបឆ្នាំនេះ មានរយៈពេល ៣ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃច័ន្ទ ទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២។
លោក រ៉ុង ឈុន បានឲ្យដឹងថា ចំពោះការប្រព្រឹត្តទៅនៃការរៀបចំបែងចែកប្រធានមណ្ឌលគណៈកម្មការត្រួតពិនិត្យតាមអគារ គណៈកម្មការអនុរក្ស និងការគ្រប់គ្រងវិញ្ញាសាប្រឡងនាឆ្នាំកន្លងមក កើតមានភាពមិនប្រក្រតី និងអំពើពុករលួយតាមមណ្ឌលនីមួយៗជាច្រើនករណី។
ផ្ដើមពីកង្វល់នេះ លោកស្នើឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំត្រូវមានវិធានការឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ភាពអប់រំឲ្យបានប្រសើរឡើងវិញ។
លោក រ៉ុង ឈុន បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ត្រូវដាក់ពិន័យ និងផ្ដន្ទាទោសតាមច្បាប់ចំពោះមន្ត្រីដែលបានប្រព្រឹត្តបំពានលើសេចក្ដីណែនាំរបស់ក្រសួង ដើម្បីជំរុញឲ្យដំណើរការប្រឡងមានលក្ខណៈត្រឹមត្រូវ យុត្តិធ៌ម អាចជឿទុកចិត្ត ធានាបានគុណភាព និងប្រសិទ្ធភាពអប់រំខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។