លោក ឃឹង ឆេងហៀក អ្នកបើកបរតាក់ស៊ីបានមានប្រសាសន៍ថា ក្រុមអ្នករត់តាក់ស៊ី កាលពីថ្ងៃទី៧ ខែកុម្ភៈ បាននាំគ្នាដាក់ពាក្យប្តឹងទៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រកយុត្តិធម៌ចំពោះករណីបុគ្គលិកក្រុមហ៊ុនទារភាស៊ីផ្សារថ្មី វាយបំបែកស្តុបរថយន្តតាក់ស៊ីរបស់ពួកគេអស់ពីរគ្រឿង។
លោក ឃឹង ឆេងហៀក បានឲ្យដឹងថា ៖ «ពួកខ្ញុំដាក់ពាក្យបណ្តឹងទៅកន្លែងប៉ូលិស ប៉ុន្តែម្សិលម៉ិញថ្ងៃអាទិត្យ(៧ កុម្ភៈ) គេអត់បានដោះស្រាយ។ ទីមួយឲ្យសងស្តុបឡានហ្នឹង ហើយឲ្យបង់ក្នុងមួយថ្ងៃយើងរត់បានប៉ុន្មានឲ្យគេបង់ឲ្យប៉ុណ្ណឹង»។
លោកបន្តថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ រថយន្តតាក់ស៊ីពីរគ្រឿងបានដឹកអ្នកដំណើរចេញពីបេន ស្រាប់តែបុគ្គលិកក្រុមហ៊ុនដែលដាក់កុងត្រូលនៅចំណុចមួយក្នុងភូមិឯកភាព ចេញមកកាក់វាយបំបែកស្តុបរថយន្តទាំងពីរគ្រឿង ដោយចោទថា មិនព្រមបង់ថ្លៃបេនចំនួន៥.០០០រៀល។
លោក រួន រ៉ាត់ ម្ចាស់រថយន្តរងការខូចខាតបានរៀបរាប់បន្ថែមថា ៖ «អ្នកវ៉ៃឡានគឺម្ចាស់បេនទើបបង្កើតបានមួយអាទិត្យហ្នឹង មេវាអ្នកអង្គុយបញ្ជា កូនចៅម្នាក់ដែលកាក់ឡានវ៉ៃ។ វាបញ្ជាថា ថ្ងៃនេះវ៉ៃឡានថ្មពួកឲ្យបាន១០គ្រឿង។ ខ្ញុំដាក់ម៉ូយទៅ ខ្ញុំថា ខ្ញុំបត់ឈប់ឡានសិន ដល់ពេលខ្ញុំឈប់ឡានទៅស្រាប់តែវាមកវ៉ៃតែម្ដង»។
លោក យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក បានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីក្រុមអ្នករត់តាក់ស៊ី ប៉ុន្តែមិនទាន់មានការដោះស្រាយទេ ៖ «ស្រុកគាត់សំណូមពរថា ចាំថ្ងៃទី១០ នឹងធ្វើការដោះស្រាយដោយអញ្ជើញមន្ត្រីសាលាខេត្តឲ្យចូលរួមជាមួយ ព្រោះគេអ្នករៀបចំ ប៉ុន្តែបញ្ហានេះយើងនឹងធ្វើការដោះស្រាយ»។
លោក ភ្លន់ ចំរើន ម្ចាស់ក្រុមហ៊ុនទារភាស៊ីនៅផ្សារថ្មី មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីខាងលើនេះបានទេ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានរិះគន់ថា បុគ្គលិកក្រុមហ៊ុនបានប្រើអំពើហិង្សាវាយបំបែកស្តុបរថយន្តតាក់ស៊ី គឺជារឿងខុសច្បាប់។
នារយៈពេលកន្លងមក អ្នករត់តាក់ស៊ីបានបង់លុយប្រចាំខែ១៥.០០០រៀលឲ្យបេន ប៉ុន្តែក្រុមហ៊ុនដែលទើបចូលទៅកាន់កាប់កាលពីដើមខែកុម្ភៈនេះ បានទារលុយក្នុងឡានតាក់ស៊ីដឹកភ្ញៀងបានមួយជើងយកថ្លៃបេន៥.០០០រៀល។
ជាមួយនឹងការដាក់ពាក្យប្តឹង ក្រុមអ្នករត់តាក់ស៊ីជាង៥០នាក់បានព្រមានថា ពួកគេនឹងធ្វើការប្រឆាំងជំទាស់ទៅនឹងក្រុមហ៊ុនទារភាស៊ីនៅផ្សារថ្មីទៅអាជ្ញាធរស្រុកជាបន្តទៀត ដើម្បីស្នើឲ្យមានការបន្ឋូរបន្ថយការយកលុយថ្លៃបេនមកនៅត្រឹម២.០០០រៀលក្នុងតាក់ស៊ីមួយគ្រឿងៗ៕
