ប៉ូលិស​នៅ​កំពង់ឆ្នាំង​២​រូប​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង ២​រូប កំពុង​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​បាន​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដើម្បី​ជា​ថ្នូរ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ពាក្យ​បណ្ដឹង។
ដោយ មណ្ឌល កែវ
2013.03.06

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ សម ស្រីមុំ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៥ មីនា ថា មន្ត្រី​ប៉ូលិស​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ឆ្នាំង ម្នាក់​ឈ្មោះ ដា និង​ម្នាក់​ទៀត​ឈ្មោះ កាវ បាន​ទាមទារ​ប្រាក់​ពី​គាត់ ២០​ម៉ឺន​រៀល ដោយ​សន្យា​ថា នឹង​ជួយ​ចាត់​ការ​ពាក្យ​បណ្ដឹង​ឲ្យ​គាត់ តែ​លុះ​ទទួល​បាន​ប្រាក់​ហើយ​ប៉ូលិស​មិន​ព្រម​ចាត់ការ​ស៊ើប​អង្កេត​ទេ។

ស្ត្រី​អ្នក​ភូមិ​រូប​នេះ​ចោទ​ថា មន្ត្រី​ប៉ូលិស​ខាង​លើ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បោក​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ៖ «ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ឆ្នាំង ឈ្មោះ កាវ អ្នក​ចូល​យក​លុយ ឯ​ឈ្មោះ ដា ជា​អ្នក​ទូរស័ព្ទ​មក​ខ្ញុំ​ថា សុំ​លុយ​ចាក់​សាំង។ ខ្ញុំ​ក៏​ឲ្យ​ចូល​ទៅ​យក​ពី​ដន្លង​ខ្ញុំ ដែល​កំពុង​មើល​កូនប្រសា​ខ្ញុំ​ក្នុង​មន្ទីរពេទ្យ។ គេ​ថា យក​ទៅ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង។ ខ្ញុំ​ក៏​ប្រាប់​ដន្លង​ខ្ញុំ​ឲ្យ​គេ​ទៅ តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​តែ​ស្ងាត់​ឈឹង...»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ កន្លង​ទៅ មាន​ជម្លោះ​វាយតប់​គ្នា​ក្នុង​ពេល​រាំ​ធុងបាស​ក្នុង​ពិធី​បុណ្យ​ដារ​ភូមិ​មួយ នៅ​ក្នុង​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ ក្នុង​ជម្លោះ​នេះ​បាន​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​២ ឈ្មោះ រស់ វណ្ណា រង​របួស​ភ្នែក​ជា​ទម្ងន់​ក្នុង​ជម្លោះ​នេះ។ ម្ដាយ​ក្មេក​របស់​និស្សិត រស់ វណ្ណា គឺ​អ្នកស្រី សម ស្រីមុំ បាន​ឲ្យ​ដឹង​ថា របួស​កូនប្រសា​គាត់​អាច​បណ្ដាល​ឲ្យ​ភ្នែក​ខ្វាក់។ គាត់​បាន​ដាក់​បណ្ដឹង​សុំ​ឲ្យ​ប៉ូលិស​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនប្រសា​គាត់ ប៉ូលិស​បាន​ទារ​ប្រាក់​ពី​គាត់ៗ​បាន​ឲ្យ​ទៅ​ប៉ូលិស​គ្រប់​ចំនួន​តាម​ការ​ទារ តែ​ប៉ូលិស​មិន​ព្រម​ចាត់​ការ​ពាក្យ​បណ្ដឹង​របស់​គាត់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​ពី​មន្ត្រី​ប៉ូលិស​ឈ្មោះ ដា និង​ឈ្មោះ កាវ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៥ មីនា។ យ៉ាង​នេះ​ក្ដី នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្ដីទី​នៃ​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ឌុច ចំរើន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​ការ​ទាមទារ​ប្រាក់​របស់​មន្ត្រី​ប៉ូលិស​ទាំង ២​រូប​នេះ​ទេ ហើយ​លោក​សន្យា​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ។
លោក​ថា ប៉ូលិស​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​បណ្ដឹង​របស់​អ្នកស្រី សម ស្រីមុំ ហើយ៖ «គេ​កំពុង​តែ​អង្កេត​ហើយ គាត់​ចេះ​តែ​ថា គេ​មិន​ធ្វើ។ គេ​កំពុង​ធ្វើ​ហើយ​ក្រោយ​ពី​អង្កេត​ច្បាស់លាស់ យើង​នឹង​ហៅ​គាត់​មក បើ​គាត់​ព្រម ឬ​មិន​ព្រម​ទេ នោះ​យើង​នឹង​បញ្ជូន​បន្ត​ទៅ​ទៀត...»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា រដ្ឋ​បាន​រ៉ាប់រង​ក្នុង​ការ​ផ្ដល់​សេវា​ចំពោះ​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​រួច​ហើយ។ដូច្នេះ​មន្ត្រី​ប៉ូលិស​មិន​ត្រូវ​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​សេវា​ស៊ើប​អង្កេត​ទៀត​ទេ៖ «ក្រសួង​សាមី​ត្រូវ​តែ​ធ្វើ​អធិការកិច្ច​រឿង​នេះ បើ​មិន​អ៊ីចឹង​ទេ វា​នាំ​ឲ្យ​ខូច​ឈ្មោះ​ប៉ូលិស​ជាតិ​អស់​ហើយ ម្យ៉ាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត​ដែរ បើ​មិន​ដូច្នោះ​ទេ​សេវា​សន្តិសុខ​បាត់បង់​ការ​គាំទ្រ​ហើយ...»

លោក សំ ច័ន្ទគា បាន​ចាត់​ទុក​ការ​ទាមទារ​ប្រាក់​សេវា​ពី​ប្រជាពលរដ្ឋ គឺ​ជា​អំពើ​ពុករលួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ត្រូវ​មើល​រំលង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។