រដ្ឋាភិបាលកម្ពុជា សម្រេចមិនដាក់ទោសមន្ត្រីក្រសួងសុខាភិបាល ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរឿងបាត់ប្រាក់របស់មូលនិធិសកល (Global Fund) ឡើយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង នៅថ្ងៃទី២៣ ខែមីនា មានប្រសាសន៍ឲ្យដឹងថា អង្គភាពនេះបានបង្គាប់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សងប្រាក់ទៅឲ្យមូលនិធិសកលវិញ។
សំណុំរឿងបន្លំលួចលុយរបស់មូលនិធិសកល ក្នុងក្រសួងសុខាភិបាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនហើយ។ ប៉ុន្តែមន្ត្រីមួយចំនួនដែលជាប់ពាក់ព័ន្ធមិនត្រូវបានដាក់ទោសនោះទេ តែត្រូវបង្ខំឲ្យសងលុយទៅម្ចាស់ជំនួយវិញឲ្យបានគ្រប់ចំនួន ដើម្បីបើកផ្លូវឲ្យមូលនិធិសកលផ្ដល់ជំនួយមកឲ្យកម្ពុជា ជាថ្មីទៀត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា រដ្ឋាភិបាលមិនប្ដឹងមន្ត្រីក្រសួងសុខាភិបាលដែលមូលនិធិពិភពលោករកឃើញថា ប្រព្រឹត្តពុករលួយទៅកាន់តុលាការឡើយ ដោយសារតែគុណសម្បត្តិរបស់ក្រសួងសុខាភិបាលជុំវិញការកម្ចាត់ជំងឺគ្រុនចាញ់ និងជំងឺអេដស៍នៅកម្ពុជា។ លោកបន្តថា អង្គភាពនេះបានបង្ខំឲ្យមន្ត្រីដែលជាប់ពាក់ព័ន្ធសងប្រាក់ទៅឲ្យមូលនិធិសកលលោកវិញ ហើយដំណើរការសងប្រាក់ក៏ជិតរួចរាល់ហើយដែរ។
លោក ឱម យ៉ិនទៀង៖ «វាមិនមានភស្តុតាងទេ ជាការសន្និដ្ឋានការសន្មតមែន តែយើងទទួលខុសត្រូវ បង្ខំឲ្យសាមីខ្លួនធ្វើការសង មកដល់ពេលនេះមន្ត្រីខាងអេដស៍សងគ្រប់ចំនួនហើយ។ មន្ត្រីខាងគ្រុនចាញ់សងបានមួយចំនួនដែរហើយ គេសងបីជំហាន តែឥឡូវសងបានពីរជំហានហើយ»។
មូលនិធិសកលបានចេញរបាយការណ៍ស៊ើបអង្កេតមួយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងបណ្ដាញប្រព្រឹត្តអំពើពុករលួយក្នុងក្រសួងសុខាភិបាល។
របាយការណ៍ស៊ើបអង្កេតកម្រាស់ ៨៣ទំព័រ របស់មូលនិធិសកល រកឃើញថា អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោក ដួង សុជាតិ និងសហការីម្នាក់ បានទទួលប្រាក់សគុណចំនួនជិត ៥សែនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុងចំនួនពីរនៅបរទេស។ ក្រុមហ៊ុនទាងពីរផ្ដល់ប្រាក់សគុណជូនមន្ត្រីទាំងនេះជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល។
ចំពោះមន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលទទួលបន្ទុកគ្រប់គ្រងការដេញថ្លៃគម្រោងមួយ ក៏ត្រូវអង្គភាពសវនកម្មរបស់មូលនិធិសកលរកឃើញថា បានទទួលប្រាក់សគុណប្រមាណ ៤ម៉ឺនដុល្លារពីភាគីក្រុមហ៊ុនមួយចំនួន គឺស្មើ ១៥% នៃទឹកប្រាក់គម្រោងចំនួនជិត ៣សែន ២ម៉ឺនដុល្លារ។
ទាក់ទងនឹងបញ្ហានេះ ប្រធានបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ការពិន័យរដ្ឋបាល ហើយមិនចាត់ការបទល្មើសព្រហ្មទណ្ឌទៅលើមន្ត្រីក្រសួងសុខាភិបាល ជាគំរូអាក្រក់មួយដែលបង្ហាញពីនិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា។
លោក សន ជ័យ៖ «វាមិនអីទេ ការសម្របសម្រួលបែបនេះ បើសិនជានៅកម្ពុជា មិនមានច្បាប់ព្រហ្មទណ្ឌ មិនមានច្បាប់ប្រឆាំងអំពើពុករលួយ។ ការអនុវត្តបែបនេះ នឹងនាំមកនូវការវាយតម្លៃទាបលើអង្គភាពប្រឆាំងអំពើពុករលួយ»។
អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានសម្របសម្រួលក្នុងករណីពុករលួយនៅក្រសួងសង្គមកិច្ច កាលពីឆ្នាំ២០១១ ដោយបង្ខំឲ្យក្រសួងសង្គមកិច្ច សងប្រាក់ដែលកិបកេងពីរដ្ឋជាង ៥លានដុល្លារទៅឲ្យក្រសួងសេដ្ឋកិច្ចវិញ។ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៨ ខែមីនា បានចាប់ខ្លួនអធិការនគរបាលស្រុកបន្ទាយមាស ខេត្តកំពត និងគូកនម្នាក់ទៀត ពីបទពុករលួយក្នុងរង្វង់ទឹកប្រាក់ជាង ២០០លានរៀល។ អធិការម្នាក់នោះក៏ត្រូវរកឃើញថា បានទិញឈ្មោះ ទិញសក្ដិផងដែរ។
លោក ឱម យ៉ិនទៀង ចាត់ទុកថា ករណីទិញឋានន្តរសក្ដិ ទិញឈ្មោះនេះ ជាអំពើពុករលួយ។ ប៉ុន្តែគេមិនទាន់ដឹងថា តើអ្នកដែលលក់សក្ដិឲ្យលោកអធិការនោះ នឹងជាប់ទោសដែរ ឬយ៉ាងណានោះទេ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
