សំណង់​សាលារៀន​មួយ​នៅ​ស្រុក​បារាយណ៍​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត​នៅ​ទីនោះ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ពាក់​កណ្តាល​សប្តាហ៍​មុន ផ្សាយ​អត្ថបទ​មួយ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រកាន់​ពាក្យ​សន្យា ដែល​ថា​នឹង​សង់​សាលារៀន​នៅ​ក្នុង​ស្រុក​មួយ នៅ​ខេត្ត​កំពង់ធំ។

ក្រុម​គ្រូ​បង្រៀន​នៅ​ស្រុក​បារាយណ៍ ប្រាប់​កាសែត​ថា គម្រោង​ស្ថាបនា​សាលារៀន​នៅ​ទីនោះ ត្រូវ​គេ​បោះបង់​ចោល ហើយ​ដាក់​ដេញ​ថ្លៃ​លក់​ចេញ​ទៀត បន្ទាប់ពី​បក្ស​ប្រជាជន​ចាញ់​ឆ្នោត​នៅ​ក្នុង​ស្រុក​នោះ ប្រមាណ ៤០០​សន្លឹក ក្រោម​គណបក្ស​សម​រង្ស៊ី។

តំណាង​គ្រូ​បង្រៀន​ម្នាក់ អធិប្បាយ​ថា លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន ក៏​គាំទ្រ​ផែនការ​នោះ​ដែរ បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី សន្យា​នៅ​ពេល​សម្ពោធ​វត្ត​ទេព​និម្មិត កាលពី​ខែ​មីនា ថា​នឹង​សង់​សាលា​ថ្មី​មួយ មាន ១២​បន្ទប់ និង​សាល​សម្រាប់​ទទួល​ភ្ញៀវ៕