បុរសទាំង២ ម្នាក់ឈ្មោះ ង៉ាវ នាក់ និងម្នាក់ទៀតឈ្មោះ ស្រង់ រស់នៅភូមិថារ៉ងជង។
អ្នកភូមិអូរជុំ លោក ជុ សាវ៉ាត ឲ្យដឹងថា ហេតុការណ៍ទាំង ២ករណីនេះកើតឡើងកាលពីរាត្រីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១០ នៅភូមិធួយអំពិល ឃុំចាអ៊ុង។ បុរសជាប្អូនដែលប៉ូលិសចាប់ខ្លួនឃើញបងបង្កើតរបស់ខ្លួនស្រវឹងស្រា ហើយវាយធ្វើបាបម្តាយយ៉ាងធ្ងន់ធ្ងរទ្រាំពុំបានក៏កាប់បងនោះមួយកាំបិតត្រង់កស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ចំណែកនៅភូមិថារ៉ងជង ដោយសារតែកំហឹងនិងគំនុំបណ្តាលមកពីភ្លើងឆេះចម្ការស្វាយចន្ទី បុរសឈ្មោះ ស្រង់ បានកាប់អ្នកភូមិមានចម្ការជាប់គ្នាដែលជាអ្នកធ្វើឲ្យមានភ្លើងឆេះចម្ការត្រូវភ្លៅកប់យ៉ាងជ្រៅ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការសង្គ្រោះ។
លោក ជុ សាវ៉ាត បានឲ្យដឹងថា ៖ «ព្រោះម្ដាយគាត់ប្រដៅកូនគាត់ ថា កូនឯងកុំទៅតាមគេកាប់ឈើនោះ! ឥឡូវឮមេភូមិគេប្រកាសថា ឈើហ្នឹងខុសច្បាប់ ហើយបានលុយហើយចេះតែផឹក មួយរៀលអត់ឃើញ! កូនវាខឹងម៉ែប្រដៅអ៊ីចឹង វ៉ៃម្ដាយ។ ប្អូនការពារម៉ែវា ខឹងអាប្អូន ដាល់អាប្អូន អាប្អូនដាក់មួយកាំបិត!»។
អធិការប៉ូលិសស្រុកអូរជុំ លោក ដោក រ៊ឺយ មានប្រសាសន៍ថា ជនដៃដល់ទាំង ២នាក់ ម្នាក់ត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗក្រោយហេតុការណ៍នៃអំពើហិង្សាដែលបង្កឲ្យមានបទឧក្រិដ្ឋនោះ ចំណែកម្នាក់ទៀតរត់គេចខ្លួន។ លោកបន្តថា នេះជាករណីគួរឲ្យចាប់អារម្មណ៍នៃអំពើហិង្សា។
លោក ដោក វ៊ឺយ បានបញ្ជាក់ថា ៖ «បងវាស្រវឹងស្រា ហើយធ្វើអំពើហិង្សាទៅលើម្ដាយគេ។ ករណីមួយហ្នឹងគឺវាស្រវឹងស្រាដែរ អាហ្នឹងគឺគំនុំតែរឿងដីធ្លី»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ដែរថា ក្រុមសិទ្ធិមនុស្សនៅមូលដ្ឋាននេះបានរកឃើញមានការប្រែប្រួលនៃឥរិយាបទរបស់ក្រុមយុវជន យុវនារីនៃក្រុមជនជាតិដើមបច្ចុប្បន្នមួយចំនួន ដោយទទួលរងនូវឥទ្ធិពលនៃវប្បធម៌ពាលា ដូចជាការសេពគ្រឿងញៀន អំពើពេស្យាកម្ម ជួញដូរមនុស្ស និងការប្រព្រឹត្តបែបក្មេងទំនើង ជាដើមដែលជាមូលហេតុនៃអំពើហិង្សា។
អ្នកសម្របសម្រួលបណ្តាញគាំទ្រសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី លោក ទេព បូរិន្ទ មានប្រសាសន៍ថា វប្បធម៌នៃអំពើហិង្សាកំពុងសាបព្រោះលើសហគមន៍ជនជាតិដើមដែលមិនមានការយល់ដឹងខ្ពស់។ ជាមួយនឹងការអភិវឌ្ឍវប្បធម៌សម្ភារៈទំនើបបានបំពុលក្រុមសហគមន៍ជនជាតិដើមឲ្យប្រព្រឹត្តអំពើខ្វះសីលធម៌ជាច្រើនករណីគួរឲ្យព្រួយបារម្ភ។
លោក ទេព បូរិន្ទ បានមានប្រសាសន៍ថា ៖ «យើងប្រើការអប់រំផ្សព្វផ្សាយ យើងធ្វើការរៀបចំសហគមន៍ រំឭកពីតួនាទីក្រុមសហគមន៍ បង្កើតក្រុមយុវជន ឬក្រុមសិល្បៈ ជាក្រុមតម្បាយអីផ្សេងៗ ដើម្បីឲ្យគាត់មានទស្សនៈមួយរួបរួមគ្នាឡើងវិញ»។
យ៉ាងនេះក្តីអធិការប៉ូលិសស្រុកអូរជុំ លោក ដោក រ៊ឺយ ឲ្យដឹងថា តុលាការបានចេញដីកាឃុំខ្លួនបុរសជាប្អូនដែលកាប់បងរហូតដល់ស្លាប់នៅពន្ធនាគារខេត្តរួចហើយ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនដៃដល់ម្នាក់ទៀតកំពុងរត់គេចខ្លួន៕
