រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ៖ «អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌ជាតិ» ក្នុងគោលបំណងបំផុសឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាកេរដំណែលដូនតាបន្សល់ទុកឲ្យបានគង់វង្សនៅថ្ងៃអនាគត។ ប៉ុន្តែសារាចរនេះ ត្រូវរងការរិះគន់ពីមន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ហាសង្គមមួយនួន ថានាំឲ្យខ្ជះខ្ជាយថវិកាជាតិឥតប្រយោជន៍ ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងមិនបានដិតដល់។
សារាចរណែនាំស្ដីពីការរៀបចំទិវាវប្បធម៌ជាតិកម្រាស់ ៤ទំព័ររបស់រាជរដ្ឋាភិបាលកម្ពុជា មានហត្ថលេខាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ បានកំណត់យកថ្ងៃទី៣ ខែមីនា ដើម្បីរៀបចំទិវាវប្បធម៌ជាតិលើកទី១៦ ឆ្នាំនេះ។
ប្រមុខដឹកនាំបានបញ្ជាក់នៅក្នុងសារាចរថា រាជរដ្ឋាភិបាលបានរៀបចំទិវាវប្បធម៌នេះជារៀងរាល់ឆ្នាំក្នុងគោលបំណងរំលឹកដល់គុណូបក្ការៈដ៏ធំធេងនៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបសម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូប ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈទិវាវប្បធម៌នេះ ក៏នឹងបំផុសនូវសេចក្តីស្រឡាញ់ និងស្មារតីឲ្យពលរដ្ឋគ្រប់ៗគ្នា ចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ឲ្យបានឋិតថេរគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយទៀត។
ប្រមុខដឹកនាំរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ដើម្បីឲ្យការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០១៤ ក្រោមប្រធានបទ៖ «អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌ជាតិ» ប្រព្រឹត្តទៅបានជោគជ័យទាមទារឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់ចូលរួមសហការឲ្យបានទាំងអស់គ្នា។
ទោះជាបែបណា សម្រាប់មន្ត្រីសង្គមស៊ីវិលខ្លះ បានរិះគន់ចំពោះការរៀបចំទិវាវប្បធម៌ជាតិរបស់រដ្ឋាភិបាល ប៉ុន្តែមិនបានគ្រប់គ្រងបានដិតដល់នាំឲ្យខាតបង់ថវិកាជាតិទៅវិញទេ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម មានការព្រួយបារម្ភចំពោះការបង្កើតឲ្យមានទិវាវប្បធម៌ជាតិរបស់រដ្ឋាភិបាល ប៉ុន្តែខ្វះការគ្រប់គ្រងត្រឹមត្រូវ អាចនាំឲ្យខាតបង់ថវិកាជាតិ និងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍៖ «កាលណាយើងនឹកឃើញអី យើងអនុម័តទិវាអីមួយៗ វាពេលនៅក្នុងរយៈពេល ១ឆ្នាំហ្នឹង។ ដល់ពេលអ៊ីចឹងទៅ យើងបានតែរៀបចំទិវា ប៉ុន្តែយើងអត់មានសកម្មភាព។ បើអត់សកម្មភាព វាអត់ជោគជ័យទេ។ អ៊ីចឹងខ្ញុំយល់ឃើញថា វានឹងមានប្រយោជន៍នៅពេលដែលយើងរៀបចំទិវាអីមួយ ក៏ប៉ុន្តែបើសិនជាយើងមិនគិតអំពីពេលវេលា និងមិនគិតអំពីថវិកា ហើយនិងឱកាសដែលយើងយកខ្លឹមសារនៃទិវានេះមកធ្វើសកម្មភាព វាអត់ប្រយោជន៍ទៅវិញក៏មាន»។
ដូចគ្នាដែរសម្រាប់លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គមបានរិះគន់ថា សព្វថ្ងៃនេះ រដ្ឋាភិបាលមិនទាន់ធ្វើការផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ប្រទេសកម្ពុជា ឲ្យបានទូលំទូលាយទេ។ លោកមើលឃើញថា នៅលើកញ្ចក់ទូរទស្សន៍ភាគច្រើនមិនសូវមានកម្មវិធីផ្សព្វផ្សាយទាក់ទងកេរដំណែលនៃសម្បត្តិវប្បធម៌ជាតិ បានទូលំទូលាយនៅឡើយទេ៖ «ការផ្សព្វផ្សាយអំពីកម្រិតវប្បធម៌ជាតិយើងនៅមានកម្រិតទាបជាងគេបំផុត ដែលធ្វើឲ្យប្អូនៗយុវវ័យ ដែលកើតជំនាន់ក្រោយៗមកហ្នឹង ហាក់បីមិនសូវទទួលយកនូវបញ្ហាវប្បធម៌ប្រពៃណីយើងទេ។ យើងឃើញហើយតាមបណ្ដាទូរទស្សន៍ចេញជារូបភាពស្នើគ្រប់ទូរទស្សន៍ទាំងអស់ តែងតែមិនដែលបានរំលឹកពីវប្បធម៌ខ្មែរយើងទេ។ ការផ្សព្វផ្សាយអំពីការអភិរក្សវប្បធម៌ជាតិយើង គឺមិនអាចទទួលយកបានទេ ពីព្រោះថា ការផ្សព្វផ្សាយស្ទើរតែកម្រិតសូន្យ។ យើងឃើញថា វប្បធម៌បរទេសកំពុងតែវាយលុយយ៉ាងធ្ងន់ធ្ងរជាទីបំផុតទាំងផ្នែកផ្លូវអារម្មណ៍របស់បងប្អូនក្មួយៗ»។
លោកថ្លែងបន្តថា សម្រាប់យុវជនកម្ពុជា សព្វថ្ងៃនេះពួកគេមានការយល់ដឹងតិចតួចជុំវិញវប្បធម៌ជាតិ ឬសម្បត្តិវប្បធម៌ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរជំនាន់មុនបន្សល់ទុក។
យ៉ាងណាក៏ដោយ សារាចរណែនាំស្តីពីការរៀបចំទិវាវប្បធម៌ជាតិរបស់រាជរដ្ឋាភិបាល បានកំណត់ថា នៅគ្រប់ក្រសួងស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងលំនៅឋានប្រជាពលរដ្ឋ ត្រូវតុបតែង ឬលើកទង់ជាតិ និងបដាផ្សេងៗ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឲ្យបានទាំងអស់គ្នា។
ជាងនេះ ក្រសួងព័ត៌មានក៏ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយពិសេសតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន មានកាសែត ទស្សនាវដ្ដីជាដើម អំពីខ្លឹមសារនៃទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៦ ព្រមទាំងឯកសារពាក់ព័ន្ធនានា ដើម្បីបំផុសឲ្យសាធារណជនចូលរួមឲ្យបានសកម្មក្នុងការថែរក្សាការពារសម្បត្តិវប្បធម៌លើកស្ទួយសីលធម៌សង្គម និងឲ្យចេះរួមរស់ជាមួយគ្នា ដោយមិនប្រកាន់និន្នាការវប្បធម៌ស្របតាមប្រធានបទ៖ «អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌ជាតិ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
