សាលា​សិល្បៈ​នឹង​បង្ហាញ​ល្ខោន​យីកេ​ដ៏​កម្រ​មួយ​ទាក់ទង​នឹង​សម័យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧

សាលា​មធ្យម​វិចិត្រ​សិល្បៈ នឹង​បង្ហាញ​ល្ខោន​យីកេ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ រឿង«មហាជ័យរាជទេពី» ឬ «រាជ្ជនីក្រុង​អង្គរ នៅ​ថ្ងៃ​ទី​៥ សីហា ទាក់ទង​នឹង​សោកនាដកម្ម​ដ៏​អាថ៌កំបាំង នៃ​ដំណើរ​ជីវិត​ព្រះអគ្គមហេសី​ទី​១ របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ដែល​ពុំ​ធ្លាប់ បាន​បកស្រាយ​ជាង​៨០០​ឆ្នាំ​មក​ហើយ។

សាស្ត្រាចារ្យ​មហាវិទ្យាល័យ​នាថសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ លោក អ៊ុំ វុឌ្ឍី ឲ្យ​ដឹងនៅថ្ងៃទី៤សីហា​ថា យីកេ​រឿង​ប្រវត្តិសាស្ត្រ​នេះ​ជា​វណ្ណកម្ម​ដ៏​កម្រ ដែល​ពុំ​ធ្លាប់​មាន​អ្នក​ប្រាជ្ញ​ប្រវត្តិសាស្ត្រ បកស្រាយ​ឲ្យ​ស៊ីជម្រៅ និង​យល់​បាន ទាក់ទង​នឹង​រឿងរ៉ាវ​ដំណើរ​ជីវិត របស់​ព្រះនាង​មហាជ័យ​រាជទេពី ក្នុង​សម័យ​អាណាចក្រ​អង្គរ ចន្លោះ​ឆ្នាំ​១១៥០-១១៨២៖ «សូម​មក​ទស្សនា ដើម្បី​ឲ្យ​ដឹង​ពិតប្រាកដ​ពី​មហា​បុរស​យើង ដែល​បាន​ពលិកម្ម​អ្វីខ្លះ​នៅ​សម័យ​អង្គរ និង​សូម​ជួយ​គាំទ្រ​សិល្បៈ​យើង ដែល​ខំ​ប្រឹង​ទាំង​លំបាក​លំបិន។ ហើយ​បើ​មាន​ការ​គាំទ្រ​ច្រើន យើង​នឹង​ពង្រីក​ស្នាដៃ​នេះ​បន្ថែម​ទៀត»។

លោក អ៊ុំ វុឌ្ឍី បន្ត​ថា យីកេ​រឿង​ដែល​នឹង​សម្ដែង​តែ​ជាង​១​ម៉ោង​​នេះ ក្រុម​ការងារ​បាន​ចំណាយ​ពេល​ស្រាវជ្រាវ​ជាង​២០​ឆ្នាំ និង​ចងក្រង​ឡើង​ជាង​៧​ឆ្នាំ​មក​ហើយ មុន​នឹង​ដាក់​សម្ដែង​ជា​ផ្លូវ​ការ។

ល្ខោន​យីកេ​រឿងនេះនឹង​បើក​ទូលាយ​ដល់​សាធារណជន​ទូទៅ មក​ទស្សនា​ដោយ​សេរី នៅ​សាលមហោស្រព​សាលាមធ្យមសិក្សា​សិល្បៈ ផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី ខាង​លិច​រង្វង់​មូល​កាំកូស៊ីធី ចម្ងាយ​ជាង​២​គីឡូម៉ែត្រ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ នៅ​ម៉ោង​៣.៣០នាទី​រសៀល​នៅ​ថ្ងៃ​ទី ៥ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។