សិល្បករ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ពិធី​បុណ្យ​៧​ថ្ងៃ​កវី គង្គ ប៊ុនឈឿន

0:00 / 0:00

ក្រុម​សិល្បករ​ដែល​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ កវីនិពន្ធ​ម្ចាស់​ដង​ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​នេះ ដែល​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ នៅ​វត្ត​កណ្ដាល នា​ខេត្ត​បាត់ដំបង។

ក្រុម​សិល្បករ​អះអាង​ថា វត្តមាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពិធី​បុណ្យ ៧​ថ្ងៃ ជូន​កវី​និពន្ធ​ម្ចាស់​ដង​ស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន គឺ​ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ស្នាដៃ​កវី​និពន្ធ​ជើង​ចាស់​ដ៏​ឆ្នើម​ម្នាក់​នេះ ដែល​តាក់តែង​និពន្ធ​ដើម្បី​ប្រយោជន៍​ស្ទើរ​ពេញ​មួយ​ជីវិត។

តំណាង​ក្រុម​សិល្បករ​ដែល​ដឹកនាំ​រៀបចំ​ពិធីបុណ្យ និង​ជា​តំណាង​ក្រុម​យុវជន​នគររាជ លោក សារម្យ គុណ្ណាស័ក្តិ ហៅ ឌីចេ (DJ) អាចារ្យ​ធំ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​រៀបចំ​ពិធីបុណ្យ​ជូន​ដល់​កវី​ម្ចាស់​ដងស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន ព្រោះ​លោក​បាន​បន្សល់ទុក​ស្នាដៃ​និពន្ធ​ជា​ច្រើន​សម្រាប់​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែង​យល់។ ហេតុ​នេះ លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​កវី​ជើង​ចាស់​ដែល​មាន​ថ្វីដៃ​រូប​នេះ។

តំណាង​ក្រុម​សិល្បករ​រូប​នេះ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ដឹង​គុណ​ចំពោះ​ស្នាដៃ​កវីនិពន្ធ​ជើងចាស់​ដ៏​ឆ្នើម​ម្នាក់​នេះ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ចាប់​ពី​ម៉ោង ៧​យប់​តទៅ មាន​សិល្បករ​មក​ពី​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ព្រម​ទាំង​សប្បុរសជន​សាច់ញាតិ សិស្សានុសិស្ស និង​សាស្ត្រាចារ្យ​មួយ​ចំនួន​ទៀត ប្រារព្ធ​ពិធី​ប្រគំ​ស្គរ​ដៃ និង​ហ្គីតា ដោយ​ច្រៀង​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក គង្គ ប៊ុនឈឿន។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា នឹង​រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​ជិត ៥០​អង្គ​ផង​ដែរ៖ «នៅ​ពេល​យប់​នេះ ចាប់​ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ៩​យប់​ទៅ យើង​នឹង​នាំ​គ្នា​សម្ដែង​សិល្បៈ និង​ច្រៀង​បទ​របស់​លោកតា គង្គ ប៊ុនឈឿន ហើយ​ក៏​មាន​សម្ដែង​ចាប៉ី​ដង​វែង​ផង​ដែរ ហើយ​ស្អែក​ដែល​ជា​ថ្ងៃ​បុណ្យ​ធំ យើង​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ ព្រម​ទាំង​ពាក់​កម្រង​ផ្កា​ដល់​រូបថត លោក គង្គ ប៊ុនឈឿន ផង​ដែរ»

ទន្ទឹម​គ្នា​នេះ តំណាង​សិល្បករ​ដែល​រៀបចំ​ពិធី​បុណ្យ​នេះ ម្នាក់​ទៀត កញ្ញា ថន សីមា បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​នេះ និង​អំពាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​នានា ដើម្បី​រំលឹក​គុណ​ដល់​អ្នក​និពន្ធ​ជើង​ចាស់​រូប​នេះ៖ «សូម​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់ ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​របស់​គាត់ ព្រោះ​ខ្ញុំ​ជឿ​ថា ទោះ​ជា​គាត់​ស្លាប់​តែ​រូប​កាយ តែ​ចិត្ត និង​ព្រលឹង​គាត់​នៅ​តែ​រស់​នៅ​លើ​ដី​កំណើត នៅ​ថែរក្សា នឹង​មើល​កូនចៅ​ជំនាន់​ក្រោយ»

ចំណែក​ឯ​ក្មួយប្រុស​កវី គង្គ ប៊ុនឈឿន លោក ណាង លីណា ឲ្យ​ដឹង​ថា លោក គង្គ ប៊ុនឈឿន មាន​ថ្វីដៃ​និពន្ធ​សិល្បៈ​ជា​ច្រើន​ផ្នែក មាន​ជាអាទិ៍ ទំនុកច្រៀង បទភ្លេង ប្រលោមលោក ភាពយន្ត កំណាព្យ ដឹកនាំ​រឿង ព្រមទាំង​ចេះ​គូរ​គំនូរ​ផង​ដែរ។ លោក​រំពឹង​ថា ពលរដ្ឋ​នឹង​បន្ត​គាំទ្រ​ស្នាដៃ​លោក ហើយ​លោក​ក៏​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង នឹង​បំពេញ​បំណង​ចុង​ក្រោយ​ដែល​សុំ​ឲ្យ​សាងសង់​ទី​តម្កល់​ធាតុ និង​រូបសំណាក​កវីនិពន្ធ ម្ចាស់​ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន។

លោក គង្គ ប៊ុនឈឿន គឺ​ជា​កវីនិពន្ធ​ល្បីឈ្មោះ​មួយ​រូប​តាំង​ពី​ទសវត្សរ៍​ទី​៥០ រហូត​មក។ លោក​មាន​ជំនាញ​ទាំង​ផ្នែក​បទ​ចម្រៀង ភាពយន្ត និង​សិល្បៈ​មួយ​ចំនួន​ទៀត។ លោក គង្គ ប៊ុនឈឿន បាន​ទទួល​មរណភាព​ក្នុង​វ័យ ៧៧​ឆ្នាំ នៅ​ប្រទេស​ន័រវែស (Norway) ដោយ​ជំងឺ​មហារីក។ លោក គង្គ ប៊ុនឈឿន កវីនិពន្ធ​ម្ចាស់​បទ​ដង​ស្ទឹងសង្កែ បាន​បន្សល់ទុក​ស្នាដៃ​និពន្ធ​ជា​ច្រើន​សម្រាប់​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែង​យល់ ហើយ​មហាជន​ក៏​តែង​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​ថា លោក​ជា​កវីនិពន្ធ​ជើងចាស់​ដ៏​ឆ្នើម ដែល​ច្រើន​សរសេរ​បង្ហាញ​អំពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។