សកម្មភាព​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន

0:00 / 0:00

ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ចូល​ឆ្នាំ​វៀតណាម នេះ បើ​ទោះ​ជា​ជនជាតិ​វៀតណាម មួយ​ចំនួន​មិន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួក​គេ​នៅ​ប្រទេស​វៀតណាម ដើម្បី​ជួបជុំ​សាច់ញាតិ​ក្តី ក៏​ពួក​គេ​បាន​រៀបចំ​ធ្វើ​ពិធី​បុណ្យ​នេះ​ទៅ​តាម​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ពួក​គេ​តែ​រៀងៗ​ខ្លួន។

លោក យាង សុជាមេត្តា ដែល​បាន​ចុះ​ទៅ​សង្កេត​មើល​សកម្មភាព​របស់​ជនជាតិ​វៀតណាម ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​សង្កាត់​ច្បារអំពៅ មាន​សេចក្តី​រាយការណ៍​អំពី​សកម្មភាព​ជនជាតិ​វៀតណាម នៅ​ទីនោះ​ដូច​ត​ទៅ៖

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ដឹង​ហើយ​ថា នៅ​ក្នុង​សង្កាត់​ច្បារអំពៅ តាម​បណ្តោយ​ច្រាំង​ទន្លេ​ត្រើយ​ខាង​កើត​ទន្លេ​បាសាក់ គឺ​ជា​សម្បុក​នៃ​ជនជាតិ​វៀតណាម ដ៏​ធំ​បំផុត​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង។ នៅ​ទីនោះ មិន​ថា​នៅ​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​បុណ្យ​ទាន​នោះ​ទេ បើ​គេ​ជិះ​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ជនជាតិ​វៀតណាម រស់នៅ​នោះ គេ​តែង​ឮ​ចម្រៀង​វៀតណាម ចាក់​លាន់​ឮ​រំពង ជាពិសេស​នៅ​តាម​ហាង​កាហ្វេ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម។

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន វិញ ទិដ្ឋភាព​នៅ​ទីនោះ​ហាក់​ដូចជា​ប្លែក​ជាង​ថ្ងៃ​ធម្មតា​បន្តិច។ នៅ​តាម​ផ្ទះ​ជនជាតិ​វៀតណាម នីមួយៗ មិន​ថា​ផ្ទះ​តូច ឬ​ធំ​ឡើយ ក្រៅ​តែ​ពី​ឃើញ​មាន​តុបតែង​លំអ​ដោយ​ផ្កា​ស្បៃរឿង​ពណ៌​លឿង និង​ផ្ទះ​ខ្លះ​ទៀត​មាន​ចង​ដើម​អំពៅ​ខ្មៅ​នៅ​មុខ​ផ្ទះ លំអ​ដោយ​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត គេ​ក៏​ឃើញ​មាន​មនុស្ស​អង្គុយ​ជុំ​គ្នា​លេង​បៀ​ជា​ហូរហែ។ អ្នក​ខ្លះ​ទៀត​អង្គុយ​ផឹក​ស៊ី និយាយ​ស្រែក​សប្បាយ។ ឯ​អ្នក​ខ្លះ​ទៀត​នាំ​គ្នា​ច្រៀង​ខារ៉ាអូខេ​រីករាយ​ក្នុង​ក្រុម​គ្រួសារ។

«សំឡេង​រៀបរាប់​របស់​ជនជាតិ​វៀតណាម ជា​ភាសា​វៀតណាម»

នេះ​ជា​ការ​រៀបរាប់​របស់​បុរស​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ លី សុខា។ លោក​ប្រាប់​ថា ក្នុង​ពេល​ចូល​ឆ្នាំ​កន្លង​មក លោក​ក៏​បាន​ទៅ​ស្រុក​កំណើត​ជួបជុំ​ញាតិ​មិត្ត​នៅ​ប្រទេស​វៀតណាម ដែរ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​លោក​មិន​បាន​ទៅ​ទេ។ លោក លី សុខា អាយុ ៦៩​ឆ្នាំ ដែល​មិន​ត្រឹម​តែ​ចេះ​និយាយ​ភាសា​ខ្មែរ​នោះ​ទេ ប៉ុន្តែ​លោក​ថា​លោក​ចេះ​ទាំង​អាន និង​សរសេរ​អក្សរ​ខ្មែរ​ជ្រៅជ្រះ​ទៀត​ផង ព្រោះ​ថា លោក​បាន​ឡើង​មក​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៨០ មក​ម្ល៉េះ។

ស្រដៀង​ទៅ​នឹង​ផ្ទះ​ជនជាតិ​វៀតណាម ដទៃ​ទៀត​នៅ​ក្នុង​តំបន់​នោះ ផ្ទះ លោក លី សុខា មាន​តុបតែង​ដោយ​ក្រដាស​លំអ និង​មាន​ដាក់​ផើង​ផ្កា​ស្បៃរឿង​មួយ​ជួរ​នៅ​មុខ​សំយាប​ផ្ទះ ហើយ​នៅ​លើ​ទ្វារ​ចូល​ផ្ទះ​របស់​លោក​នោះ មាន​ដាក់​អក្សរ​វៀតណាម ថា CHÚC MỪNG NĂM MỚI 2015 ដែល​មាន​ន័យ​ជា​ខ្មែរ​ថា សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥។

ជនជាតិ​វៀតណាម ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម នា​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ជនជាតិ​វៀតណាម ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម នា​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (RFA/Yeang Socheametta)

និយាយ​គ្នា​លេង​ជាមួយ​ខ្ញុំ ខណៈ​ដែល​កូនស្រីៗ​របស់​លោក​ពីរ​បី​នាក់​កំពុង​ច្រៀង​ខារ៉ាអូខេ​ជា​ភាសា​វៀតណាម នៅ​ក្នុង​ផ្ទះ ដែល​ឋិត​នៅ​ជាប់​មាត់​ច្រាំង​ទន្លេ លោក លី សុខា អះអាង​ថា បើ​ទោះ​ជា​លោក​មិន​បាន​ទៅ​ស្រុក​ជួប​ជុំ​សាច់ញាតិ​នៅ​វៀតណាម ក៏ដោយ ក៏​លោក​នៅ​តែ​សប្បាយ ព្រោះ​ថា​កូន​ចៅ​លោក​បាន​មក​ជួបជុំ​រីករាយ​ជាមួយ​គ្នា​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ៖ «កូន​ចៅ​មក​ផ្ទះ​លេង ការ​ធ្វើ​បុណ្យ​នៅ​វៀតណាម និង​នៅ​ស្រុក​ខ្មែរ​ប្រហាក់​ប្រហែល​គ្នា​ដែរ​ហ្នឹង។ វៀតណាម ក៏​អ៊ីចឹង ខ្មែរ​ក៏​អ៊ីចឹង ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដូច​តែ​គ្នា​ហ្នឹង បង​ប្អូន​គេ​នៅ​ឆ្ងាយៗ​មក​ជួប​ជុំ​គ្នា​លេង​ទៅ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ គេ​ទៅ​ស្រុក​គេ​វិញ​ទៅ ដូចជា​អ្នក​នៅ​កំពង់ចាម នៅ​ព្រៃវែង ស្វាយរៀង មួយ​ថ្ងៃ​ពីរ​ថ្ងៃ គេ​ទៅ​វិញ​ទៅ»

ដើរ​ចេញ​ពី​ផ្ទះ លោក លី សុខា ប្រហែល​ជា ១០​ម៉ែត្រ ខ្ញុំ​បាន​ជួប​បុរស​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០​នាក់។ ពួក​គេ​កំពុង​អង្គុយ​ហូប​ចុក​ជុំ​គ្នា។ នៅ​ពេល​សួរ​ថា តើ​ពួក​គេ​សប្បាយ​អត់​នៅ​ឆ្នាំ​នេះ? ពួក​គេ​ឆ្លើយ​ភ្លាមៗ​ថា សប្បាយ​ខ្លាំង​ណាស់។ ពួក​គេ​ហាក់​ដូចជា​មិន​មាន​ភាព​ញញើត​ញញើម​អ្វី​ឡើយ​នៅ​ពេល​ដឹង​ថា មាន​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន​អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុង​ពេល​ចូល​ឆ្នាំ​ដូច្នេះ។ ពួក​គេ​បាន​និយាយ​រាក់ទាក់​ធម្មតា​ទៅ​កាន់​អ្នក​កាសែត។ តែ​តាម​មើល​ទៅ​អាច​មក​ពួក​គេ​ស្រវឹង​ខ្លះ។

នៅ​ពេល​សួរ​ថា តើ​ពួក​គេ​មក​ប្រទេស​កម្ពុជា យូរ​ហើយ​ឬ​នៅ? ពួក​គេ​ភាគ​ច្រើន​បាន​ឆ្លើយ​ថា បាន​មក​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ខ្លះ​ហាក់​នៅ​មិន​ទាន់​និយាយ​ភាសា​ខ្មែរ​បាន​ច្បាស់​នោះ​ទេ ប៉ុន្តែ​យល់​ពាក្យ​សម្ដី​ដែល​អាច​ឆ្លើយឆ្លង​គ្នា​បាន។ ពួក​គេ​ថា ឆ្នាំ​នេះ​ពួក​គេ​មិន​បាន​ទៅ​ស្រុក​កំណើត​នៅ​វៀតណាម ទេ ដោយសារ​ពួក​គេ​រក​ស៊ី​ពុំ​សូវ​សល់​ផល ឬ​សល់​លុយ​កាក់​ច្រើន។ ពួក​គេ​និយាយ​ហាក់​ដូចជា​លេង​សើច​ផង​ថា អ្នក​មាន​គេ​ទៅ​ស្រុក​អស់​ហើយ នៅ​តែ​អ្នក​ក្រ​ប៉ុណ្ណោះ​ដែល​មិន​ទៅ៖ «អ្នក​ខ្លះ​ទៅ អ្នក​ខ្លះ​នៅ អ្នក​ក្រ​នៅ​ហ្នឹង អ្នក​មាន​គេ​ទៅ​អស់​ហើយ»

បុរស​ជនជាតិ​វៀតណាម ទាំង​នេះ​ដែល​ភាគ​ច្រើន​អះអាង​ថា ប្រកប​របរ​ជា​អ្នក​ទិញ​លក់​សម្ភារៈ​អេតចាយ​នោះ និយាយ​ថា ក្រៅ​តែ​ពី​មាន​កម្មវិធី​ហូប​ចុក​ជុំ​គ្នា​នៅ​ផ្ទះ ពួក​គេ​ពេល​ខ្លះ​ក៏​នាំ​កូន​ចៅ​ទៅ​លេង​កម្សាន្ត​នៅ​តាម​មណ្ឌល​កម្សាន្ត​នានា ដូចជា​នៅ​កោះ​ពេជ្រ ឬ​ទៅ​លេង​នៅ​មុខ​ព្រះបរមរាជវាំង​ជាដើម។ លើស​ពី​នេះ ពួក​គេ​ក៏​នាំ​គ្នា​ទៅ​វត្ត​វៀតណាម ដែល​នៅ​ក្បែរ​នោះ ដើម្បី​យក​របស់​របរ​ទៅ​វត្ត និង​សែន​ព្រេន​ថ្វាយ​ជីដូន​ជីតា​ផង​ដែរ៖ «ខ្លះ​ទៅ​បងប្អូន​ពួក​ម៉ាក់​មក​ផឹក​ស៊ី​ជុំ​គ្នា រាំ​សប្បាយ ទៅ​វត្ត យើង​សែន​បន្តិចបន្តួច​ឲ្យ​កុងម៉ា ពុក​ម៉ែ​បង​ប្អូន​ឲ្យ​សុខ​សប្បាយ​ទាំងអស់»

នៅ​ក្បែរ​កន្លែង​ហូប​ចុក​របស់​បុរស​ជនជាតិ​វៀតណាម ទាំង​នោះ​មាន​វង់​បៀ​ពីរ​បី​វង់​ជាប់ៗ​គ្នា។ ប៉ុន្តែ​អ្នក​ចូលរួម​លេង​បៀ​នោះ ពុំ​សូវ​មាន​បុរស​ទេ តែ​ភាគ​ច្រើន​ជា​ស្ត្រី និង​មាន​ក្មេងៗ​ផង​ដែរ។ មើល​ទៅ​ពួក​គេ​ហាក់​ពុំ​សូវ​ប្រកែ​ប្រកាន់​អ្វី​ឡើយ នៅ​ពេល​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​សួរ និង​ថត​សំឡេង​ពួក​គេ​នោះ។

ជនជាតិ​វៀតណាម ទាំង​នេះ​និយាយ​ថា ពួក​គេ​មិន​មាន​ការ​បារម្ភ ឬ​ខ្លាច​ក្រែង​មាន​ការ​រើសអើង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្វី​ឡើយ នៅ​ពេល​ពួក​គេ​ជួប​ជុំ​គ្នា​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ចូល​ឆ្នាំ​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ។ ពួក​គេ​និយាយ​ថា ពួក​គេ​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​ទៅ​ហើយ។ ពួក​គេ​បញ្ជាក់​ថា មិន​ថា​តែ​ចូល​ឆ្នាំ​ចិន នោះ​ទេ ឲ្យ​តែ​គ្រប់​ចូល​ឆ្នាំ​ទាំងអស់ រាប់​ទាំង​ចូល​ឆ្នាំ​ខ្មែរ​ផង ក៏​ពួក​គេ​ចូលរួម​ប្រារព្ធ និង​អបអរ​សាទរ​ដូច​គ្នា​អ៊ីចឹង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។