ក្រុមហ៊ុន​ដេញ​ថ្លៃ​លក់​វត្ថុ​បុរាណ​នៅ​ញីវយ៉ក​យល់​ព្រម​បញ្ជូន​បដិមា​បុរាណ​១​អង្គ​មក​កម្ពុជា

ក្រុមហ៊ុន​ដេញ​ថ្លៃ​លក់​វត្ថុ​បុរាណ ស៊ដប៊ីស៍ (Sotheby's) នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​យល់​ព្រម​បញ្ជូន​រូប​បដិមា​បុរាណ​មួយ​អង្គ មក​ប្រទេស​កម្ពុជា វិញ។

កិច្ច​ព្រមព្រៀង​ដែល​ធ្វើ​ឡើង​រវាង​មេធាវី​ជាច្រើន​រូប​នៃ​ក្រុមហ៊ុន ស៊ដប៊ីស៍ ជាមួយ​អ្នក​ទទួល​បន្ទុក​ដឹក​ជញ្ជូន ហើយ​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គូស​បញ្ជាក់​ថា ក្រុមហ៊ុន ស៊ដប៊ីស៍ នឹង​ផ្ទេរ​រូប​ចម្លាក់​នេះ​ទៅ​តំណាង​ប្រទេស​កម្ពុជា នៅ​ទីក្រុង​ញីវយ៉ក ក្នុង​រយៈពេល ៩០​ថ្ងៃ។ កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ការ​បញ្ចប់​នូវ​ការ​ប្ដឹង​ផ្តល់​គ្នា​ផ្លូវ​ច្បាប់​យ៉ាង​ក្តៅ​គគុក អស់​រយៈ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

បដិមា​នេះ គឺ​ជា​ចម្លាក់​ទេវ​សង្គ្រាម ធ្វើ​អំពី​ថ្ម​ភក់ ជា​រចនាបថ​ប្រាសាទ​កោះកេរ ក្នុង​សតវត្ស​ទី​១០ ដែល​មាន​តម្លៃ​ជាង ២​លាន​ដុល្លារ។ រូប​ចម្លាក់​នេះ ត្រូវ​បាន​ដក​ហូត​ពី​កន្លែង​ដេញ​ថ្លៃ​មួយ​ក្នុង​ឆ្នាំ​២០១១ បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​លើក​ឡើង​ថា រូប​ចម្លាក់​នេះ​ត្រូវ​បាន​លួច​យក​ចេញ​ពី​ប្រាសាទ​កោះកេរ ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០។

ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) រាយការណ៍​ថា តាម​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន ស៊ដប៊ីស៍ ហើយ​និង​អ្នក​ទទួល​បន្ទុក​ដឹក​ជញ្ជូន បាន​ស្ម័គ្រ​ចិត្ត​រៀប​ចំ​ចាត់​ចែង​បញ្ជូន​រូប​ចម្លាក់​បុរាណ​នេះ​ទៅ​កាន់​ព្រះរាជាណាចក្រ​កម្ពុជា វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់​សហប្រតិបត្តិការ ក្នុង​កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌។

សេចក្តី​សម្រេច​នេះ គឺ​បន្ទាប់​ពី​សារមន្ទីរ​សិល្បៈ​ទីក្រុង​ញីវយ៉ក បាន​បញ្ជូន​រូប​ចម្លាក់​ពីរ​អង្គ​នៃ​រចនាបថ​ប្រាសាទ​កោះកេរ ដូច​គ្នា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។