សមត្ថកិច្ច​ខេត្ត​សៀមរាប​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់​ដុត​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត

0:00 / 0:00

ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត អម​ផ្លូវ​ចូល​ភាគ​ខាងលិច​នៃ​ប្រាសាទ​អង្គរវត្ត បាន​ឆេះ​ខូចខាត​ខ្ទេចខ្ទី​កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​មេសា។

ការ​ឆេះ​ខ្លោងទ្វារ​សង្ក្រាន្ត​មួយ​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ដាក់​ការ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត​បំផ្លាញ បន្ទាប់ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​រិះគន់ ថា ខ្លោងទ្វារ​នោះ សាងសង់​តាម​ទម្រង់​មិន​មែន​ជា​រចនាបថ​របស់​ខ្មែរ​មក។

អាជ្ញាធរ​ខេត្ត​សៀមរាប ជឿជាក់​ថា ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត នៅ​ភាគ​ខាង​លិច​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ឆេះ​នោះ គឺ​អាច​មាន​ជន​មិន​ស្គាល់​មុខ​ខ្លះ​ជា​អ្នក​ដុត​បំផ្លាញ មិន​មែន​ឆេះ​ដោយ​ចៃដន្យ​ណា​មួយ​ទេ។

អភិបាល​ខេត្ត​សៀមរាប គឺ​លោក ឃឹម ប៊ុនសុង។ លោក​មាន​ប្រសាសន៍ ក្នុង​ពេល​ចុះ​ពិនិត្យមើល​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ដែល​ឆេះ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែ​មេសា ថា ខ្លោងទ្វារ​ភាគ​ខាង​លិច​របស់​អង្គរ​សង្ក្រាន្ត​នោះ គឺ​មាន​ការ​ដាក់​រាយ​ខ្សែភ្លើង​ដើម្បី​លំអ​នៅ​ពេល​យប់ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​ឡើយ​ទេ។

លោក​អភិបាល​ខេត្ត​សៀមរាប បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ខ្លោងទ្វារ​នោះ​មិន​ទាន់​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​ឡើយ គឺ​លោក​ជឿ​ថា វា​មិន​អាច​មាន​អគ្គីភ័យ​ឆាប​ឆេះ​ដោយ​ឯកឯង​បាន​ឡើយ គឺ​អាច​មាន​អ្នក​លួច​ដុត​បំផ្លាញ។ លោក​ជំរុញ​ឱ្យ​ក្រុម​ប៉ូលិស​ត្រូវ​ចាប់​ផ្ដើម​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ៖ «សមត្ថកិច្ច​ត្រូវ​តែ​មាន​ជំនាញ​របស់​គេ​ច្បាស់លាស់ អ៊ីចឹង​យើង​នឹង​កំណត់​មុខ​សញ្ញា​ជាមួយ​សមត្ថកិច្ច​តាម​ក្រោយ»

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ក៏​សន្និដ្ឋាន​ប្រហាក់ប្រហែល​គ្នា​ដែរ​ថា ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​ភាគ​ខាង​លិច​អង្គរវត្ត​ដែល​ឆេះ​នោះ គឺ​មាន​អ្នក​លួច​ដុត​មែន។

ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ សុខ ធំ ដែល​មាន​តូប​លក់ដូរ​ឥវ៉ាន់​នៅ​ជិត​ខ្លោងទ្វារ ហើយ​គាត់​សម្រាន្ត​ពេល​យប់​ទី​នោះ មាន​ប្រសាសន៍​ថា គាត់​បា​ន​ដឹង​ថា ភ្លើង​ឆេះ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​វេលា​ម៉ោង​ជាង ១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​មេសា។ គាត់​បញ្ជាក់​ថា នៅ​មុន​ពេល​ដែល​ដឹង​ថា ភ្លើង​ឆេះ​គឺ​ឆ្កែ​របស់​គាត់​បាន​ព្រុស​យ៉ាង​យូរ ទំនង​ជា​មាន​មនុស្ស​មក​ដុត ក៏​ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍​ពីព្រោះ​រវល់​តែ​ដេក៖ «ឆ្កែ​ខ្ញុំ​ហ្នឹង​ព្រួស​ទាំង​៤ តែ​ខ្ញុំ​អត់​បាន​ចាប់​អារម្មណ៍។ ពូ​១​នោះ គាត់​រវល់​តែ​ដេក ពេល​ភ្លើង​ឆេះ​ខ្លោងទ្វារ​ជះ​ពន្លឺ គាត់​ស្មាន​តែ​ភ្លើង​ឡាន ដល់​បើក​ភ្នែក​ម្ដង​ទៀត​ឃើញ​ភ្លើង​ឆេះ បាន​គាត់​ដាស់​ខ្ញុំ​ទៅ​ជួយ​ពន្លត់»

ខ្លោងទ្វារ​ដែល​រចនា​ក្បូរក្បាច់​លាប​ពណ៌​រំលេច​លើ​បន្ទះ​ស្នោ ហើយ​បំពាក់​លើ​ឆ្អឹង​ដែក​នោះ បាន​ឆេះ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​សំដែង​ការ​មិន​សប្បាយ​ចិត្ត ហើយ​បាន​រិះគន់​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​មិន​មែន​ជា​រចនាបថ​របស់​ខ្មែរ គឺ​ខ្លោងទ្វារ​នោះ មាន​ទម្រង់​ដូច​ខ្លោងទ្វារ​វត្ត​វៀតណាម ឬ​ចិន​ទៅ​វិញ។

មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លោក សោម រតនា បាន​ចាត់​ទុក​ការ​ឆេះ​ខ្លោងទ្វារ​នោះ គឺ​ជា​ចេតនា​បំផ្លាញ​របស់​ក្រុម​ណា​មួយ៖ «យើង​មាន​ការ​សោកស្ដាយ ហើយ​យើង​ថ្កោលទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ទង្វើ​មិន​អាច​ទទួល​យក​បាន ដោយ​ជាន់​ឈ្លី​ប្រពៃណី​និង​វប្បធម៌​នេះ»

លោក សោម រតនា បញ្ជាក់​ថា លោក ហ៊ុន ម៉ានី ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រមុខ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ចុះ​ពិនិត្យ​មើល​ចុង​ក្រោយ​នូវ​រចនាបថ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មេសា កន្លង​ទៅ ហើយ​សុខ​ចិត្ត​ផ្លាស់ប្ដូរ​រចនាបថ​នោះ​ចេញ ពីព្រោះ​លោក​យល់​ថា ក្នុង​នាម​មហា​គ្រួសារ​ខ្មែរ លោក​មិន​ចង់​ឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​រចនាបថ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នោះ​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។