ឱកាសបុណ្យចូលឆ្នាំថ្មី ពលរដ្ឋខ្មែរទូទៅតែងតែលេងល្បែងរបាំប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ នៅពេលរដូវបុណ្យចូលឆ្នាំម្ដងៗ តាំងពីបរមបុរាណមក។ ប៉ុន្តែ ពេលដែលស្រុកទេសកាន់តែរីកចម្រើនមកនោះ ពួកគាត់បែរជាផ្លាស់ប្ដូរទម្លាប់លេងល្បែងទាំងនោះ ហើយងាកមកលេងល្បែងស៊ីសង បៀរ អាប៉ោង ឬជួបជុំគ្នាផឹកស៊ីជំនួសវិញ។
តើមានមូលហេតុអ្វី បានជាពលរដ្ឋមានការផ្លាស់ប្ដូរឥរិយាបថកម្សាន្តសប្បាយនៅពេលចូលឆ្នាំខ្មែរដូច្នេះ?
នៅតាមរមណីយដ្ឋាននានា ដូចជានៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ ដែលជាទីណាត់ជួបរបស់ក្រុមយុវជន និងពលរដ្ឋ ដើម្បីជួបជុំលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំនេះ មានភាពស្ងាត់ជ្រងំ ពុំមានឃើញលេងដូចឆ្នាំកន្លងទៅនោះទេ។
ពលរដ្ឋដែលបានរស់នៅដោយបានឆ្លងកាត់ជាច្រើនជំនាន់ មានមតិថា ពីមួយឆ្នាំទៅមួយឆ្នាំ ឥរិយាបថរបស់ពលរដ្ឋដែលចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានលក្ខណៈធម្មតា ពុំសូវមានការចាប់អារម្មណ៍ រីឯផ្នត់គំនិតហាក់គិតថាលែងមានភាពវិសេសវិសាលដូចមុនៗទៀតទេ។
ប្រជាពលរដ្ឋដែលបានឈប់សម្រាកពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំ ពួកគាត់ខ្លះបានធ្វើដំណើរទៅស្រុកកំណើត ឬទៅទីរមណីយដ្ឋាននានា ជួបជុំបងប្អូនញាតិមិត្ត។ ការជួបជុំគ្នាក្នុងសម័យកាលដែលកាន់តែជឿនលឿននេះ ពួកគាត់បាននាំយកនូវអាហារហូបចុក ភេសជ្ជៈនានា និងគ្រឿងស្រវឹង ដើម្បីទទួលទានជុំគ្នា។ ក្រៅពីនោះ ពួកគាត់យកឱកាសនេះជុំគ្នាលេងល្បែងស៊ីសង មិនមែនជាល្បែងប្រជាប្រិយឡើយ។
អ្នកស្រី ហ៊ុយ គឹមលាង ដែលកំពុងទិញម្ហូបនៅផ្សារសុវណ្ណា បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អ្នកស្រីពុំមានគម្រោងធ្វើដំណើរឆ្ងាយនោះទេ ដោយសារអ្នកស្រីព្រួយបារម្ភពីសុវត្ថិភាពការធ្វើដំណើរ ហើយបង្វែរការជួបជុំគ្នានៅផ្ទះវិញ។
បុរសវ័យ ៥៣ឆ្នាំមួយរូបទៀត គឺលោក កែវ សុខន មានប្រសាសន៍ថា ការលេងល្បែងស៊ីសងក្នុងឱកាសបុណ្យចូលឆ្នាំ គឺកើតមានឡើងតាំងពីច្រើនជំនាន់មកហើយ បានបន្តមកដល់បច្ចុប្បន្ននេះ។
ថ្វីត្បិតតែឥរិយាបថរបស់ពលរដ្ឋមានការផ្លាស់ប្ដូរយ៉ាងនេះក្ដី ប៉ុន្តែអ្នកអភិរក្សវប្បធម៌ខ្មែរ បានកត់សម្គាល់ពលរដ្ឋខ្មែរ បានថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំនឿទំនៀមទម្លាប់ ការតុបតែងផ្កាភ្ញី និងបោសសម្អាត ការរៀបចំសែនព្រេនទទួលទេវតាឆ្នាំថ្មី និងយកគ្រឿងរណ្ដាប់ចង្ហាន់ផ្សេងៗទៅប្រគេនព្រះសង្ឃនៅទីអារាមនោះ គឺនៅរក្សាបានដដែល។
ប្រធានសមាគមកេរដំណែលខ្មែរ លោក ចិន្ត ច័ន្ទរតនា មានប្រសាសន៍ថា ចាប់ពីសតវត្សទី១៩ និងសតវត្សទី២០ ពីឆ្នាំ១៩១០ ដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋបានរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវជំនឿទំនៀមទម្លាប់ លើកលែងតែជំនាន់ដែលមានសង្គ្រាមតែប៉ុណ្ណោះ។ លោកថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំដែលមានលេងល្បែងប្រជាប្រិយរួមគ្នានោះ គឺជាពេលវេលាមួយដែលសបញ្ជាក់ពីភាពរាក់ទាក់ ការអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយក៏សបញ្ជាក់ពីភាពស្មោះត្រង់របស់ពលរដ្ឋខ្មែរតាំងពីបរមបុរាណមក។ ចំណែកឯការប្រាសចាកពីគន្លងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដូចជាការយកពេលវេលានេះ ទៅជួបជុំគ្នាលេងល្បែងស៊ីសងពាលាអាវ៉ាសែ និងទទួលទានគ្រឿងស្រវឹងជ្រុលនោះ គឺជាការបំផ្លាញវប្បធម៌មួយដោយឥតដឹងខ្លួន។
បើទោះជាគេសង្កេតឃើញថា ប្រជាពលរដ្ឋនៅតាមភូមិលែងសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយដូចជាបោះអង្គញ់ ទាញព្រ័ត្រ ចោលឈូង លាក់កន្សែង ក្លែងចាប់កូនមាន់ ក៏ដោយចុះ ប៉ុន្តែនៅតាមស្ថាប័នរដ្ឋ និងឯកជននានា ក៏បានរៀបចំកម្មវិធីជួបជុំលេងកម្សាន្តនៅមុនពិធីបុណ្យចូលឆ្នាំមកដល់ខ្លះដែរ។
នៅតាមចម្លាក់នៅលើផ្ទាំងសិលាប្រាសាទបាយ័ន គេឃើញមានឆ្លាក់រៀបរាប់ពីទិដ្ឋភាពទូទៅនៃជីវភាពនៃសង្គមខ្មែរនាសម័យនោះ និងមានឆ្លាក់ពីភាពសប្បាយរីករាយ ដោយមានវង់ភ្លេង និងអ្នករាំកម្សាន្តជាដើម។
ប៉ុន្តែ ដើម្បីឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីខ្មែរ កេរ្តិ៍ឈ្មោះប្រទេសដែលមានអត្តសញ្ញាណជាតិតទៅថ្ងៃអនាគត ដូចពាក្យស្លោកដែលគេតែងតែលើកថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាននោះ គឺមានតែប្រជាពលរដ្ឋខ្មែរនាំគ្នាថែរក្សា និងលើកតម្កើងពិធីបុណ្យនានានោះ ឲ្យមានជីវិតរស់រវើកក្នុងសង្គម និងធ្វើសកម្មភាពប្រជុំផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីប្រពៃណីដ៏ល្អរបស់បុព្វបុរសខ្មែរឲ្យបានទូលំទូលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
