សមត្ថកិច្ច​សាកសួរ​ឆ្មាំ​យាម​ភ្នំ​ព្រះរាជទ្រព្យ​ពាក់ព័ន្ធ​ការ​បាត់​កោដ្ឋ​មាស​ព្រះ​សារីរិកធាតុ

មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​កណ្ដាល បាន​បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​សាកសួរ​មន្ត្រី ឬ​ឆ្មាំ​យាម​ភ្នំ​ព្រះរាជទ្រព្យ អតីត​រាជធានី​ឧត្តុង្គ មួយ​ចំនួន ដែល​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​បាត់​កោដ្ឋ​មាស តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ និង​របស់​មាន​តម្លៃ​មួយ​ចំនួន​ទៀត​នៅ​លើ​ភ្នំ​នេះ។

0:00 / 0:00

លោក ផៃ ប៊ុនឈឿន អភិបាល​ខេត្ត​កណ្ដាល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ ធ្នូ ថា កម្លាំង​ចម្រុះ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ និង​មន្ត្រី​នគរបាល​ក្នុង​តំបន់ កំពុង​បើក​ការ​ស៊ើប​អង្កេត​ដោយ​កោះ​ហៅ​ឆ្មាំ​យាម​ភ្នំ​ព្រះរាជទ្រព្យ​ដែល​មាន​ភារកិច្ច​យាម​របស់​មាន​តម្លៃ​ទាំង​នេះ មក​សាកសួរ។ បើ​ទោះ​ជា​បែប​ណា លោក​បញ្ជាក់​ថា ចំណាត់​ការ​នេះ​នៅ​ពុំ​ទាន់​កំណត់​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ ហើយ​ក៏​ពុំ​មាន​របាយការណ៍​ពី​ចំនួន​របស់​ដែល​ត្រូវ​បាត់​បង់​នៅ​ឡើយ​ដែរ៖ «សមត្ថកិច្ច​នគរបាល​ខេត្ត​ដែល​មាន​ការ​ចូល​រួម​ពី​ជំនាញ​ពាក់ព័ន្ធ កំពុង​តែ​មាន​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ ការ​បាត់​បង់​សម្ភារៈ​ស្អី​ខ្លះ គឺ​មិន​ទាន់​បាន​ដឹង ព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត និង​ដែន​សមត្ថកិច្ច​របស់​សមត្ថកិច្ច។ មុខ​សញ្ញា យើង​ឥត​ទាន់​កំណត់​មុខ​សញ្ញា​ថា​ខាង​ទេ ព្រោះ​ឥឡូវ​នេះ យើង​កំពុង​តែ​សួរ​ព័ត៌មាន​នៅ​ជុំវិញ​ហ្នឹង ទាក់ទង​នឹង​បញ្ហា​ឆ្មាំ​អី​ទេ។ រឿង​កំណត់​មុខ​សញ្ញា​យើង​មិន​ទាន់​មាន​ទេ»

បើ​ទោះ​ជា​បែប​ណា មន្ត្រី​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នេះ នៅ​មិន​ទាន់​អាច​ទម្លាយ​ព័ត៌មាន​ពិស្ដារ​នៅ​ឡើយ​អំពី​ចំនួន​នៃ​ការ​បាត់​បង់ ដោយ​អះអាង​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​តាម​ដាន​នៅ​ឡើយ។

ព្រះ​សក្យមុនីចេតិយ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ត្រូវ​ចោរ​លួច​គាស់​យក​សម្ភារៈ​មាន​តម្លៃ​នៅ​ទី​នោះ កាល​ពី​យប់​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ ព្រះ​សក្យមុនីចេតិយ នេះ​មាន​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ ធ្វើ​ពី​មាស សំរឹទ្ធ និង​លង្ហិន ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។ អ្វី​ដែល​ចម្លែក ក្នុង​បរិវេណ​នេះ​មាន​មន្ត្រី​ឆ្មាំ​យាម​ជា​ច្រើន​នាក់ ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​រក​មូលហេតុ​ពិត​នៃ​ការ​បាត់​នេះ​ដោយសារ​អ្វី​នៅ​ឡើយ​ទេ។

ទាក់​ទិន​នឹង​ដំណឹង​ពី​ការ​ចូល​លួច​កោដ្ឋ​ដាក់​ព្រះបរមសារីរិកធាតុ​នៅ​លើ​កំពូល​ភ្នំ​ព្រះរាជទ្រព្យ​នេះ លោក វណ្ណ វិចារ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ទៅ​តាម​ដាន​បញ្ហា​នេះ​នៅ​កន្លែង​កើត​ហេតុ​ផ្ទាល់ មាន​សេចក្ដី​រាយការណ៍​ពី​ស្ថានភាព​នៅ​ភ្នំ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។