សង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិល្បៈបុរាណ លើកឡើងថា ចំនួនយុវជនចាប់អារម្មណ៍រៀន និងគាំទ្រវិស័យសិល្បៈបុរាណ នៅតែតិចតួច និងបានថយចុះជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ។ ទន្ទឹមគ្នានេះ អ្នកជំនាញសិល្បៈអំពាវនាវដល់បណ្ដាបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ រួមទាំងប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនជួយថែរក្សាស្នាដៃសិល្បៈបុរាណកុំឲ្យសាបសូន្យ។
អ្នកជំនាញសិល្បៈផ្នែកសិល្បៈបុរាណ ព្រួយបារម្ភថា សិល្បៈរបាំបុរាណខ្មែរអាចប្រឈមនឹងការបាត់បង់សាបសូន្យទៅថ្ងៃអនាគត ខណៈសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណគ្រប់ទម្រង់មានវ័យកាន់តែចាស់ៗអស់ទៅហើយនោះ។
ក្តីបារម្ភរបស់អ្នកជំនាញសិល្បៈផ្នែកសិល្បៈបុរាណនៅពេលនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតាំងពិព័រណ៍ស្នាដៃ និងអនាគតលើកទី៤ ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែមីនា។ សន្និសីទសារព័ត៌មាននេះ មានគោលបំណងបង្កើនការផ្សព្វផ្សាយសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ និងកៀរគរយុវជនឲ្យចូលរួមគិតពីអនាគតសិល្បៈបុរាណ។
ប្រធានផ្នែកសមាគមសិល្បៈរីកសាយ លោក ហង់ ភូមិរ៉ា មានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវកន្លងមក មានយុវជនតិចជាង ៥០% ដែលគាំទ្រសិល្បៈបុរាណខ្មែរ។ លោកថា កត្តានេះមកពីកង្វះការផ្សព្វផ្សាយ កង្វះទីផ្សារការងារ លំហូរចូលវប្បធម៌បរទេស និងការឲ្យតម្លៃនិងនិយមជ្រុលវប្បធម៌បរទេស៖ « ឲ្យតែមានសិល្បៈបរទេសចូលមកខ្មែរ ទាំងការប្រគំតន្ត្រីអីក៏ដោយ គឺយុវជនភាគច្រើនគាត់នាំគ្នាចូលទិញសំបុត្រចូលមើលកុះករ តែបើសិល្បៈបុរាណខ្មែរវិញ បើទោះជាឲ្យមើលមិនអស់លុយ ក៏មិននាំគ្នាទៅមើលដែរ។ ហេតុនេះខ្វះការគាំទ្រពីស្ថាប័នពាក់ព័ន្ធហ្នឹងហើយ សិល្បៈបុរាណខ្មែរវាប្រឈមនឹងធ្លាក់ចុះណាស់ »។
ទន្ទឹមគ្នានេះដែរ សាស្ត្រាចារ្យផ្នែកល្ខោនយីកេ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អ្នកស្រី អ៊ុយ លតាវណ្ណ ឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំមានយុវជនតិចតួចណាស់ ដែលចាប់អារម្មណ៍រៀនផ្នែកសិល្បៈរបាំបុរាណ ព្រោះយុវជនច្រើនគិតថា របាំ និងល្ខោនបុរាណពិបាករៀន មានលក្ខណៈស្មុគស្មាញទាមទារឲ្យមានការអត់ធ្មត់ច្រើន ជាងនេះទៀត ខ្វះទីផ្សារការងារ បើធៀបនឹងសិល្បៈសម័យ ឬមុខជំនាញដទៃ។ ជាក់ស្ដែងនៅសាលាវិចិត្រសិល្បៈ កាលពីឆ្នាំ២០១៥ មានសិស្សយីកេចំនួន ២នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសជាបុគ្គលិកក្របខ័ណ្ឌក្រសួងវប្បធម៌។ សាស្ត្រាចារ្យរូបនេះជំរុញឲ្យយុវជនងាកមកគាំទ្រសិល្បៈបុរាណខ្មែរឡើងវិញ៖ « សូមឲ្យយុវវ័យយើងទាំងអស់ងាកមកគាំទ្រសិល្បៈបុរាណខ្មែរ ព្រោះយុវជន គឺជាអ្នកបន្តវេនក្នុងការផ្សព្វផ្សាយសិល្បៈខ្មែរ »។
ចំណែកឯតំណាងយុវជនដែលចូលរួមកម្មវិធីនេះ លោក រៀម ចំរើន យល់ថា នៅពេលដែលការគាំទ្ររបស់យុវជនធ្លាក់ចុះ ខណៈបណ្ដាញសង្គមកំពុងរីកសុះសាយ សិល្បៈបុរាណខ្មែរ នឹងកាន់តែជួបហានិភ័យកាន់ខ្លាំង។ លោកស្នើឲ្យរដ្ឋាភិបាលត្រូវមានកញ្ចប់ទុនបន្ថែម រួមទាំងផ្សព្វផ្សាយបន្ថែមដើម្បីសង្គ្រោះសិល្បៈបុរាណខ្មែរឲ្យរស់រានមានជីវិតឡើងវិញ៖ « បើសិនទូរទស្សន៍ក្នុងស្រុកផ្សាយតែវប្បធម៌បរទេស អត់នាំគ្នាផ្សាយវប្បធម៌ខ្មែរ អាហ្នឹងហើយវាកាន់បាត់បង់សាបសូន្យទៅ »។
នៅក្នុងសន្និបាតបូកសរុបការងារវប្បធម៌ ឆ្នាំ២០១៥ និងលើកទិសដៅការងារវប្បធម៌ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីដើមខែមករា កន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ក៏ធ្លាប់លើកឡើងថា កង្វះធនធានមន្ត្រីជំនាញផ្នែកសិល្បៈបុរាណកំពុងក្លាយជាឧបសគ្គលើការបំពេញការងារវប្បធម៌ និងវិចិត្រសិល្បៈរបស់ក្រសួង។
ទោះជាយ៉ាងក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មាននេះ ទាំងអ្នកជំនាញសិល្បៈ សង្គមស៊ីវិល និងសាស្ត្រាចារ្យសិល្បៈបុរាណ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ស្នាដៃ និងអនាគតលើកទី៤ រយៈពេលបីថ្ងៃនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ដើម្បីសង្គ្រោះជីវិតសិល្បៈបុរាណ និងនាំយកនូវរបាំប្រពៃណីខ្មែរសំខាន់ៗមួយចំនួនដែលកំពុងតែបាត់បង់ប្រជាប្រិយភាព និងស្ទើរតែបាត់បង់រូបរាងមកបង្ហាញដល់ពលរដ្ឋខ្មែរ ពិសេសយុវជនជំនាន់ក្រោយឲ្យងាកមកគិតពីអនាគតសិល្បៈបុរាណខ្មែរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
