សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​​នៅខេត្ត​ព្រៃវែង

សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា-វៀតណាម ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរ ខេត្ត​ព្រៃវែង បាន​បើក​បវេសនកាល​ទទួល​សិស្ស​អោយ​ចូល​រៀន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៣។

0:00 / 0:00

សិស្ស​ដែល​សិក្សា​នៅ​សាលា​នេះ ភាគ​ច្រើន​ជា​កូន​ចៅ​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង។ ឯ​កម្មវិធី​សិក្សា​វិញ មាន​ទាំង​ភាសា​ខ្មែរ និង​វៀតណាម។ សិស្ស​ប្រមាណ ២២០​នាក់ ក្នុង​នោះ ៧០% មាន​ដើម​កំណើត​ជា​វៀតណាម បាន​ចាប់​ផ្ដើម​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៣-២០១៤ នៅ​សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា-វៀតណាម។

បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀតណាម ឈ្មោះ វៀតណាម​ផ្លាស (Vietnam Plus) បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ធ្នូ ថា សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា-វៀតណាម ត្រូវ​បាន​សាងសង់​រួច​រាល់ និង​ដាក់​សម្ពោធ​អោយ​ដំណើរ​ការ​នៅ​ខែ​សីហា ឆ្នាំ​២០១២។ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា សាលា​នេះ​ត្រូវ​បាន​កសាង​ឡើង​លើ​ផ្ទៃ​ដី​ជាង ៤​ពាន់​ម៉ែត្រ​ការ៉េ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ ១៩​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រាក់​ប្រមាណ ១៥​ម៉ឺន​ដុល្លារ ជា​ការ​ឧបត្ថម្ភ​របស់​គណៈកម្មការ​ប្រជាជន​ខេត្ត​ដុងថាប របស់​ប្រទេស​វៀតណាម។

វៀតណាម​ផ្លាស អោយ​ដឹង​បន្ថែម​ថា នៅ​ពេល​បច្ចុប្បន្ន សាលា​មាន​ថ្នាក់​រៀន​សរុប​ចំនួន​៧ ក្នុង​នោះ​ថ្នាក់​សម្រាប់​សិស្ស​វៀតណាម មាន​ចំនួន​៥ និង​ថ្នាក់​សម្រាប់​សិស្ស​ខ្មែរ​ចំនួន​២។ សិស្ស​ដែល​រៀន​នៅ​សាលា​នេះ មិន​មាន​ការ​បង់​ប្រាក់​អ្វី​ទេ ហើយ​សាលា​ផ្តល់​សម្លៀកបំពាក់​អោយ​ពួក​គេ​ទៀត​ផង។

ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម ប្រចាំ​កម្ពុជា លោក ចាវ វ៉ាងជី (Chau Vang Chi) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ធ្នូ ថា គោល​បំណង​នៃ​ការ​បង្កើត​សាលា​បឋម​សិក្សា​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កូន​ចៅ​ខ្មែរ និង​កូន​ចៅ​ជនជាតិ​វៀតណាម ដែល​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលា ឬ​ដោយសារ​សាលា​មាន​ទីតាំង​ឆ្ងាយ​ពី​ផ្ទះ បាន​ទទួល​ការ​អប់រំ​ដូច​ក្មេង​ឯ​ទៀត។ លោក​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​នេះ សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា-វៀតណាម ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​សមាគម​របស់​លោក។ ហើយ​មូលនិធិ​ទាំងអស់​នោះ គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​ប្រជាជន​វៀតណាម ដែល​មាន​ជីវភាព​ធូរធារ ដូច​ជា​ពួក​អាជីវករ​ជាដើម។

លោក ចាវ វ៉ាងជី៖ «សាលា​ហ្នឹង គឺ​យើង​បាន​សុំ​ការ​អនុញ្ញាត​ពី​សាលា​ខេត្ត ដើម្បី​កសាង​សាលា ក៏​ដូច​ជា​មាន​ការ​អនុញ្ញាត​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​យើង​បើក​សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា-វៀតណាម សិស្ស​សាលា​ទាំងអស់​ដែល​នៅ​ស្រុក​ពាមរ ហ្នឹង គឺ​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រៀន ហើយ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ហ្នឹង មាន​ការ​ឧបត្ថម្ភ​ពី​សមាគម​យើង​ខ្ញុំ ដោយ​គ្មាន​យក​ប្រាក់​អ្វី​ទាំងអស់​ដល់​សិស្ស​សាលា»

ចំពោះ​កម្មវិធី​សិក្សា​វិញ លោក វ៉ាងជី បាន​អោយ​ដឹង​ថា សាលា​យក​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​មាន​បញ្ចូល​ភាសា​វៀតណាម បន្ថែម​ពី​កម្មវិធី​ក្រសួង។ តែ​លោក​ថា សិស្ស​ខ្មែរ​អាច​ជ្រើស​រើស​រៀន​ភាសា​ខ្មែរ​សុទ្ធ​ក៏​បាន ប្រសិន​បើ​ឪពុក​ម្តាយ​របស់​សិស្ស​ទាំង​នោះ​មិន​ចង់​អោយ​កូន​របស់​ពួក​គេ​រៀន​ភាសា​វៀតណាម។ លោក​ថា នៅ​ពេល​សិស្ស​ទាំង​នោះ​រៀន​ចប់​ថ្នាក់​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា-វៀតណាម ពួក​គេ​អាច​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​បន្ត​ទៀត៖ «ក្នុង​នេះ យើង​មាន​គ្រូ ២​រូប ដើម្បី​អោយ​គាត់​បង្រៀន​សិស្ស​យើង​ហ្នឹង​តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​កម្មវិធី​រៀន​អក្សរ​វៀតណាម គ្រូ​វៀតណាម ប៉ុន្តែ​គាត់​រស់​នៅ​ប្រទេស​កម្ពុជា យើង​ហ្នឹង​ណា ដើម្បី​អោយ​គាត់​រៀន​ជា​ភាសា​វៀតណាម ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​វៀតណាម ហ្នឹង​ចេះ​ភាសា​វៀតណាម ចេះ​អក្សរ​វៀតណាម»

បើ​តាម លោក ចាវ វ៉ាងជី នេះ សាលា​បឋម​សិក្សា​មួយ​ទៀត​ដែល​សមាគម​សហព័ន្ធ​កម្ពុជា-វៀតណាម បង្កើត​ឡើង​បន្ទាប់​ពី​សាលា​ទី​១ ត្រូវ​បាន​បើក​អោយ​ដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩។ លោក​ថា នៅ​ថ្ងៃ​អនាគត សមាគម​របស់​លោក​អាច​នឹង​សាងសង់​សាលា​បែប​នេះ​បន្ថែម​ទៀត នៅ​តាម​តំបន់​ដែល​ប្រជាជន​មាន​ជីវភាព​លំបាក ប្រសិន​បើ​សមាគម​លោក​អាច​រៃអង្គាស​បាន​ថវិកា​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។