លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែមេសា បានប្រកាសថា រដ្ឋាភិបាលនឹងរៀបចំបុណ្យប្រពៃណីជាតិអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ។
ការប្រកាសនេះ ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិ "មរតកតេជោ" នៅក្នុងខណ្ឌឫស្សីកែវ ជាយរាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ៖ «ឆៃ ធ្វើឲ្យខ្លាំងតិចមក ដាក់ជាមួយ យ៉ាន ហ្នឹងម្តង ដាក់ជាមួយទូក យ៉ាន តែម្តង សាម៉ន អត់មានទូកគេ? បើទូកមានតែទូកត្នោត ទូកត្នោតស្វាយរៀង ប្រហែលមានឌីសែនជ័យ បារមីបូព៌ា ហើយ និងសាអែម សែនជ័យ បារមីបូព៌ា»។
លោកនាយករដ្ឋមន្ត្រីបានប្រកាសពន្យារពេលនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចំនួន ២ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ កន្លងទៅនេះ។ មូលហេតុនៃការពន្យារពេលនៅឆ្នាំ២០១១ គឺដោយសារតែទឹកជំនន់ឡើងខ្ពស់ពេកនៅទន្លេចតុមុខ និងទន្លេសាប ដែលលោកបារម្ភថាខ្លាចបង្កហានិភ័យក្នុងពិធីបុណ្យអុំទូកនោះ។
មូលហេតុនៃការពន្យារពេលនៅឆ្នាំ២០១២ កន្លងទៅនេះ គឺដោយសារតែកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល ត្រូវកាន់មរណទុក្ខចំពោះព្រះមហាវីរក្សត្រ ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ដែលបានសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
