ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរអប្សរានៃប្រទេសកម្ពុជា បានសហការជាមួយអ្នកជំនាញនៃប្រទេសថៃ តាំងតែពីអំឡុងឆ្នាំ២០០៥ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវផ្លូវបុរាណមួយខ្សែប្រវែង ២៥០គីឡូម៉ែត្រ ដែលចាកចេញពីទីក្រុងអង្គរ រហូតទៅដល់ក្រុងភីម៉ាយ (Phimai) ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ ទៅហើយ។
ការស្រាវជ្រាវដែលធ្វើឡើងរយៈពេល ១០ឆ្នាំ បានធ្វើឲ្យក្រុមអ្នកជំនាញកម្ពុជា-ថៃ ទទួលស្គាល់ថា គេបានរកឃើញកេរ្តិ៍ដំណែលដែលកប់បាត់ជាយូរមកហើយជាច្រើន សម្រាប់ចងក្រងទុកជាឯកសារឲ្យអ្នកសិក្សាជំនាន់ក្រោយ បានយល់ដឹងអំពីវប្បធម៌ និងការរស់នៅរបស់មនុស្សសម័យមុនឡើងវិញ។
មន្ត្រីអាជ្ញាធរអប្សរា ទទួលបន្ទុកថែរក្សា និងការពារប្រាសាទបុរាណនៅក្នុងខេត្តសៀមរាប រួមជាមួយមូលនិធិស្រាវជ្រាវ ព្រមទាំងរាជបណ្ឌិត្យសភាយោធាចុល្លាចោមក្លាវ របស់ប្រទេសថៃ បានធ្វើសិក្ខាសាលារួមគ្នា ផ្សព្វផ្សាយអំពីលទ្ធផលនៃគម្រោងស្រាវជ្រាវផ្លូវបុរាណ ដែលមានកិច្ចសហការគ្នារវាងខ្មែរ និងថៃ ជាច្រើនឆ្នាំមកហើយ។
ការផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ គឺមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយផ្លូវបុរាណ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយជាច្រើននាក់ ក៏បានចូលរួមផងដែរ។
ទីប្រឹក្សាគម្រោងស្រាវជ្រាវ និងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ តម្កល់ឯកសារអង្គរ គឺលោកសាស្ត្រាចារ្យ អាំង ជូលាន។ លោកមានប្រសាសន៍នៅក្នុងពេលផ្សព្វផ្សាយអំពីលទ្ធផលនៃគម្រោងស្រាវជ្រាវផ្លូវបុរាណ ដែលមានកិច្ចសហការរវាងខ្មែរ-ថៃ នោះថា ចាប់តាំងតែពីឆ្នាំ២០០៥ មក ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាយោធាចុល្លាចោមក្លាវ របស់ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមអ្នកជំនាញរបស់ខ្មែរ ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវផ្លូវបុរាណមួយខ្សែប្រវែង ២៥០គីឡូម៉ែត្រ ចាប់ពីក្រុងអង្គរ ឆ្ពោះទៅប្រាសាទស្ដុកកុកធំ និងឆ្ពោះទីក្រុងភីម៉ាយ (Phimai) ដែលជាអតីតនៃអាណាចក្រអង្គរ។
លោកសាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់ទៀតថា ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាបរទេសជាច្រើន បានចាប់អារម្មណ៍សិក្សាទៅលើការស្រាវជ្រាវអារ្យធម៌បុរាណនៃប្រទេសកម្ពុជា ចាប់តាំងតែពីសតវត្សទី១៩ មកម្ល៉េះ ក៏ប៉ុន្តែកាលណោះ ការសិក្សាស្រាវជ្រាវមិនមានឧបករណ៍ទំនើបដូចពេលបច្ចុប្បន្ននេះទេ។ លោកសាស្ត្រាចារ្យឲ្យដឹងថា ក្រុមអ្នកជំនាញខ្មែរ និងថៃ ដែលសហការគ្នាស្រាវជ្រាវផ្លូវបុរាណរយៈពេល ១០ឆ្នាំមកនេះ មិនមែនត្រឹមតែរកឃើញផ្លូវបុរាណតែប៉ុណ្ណោះទេ គឺរកឃើញសំណល់បុរាណជាច្រើនប្រភេទទៀត៖ «វាមិនមែនតែផ្លូវនោះទេ តែតាមផ្លូវហ្នឹងវាមានសំណង់ផ្សេងៗ ដូចជាសំណល់នៃមន្ទីរពេទ្យ និងកន្លែងដែលគេបន់ស្រន់ ជាពិសេសកន្លែងមន្ទីរពេទ្យជំនាន់រាជព្រះបាទជ័យវរ្ម័នទី៧ ជាដើម»។
អ្នកស្រាវជ្រាវរបស់ប្រទេសថៃ យល់ឃើញថា ការស្រាវជ្រាវផ្លូវបុរាណមួយខ្សែដែលចាកចេញពីទីក្រុងអង្គរ ឆ្ពោះទៅភាគខាងលិច ហើយបច្ចុប្បន្ន ផ្លូវមួយកំណាត់បានស្ថិតនៅក្នុងទឹកដីថៃ ទៅហើយនោះ មិនត្រឹមតែធ្វើឲ្យគេរកឃើញអ្វីៗដែលមនុស្សសម័យបុព្វកាលបន្សល់ទុកប៉ុណ្ណោះទេ វាក៏មានសារសំខាន់យ៉ាងខ្លាំងដល់ផ្នែកទំនាក់ទំនងវប្បធម៌ និងការរស់នៅរបស់មនុស្សសម័យបុរាណជាមួយនឹងប្រជាពលរដ្ឋសម័យបច្ចុប្បន្នដែរ។
លោកបណ្ឌិត ស៊ូរ៉ាត លឿតលុម (Surat Lertlum) មកពីរាជបណ្ឌិត្យសភាយោធាចុល្លាចោមក្លាវ របស់ថៃ មានប្រសាសន៍ថា ក្នុងការស្រាវជ្រាវផ្លូវបុរាណរយៈពេល ១០ឆ្នាំមកនេះ គឺគេបានរកឃើញកន្លែងស្លដែករបស់សម័យអង្គរយ៉ាងសំខាន់ ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់អង្គរវត្ត ព្រមទាំងរកឃើញកន្លែងផលិតអំបិល ដែលមនុស្សបុរាណធ្វើពីដីច្រាបនៅជុំវិញទីក្រុងភីម៉ាយ៖ «ជារួមការស្រាវជ្រាវផ្លូវបុរាណដែលសហការគ្នារវាងខ្មែរ និងថៃ នេះ គឺយើងបានប្រមូលព័ត៌មាន ស្រង់ទិន្នន័យ និងស្រាវជ្រាវអំពីប្រពៃណី វប្បធម៌ សន្តិសុខ ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវនោះផង»។

លោក ត័ន ប៊ុនសុយ អគ្គនាយករងនៃអាជ្ញាធរអប្សរា ទទួលបន្ទុកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ថ្លែងថា វាមានសារសំខាន់ខ្លាំងណាស់ចំពោះគម្រោងស្រាវជ្រាវផ្លូវបុរាណខ្មែរ-ថៃ ដោយបានប្រមូលរាល់ព័ត៌មានដែលទាក់ទងនឹងផ្លូវបុរាណទាំងនេះ រួមទាំងព័ត៌មានអំពីការរស់នៅរបស់ប្រជាជន ដែលរស់នៅតាមបណ្ដោយផ្លូវចាប់តាំងតែពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន៖ «គម្រោងសហការខ្មែរ និងថៃ នេះ បានយកទិន្នន័យទទួលបានពីការស្រាវជ្រាវ ទៅសិក្សាវិស័យយុទ្ធសាស្ត្រប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំងប្រើជាមធ្យោបាយបង្កើតចំណងទាក់ទងគ្នា និងយោគយល់គ្នាទៅវិញទៅមកផង»។
កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ ក្រុមអ្នកស្រាវជ្រាវខ្មែរ-ថៃ បានដឹកនាំគណៈប្រតិភូ និងអាជ្ញាធរឃុំ-ស្រុករបស់ខ្មែរ ចំនួនជាង ១០០នាក់ ចុះទៅពិនិត្យមើលខ្សែផ្លូវបុរាណដែលនៅសេសសល់ ក្នុងភូមិគោល ឃុំគោល នៃស្រុកអង្គរជុំ ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រភាគខាងលិចពីទីក្រុងអង្គរ។ នៅទីនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញមន្ទីរពេទ្យដ៏សំខាន់បំផុតរបស់សម័យអង្គរ ព្រមទាំងរកឃើញទីក្រុង និងកន្លែងផលិតដែក។
អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា តាមការពិនិត្យលើរចនាសម្ព័ន្ធបុរាណ គឺភូមិគោល បច្ចុប្បន្ន អាចជាទីប្រជុំជននៃមណ្ឌលរដ្ឋបាលបុរាណមួយ ដែលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រភាគខាងលិចពីទីក្រុងអង្គរ។ លោក អ៊ឹម សុខរិទ្ធី អះអាងថា ភូមិគោល នេះ មិនត្រឹមតែជាមណ្ឌលរដ្ឋបាលសំខាន់នៅសម័យបុរាណប៉ុណ្ណោះទេ វាក៏ជាកន្លែងឧស្សាហកម្មផលិតដែក ពីព្រោះនៅជុំវិញទីនោះ គឺបានរកឃើញសំណល់ផលិតដែករហូតដល់ទៅ ៧កន្លែងធំៗ៖ «ទីតាំងមួយនេះធំណាស់ ដែលមានផ្ទៃដីជើងត្បូងប្រហែលជាង ១០០ម៉ែត្រ ហើយលិចកើតប្រហែលជា ២០០ម៉ែត្រ សុទ្ធតែជាទីតាំងពីមុនគេផលិតដែក»។
លោក អ៊ឹម សុខរិទ្ធី ឲ្យដឹងថា តាមការសិក្សាផ្លូវបុរាណមួយខ្សែដែលមានប្រវែង ២៥០គីឡូម៉ែត្រចេញពីតំបន់អង្គរឆ្ពោះទៅទិសខាងលិចរយៈពេលជាច្រើនឆ្នាំមកនេះ គេបានរកឃើញស្ពានដែលធ្វើពីថ្មបាយក្រៀម ថ្មភក់ ចំនួន ១០៦ស្ពាន និងស្ពានខ្លះទៀតសាងសង់អំពីឈើ។ លោក អ៊ឹម សុខរិទ្ធី ឲ្យដឹងទៀតថា ក្នុងសម័យអាណាចក្រអង្គរ គឺបានសាងសង់ផ្លូវបុរាណសំខាន់ៗជាច្រើនខ្សែ ដូចជា ផ្លូវចេញពីទីក្រុងអង្គរឆ្ពោះទៅភាគខាងលិច រហូតដល់ក្រុងភីម៉ាយ ប្រវែង ២៥០គីឡូម៉ែត្រ។ ផ្លូវមួយខ្សែទៀត ចេញពីភាគខាងលិចឆ្ពោះទៅសមុទ្រឥណ្ឌា ប្រវែងមិនដឹងច្បាស់ ដោយគេរកឃើញភស្តុតាងប្រវែងជាង ១០០គីឡូម៉ែត្រដែលនៅសេសសល់។ ផ្លូវមួយខ្សែទៀតប្រវែងជាង ៤០០គីឡូម៉ែត្រឆ្ពោះទៅសមុទ្រចិនភាគខាងត្បូង ហើយឆ្ពោះទៅទីក្រុងវិជ័យ អតីតនគរចម្ប៉ា និងផ្លូវឆ្ពោះទៅវត្តភូ ភាគខាងត្បូងនៃប្រទេសឡាវ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
