មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បង្កើត​គម្រោង​ស្រាវជ្រាវ​លើ​អត្តសញ្ញាណ​ចាម

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​គម្រោង​ស្រាវជ្រាវ​មួយ​ថ្មី​ទៀត គឺ​ឈ្មោះ​ថា អត្តសញ្ញាណ​ចាម ដែល​ជា​គម្រោង​ថ្មី​មួយ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​ម៉ាឡេស៊ី។ គម្រោង​នេះ​សិក្សា​អំពី​វប្បធម៌ ប្រពៃណី និង​អក្សរសាស្ត្រ​ចាម ដែល​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ដើម​ខែ​កក្កដា ខាង​មុខ​នៅ​ខេត្ត​ចំនួន​៣ ដែល​មាន​ជនជាតិ​ចាម​រស់នៅ។

0:00 / 0:00

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ប្រវត្តិសាស្ត្រ​បាន​លើក​ឡើង​ថា ជា​រឿង​ល្អ​មួយ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្កើត​គម្រោង​នេះ​ឡើង ដែល​ជា​ការ​ឲ្យ​តម្លៃ​លើ​វប្បធម៌ និង​ប្រពៃណី​របស់​ជនជាតិ​ចាម នៅ​កម្ពុជា។

ប្រធាន​គម្រោង​ថែ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ចាម នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ មិថុនា ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​គម្រោង​មួយ​ថ្មី​ទៀត​ឈ្មោះ​ថា អត្តសញ្ញាណ​ជនជាតិ​ចាម ក្នុង​គោល​បំណង​ថែ​រក្សា​ប្រវត្តិសាស្ត្រ ភាសា ប្រពៃណី និង​ទំនៀមទម្លាប់​ជនជាតិ​ចាម នៅ​កម្ពុជា។

ប្រធាន​គម្រោង​ថែ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ចាម នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កញ្ញា សូ ហ្វារីណា មាន​ប្រសាសន៍​ថា គម្រោង​នេះ គឺ​សិក្សា​ស្រាវជ្រាវ​រយៈពេល ១​ឆ្នាំ ដែល​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ ទៅ។ កញ្ញា សូ ហ្វារីណា បាន​បញ្ជាក់​ថា គម្រោង​នេះ​ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​៤ គឺ​ទី១ ការ​ចងក្រង​ស្រាវជ្រាវ​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ ភាសា។ ទី២ ការ​តាំង​ពិព័រណ៍​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​បាន​បញ្ចប់។ ទី៣ ការ​តាំង​ពិព័រណ៍​សូត្រ​ដែល​សហគមន៍​ចាម បាន​ចាប់​មុខ​របរ​តម្បាញ​ក្រមា និង​សារុង ជាដើម តែ​បច្ចុប្បន្ន​បាត់បង់​ស្ទើរ​ទាំង​ស្រុង និង​ទី៤ ការ​អប់រំ​តាម​រយៈ​ការ​ធ្វើ​សិក្ខា​សាលា បាឋកថា​ដើម្បី​បង្កើន​ការ​យល់​ដឹង។

កញ្ញា ហ្វារីណា បញ្ជាក់​ថា គម្រោង​នេះ​នឹង​ធ្វើ​នៅ​ភូមិ​អូត្រាវ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ភូមិ​ស្រែព្រៃ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​នៅ​ភូមិ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។ កញ្ញា​បន្ថែម​ទៀត​ថា ការ​សម្រេច​ជ្រើស​រើស​យក​ទីតាំង​ទាំង​នេះ ដោយសារ​តែ​ជា​ទីតាំង​ភូមិសាស្ត្រ និង​មាន​អគារ​បន្សល់​ទុក​មក​ពី​សម័យ​ខ្មែរ​ក្រោម ដូចជា​នៅ​ភូមិ​អូត្រាវ ជាដើម។ រីឯ​នៅ​ក្នុង​ភូមិ​ស្វាយឃ្លាំង ជា​ភូមិ​ចំណាស់​មួយ ហើយ​ជនជាតិ​ចាម ហ៊ាន​ងើប​បះបោរ​ប្រឆាំង​ខ្មែរ​ក្រហម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដោយ​ឡែក នៅ​ភូមិ​ស្រែព្រៃ ខេត្ត​កំពង់ឆ្នាំង វិញ ជា​ភូមិ​តំបន់​មួយ​ដែល​ជនជាតិ​ចាម និកាយ​អ៊ីម៉ាំសាន់ បាន​រក្សា​បាន​នូវ​វប្បធម៌ ប្រពៃណី​ខ្លះៗ និង​អក្សរ​ចាម​ដើម គឺ​កៈខៈ។ ហ្វារីណា បាន​បញ្ជាក់​ពី​មូលហេតុ​ដាក់​ឈ្មោះ​គម្រោង​ថា អត្តសញ្ញាណ​ជនជាតិ​ចាម នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ក្មេងៗ​ជំនាន់​ក្រោយ​មិន​ឲ្យ​ភ្លេច​អត្តសញ្ញាណ​របស់​ខ្លួន។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​សិក្សា​ប្រវត្តិសាស្ត្រ លោក​បណ្ឌិត រស់ ចន្ទ្រាបុត្រ បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ។ លោក​បញ្ជាក់​ថា ជា​រឿង​ល្អ​មួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ចាម នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដើម្បី​ឲ្យ​ជនជាតិ​ចាម បាន​យល់​ដឹង​អំពី​ប្រវត្តិ​របស់​ខ្លួន។

អ្នក​ប្រវត្តិសាស្ត្រ​បាន​លើក​ឡើង​ថា ជនជាតិ​ចាម មាន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជាច្រើន មាន​ដូចជា​ប្រាសាទ​បុរាណ ដែល​សាងសង់​នៅ​មុន​សតវត្ស​ទី១៦ ដែល​នៅ​ក្នុង​ប្រទេស​វៀតណាម បច្ចុប្បន្ន ហើយ​ទី​នោះ​ជា​អតីត​ទឹកដី​ចំប៉ា និង​ឯកសារ​ជាច្រើន​ទៀត ខ្លះ​មាន​តម្កល់​នៅ​បណ្ណាល័យ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ពិសេស​តម្កល់​នៅ​ប្រទេស​បារាំង ដែល​ឯកសារ​ទាំង​នោះ​មាន​សរសេរ​ជា​ភាសា​បារាំង។ ប៉ុន្តែ​ឯកសារ​ទាំង​នេះ ជនជាតិ​ចាម នៅ​កម្ពុជា ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់ និង​ចងក្រង​បន្ត​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។