ក្ដី​បារម្ភ​ពី​ការ​ស្រុត​ចុះ​នៃ​ទំនៀមទម្លាប់​ធ្វើ​គារវកិច្ច​សំពះ​សួរ​គ្នា

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​បាន​រិះគន់​ថា ទំនៀមទម្លាប់​ធ្វើ​គារវកិច្ច​សំពះ​សួរ​គ្នា​របស់​ជនជាតិ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន បាន​ធ្លាក់​ចុះ​ច្រើន។ បញ្ហា​នេះ គេ​មាន​ក្តី​បារម្ភ​ថា​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​មួយ​ដល់​សីលធម៌​សង្គម​ជាតិ ពីព្រោះ​ការ​សំពះ​សួរ​គ្នា​នោះ គឺ​ជា​វិធីសាស្ត្រ​មួយ​ជួយ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​មាន​ចិត្ត​ទោរទន់​ស្រឡាញ់​រាប់​អាន​គ្នា និង​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

0:00 / 0:00

គ្រប់​ជាតិ​សាសន៍​ក្នុង​សកលលោក​សព្វថ្ងៃ មាន​ទំនៀមទម្លាប់​មួយ​នៅ​ពេល​ដែល​គេ​ជួប​គ្នា​នៅ​ទីណា​មួយ​នោះ គឺ​តែង​តែ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រើ​កាយវិការ​ផង និង​បញ្ចេញ​វាចា​សួរ​គ្នា​ផង។

សម្រាប់​ជនជាតិ​ខ្មែរ តាំង​ពី​បុរាណ​កាល បាន​ជ្រើស​យក​ការ​សួរ​សុខ​ទុក្ខ​គ្នា​ដោយ​ប្រើ​កាយវិការ​លើក​ដៃ​ទាំង​ពីរ​សំពះ ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ?

ចាស់​ទុំ​ខ្មែរ​ជំនាន់​បុរាណ​បាន​ឲ្យ​តម្លៃ​ដល់​ការ​សំពះ​សួរ​សុខ​ទុក្ខ​គ្នា​នេះ​ថា ជា​គុណធម៌​មួយ​មាន​សារសំខាន់ ពីព្រោះ​ជា​ការ​បង្ហាញ​នូវ​គារវកិច្ច ឬ​អំពី​សីលធម៌​ឱន​លំទោន​នៃ​ការ​គោរព​សិទ្ធិ​គ្នា ឬ​បង្ហាញ​អំពី​សមាន​ចិត្ត​ស្រឡាញ់​រាប់​អាន​ដល់​មនុស្ស​ផង​គ្នា។

អ្នក​ជំនាញ​ខាង​អារ្យធម៌​ខ្មែរ​នៃ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​នៅ​ភ្នំពេញ លោក ព្រាប ចាន់ម៉ារ៉ា បាន​មាន​ប្រសាសន៍​ថា ទំនៀមទម្លាប់​ជម្រាប​សួរ​គ្នា​នោះ គឺ​ដូនតា​ខ្មែរ​ជំនាន់​ដើម​បាន​បង្កើត ដើម្បី​បញ្ជាក់​ពី​កិច្ច​ស្វាគមន៍​មួយ​ដ៏​ទន់ភ្លន់​របស់​ជនជាតិ​ខ្មែរ ដែល​ធ្លាប់​មាន​ប្រពៃណី​វប្បធម៌​ល្អ ជា​មនុស្ស​ស្លូត​បូត ប្រកាន់​យក​សីលធម៌​អហិង្សា។

លោក ព្រាប ចាន់ម៉ារ៉ា៖ «កាល​ណា​យើង​ចេះ​លើក​ដៃ​សំពះ​គេ សំពះ​ឯង ហើយ​គេ​សំពះ​មក​យើង​វិញ​ក៏ដោយ ខ្ញុំ​មិន​ដឹង​គេ​ដទៃ​ទៀត​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​បើ​ខ្ញុំ កាល​ណា​លើក​ដៃ​សំពះ​គេ ហើយ​គេ​សំពះ​មក​យើង​វិញ គឺ​ថា​ជា​ស្វ័យ​ប្រវត្តិ ចិត្ត​យើង​ម្នាក់ៗ​ហ្នឹង គឺ​ថា​វា​មាន​សេចក្តី​ឱន​លំទោន មិន​មែន​ឱន​លំទោន​ក្នុង​ន័យ​ថា ឱន វារ លូន ក្រាប​ដាក់​គេ​ទេ ប៉ុន្តែ​ដូច​ថា មាន​ចិត្ត​ទោរទន់​ទៅ​រក​ភាព​លំទោន​នោះ មាន​ន័យ​ថា យើង​គោរព យើង​ស្រឡាញ់ យើង​ទន់ភ្លន់ គឺ​ថា​ផ្លូវ​ចិត្ត​នោះ​យើង​មាន​សេចក្តី​រីករាយ សុភាព​រាបសា យើង​ទន់ភ្លន់​យើង​អី...»

ចំពោះ​ទំនៀមទម្លាប់​ធ្វើ​គារវកិច្ច​លើក​ដៃ​សំពះ​សួរ​សុខ​ទុក្ខ​គ្នា​របស់​ជនជាតិ​ខ្មែរ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​អក្សរសាស្ត្រ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បាន​បញ្ជាក់​ថា គឺ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ព្រះពុទ្ធ​សាសនា​ក្នុង​អំឡុង​សតវត្សរ៍​ទី​៣ មុន​គ្រិស្តសករាជ។ ដោយ​បាន​ទទួល​ឥទ្ធិពល​ព្រះពុទ្ធ​សាសនា ជនជាតិ​ខ្មែរ​នា​សម័យ​បុរាណ​មិន​មែន​ប្រើ​កាយវិការ​សំពះ​សួរ​សុខ​ទុក្ខ​គ្នា​តាម​បែប​សាមញ្ញ​ធម្មតា​តែ​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​បង្កើត​ឲ្យ​មាន​ការ​សំពះ​តាម​ឋានានុក្រម ឬ​តាម​លំដាប់​វ័យ និង​មុខងារ​ស័កិ្តយស​របស់​បុគ្គល​ម្នាក់ៗ​ថែម​ទៀត ដូច​ជា បើ​មនុស្ស​ដែល​មាន​វ័យ ឬ​បុណ្យសក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្ដិ​នឹង​គ្នា​នោះ គឺ​គេ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លើក​ដៃ​ដាក់​ត្រឹម​ដើម​ទ្រូង។ ប៉ុន្តែ មនុស្ស​ដែល​មាន​អាយុ​តិច​ជាង ឬ​ឋានៈ​តូច​ជាង​នោះ គឺ​គេ​សំពះ​ទៅ​រក​មនុស្ស​ដែល​វ័យ​មាន​ចាស់​ជាង និង​មាន​ឋានៈ​ធំ​ជាង គឺ​គេ​សំពះ​ដោយ​យក​ចុង​ម្រាម​ដៃ​ទាំង​ពីរ​ទៅ​ទល់​នឹង​ចង្កា ហើយ​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់ ឬ​អាយុ​ច្រើន​ជាង ក៏​សំពះ​តប​មក​វិញ​ដោយ​ដាក់​ដៃ​កម្ពស់​ដើម​ទ្រូង។

រីឯ​ការ​សំពះ​មួយ​បែប​ទៀត​សម្រាប់​មាតា​បិតា ជីដូន​ជីតា ឬ​គ្រូ​អាចារ្យ​របស់​គេ គឺ​គេ​សំពះ​ដោយ​យក​ចុង​ម្រាម​ដៃ​ទាំង​ពីរ​ដាក់​កម្ពស់​ត្រឹម​ចុង​ច្រមុះ។ លក្ខណៈ​មួយ​ទៀត នៅ​ពេល​ដែល​ចូល​គាល់​ព្រះមហាក្សត្រ ឬ​ធ្វើ​ពិធី​បួង​សួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ គឺ​គេ​សំពះ​ដោយ​យក​ម្រាម​ដៃ​ដាក់​ត្រឹម​គល់​ចិញ្ចើម។

ការ​សំពះ​មួយ​ទៀត​ដែល​ជនជាតិ​ខ្មែរ​ឲ្យ​សារសំខាន់​ជាង​គេ​បំផុត​នោះ គឺ​ការ​សំពះ​ព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ។ ការ​សំពះ​នេះ ចែក​ចេញ​ជា​ពីរ​យ៉ាង​គឺ បើ​បុរស​គេ​អង្គុយ​លុត​ជង្គង់​លើក​ដៃ​ទាំង​ពីរ​ប្រណម្យ​យក​ចុង​ម្រាម​ដៃ​ទល់​ចង្កា ហើយ​ឱន​ក្រាប​សំពះ។ ចំណែក​ស្ត្រី​វិញ គឺ​អង្គុយ​បត់​ជើង​លើក​ដៃ​ប្រណម្យ​ដាក់​លើ​ថ្ងាស ហើយ​យក​មេដៃ​ទាំង​ពីរ​ដាក់​ត្រឹម​គល់​ចិញ្ចើម រួច​ក្រាប​ឱន​ក្បាល​ចុះ​ដោយ​យក​កែង​ដៃ​ទាំង​ពីរ​ដាក់​ផ្អោប​នឹង​ក្បាល​ជង្គង់​ទាំង​សង​ខាង។

បញ្ជាក់​ប្រាប់​ពី​ការ​សំពះ​នេះ​ដែរ អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន បាន​មាន​ប្រសាសន៍​ថា ដូនតា​ខ្មែរ​ជំនាន់​ដើម​បាន​បង្កើត​ទំនៀមទម្លាប់​សំពះ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ គឺ​ជា​ការ​ជួយ​បណ្ដុះ​គំនិត​កូន​ខ្មែរ​តៗ​ជំនាន់​ឲ្យ​មាន​សុជីវធម៌​ល្អ ពីព្រោះ​ជនជាតិ​ខ្មែរ​ភាគ​ច្រើន​ជា​អ្នក​គោរព​ព្រះពុទ្ធ​សាសនា។ លោក​បន្ត​ថា ក្នុង​ព្រះពុទ្ធ​សាសនា គឺ​ប្រៀន​ប្រដៅ​មនុស្ស​ឲ្យ​មាន​ធម្មចរិយា​ល្អ ទាំង​កាយ វាចា ចិត្ត។ ដូច្នេះ ការ​ធ្វើ​គារវកិច្ច​សំពះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង​ប្រើ​ពាក្យ​សម្ដី​សួរ​សុខ​ទុក្ខ​គ្នា​នោះ ក៏​ចាត់​ទុក​ជា​អំពើ​ល្អ​មួយ​ស្រប​ទៅ​តាម​ពុទ្ធ​ឱវាទ​ដែរ។

លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន៖ «ព្រះពុទ្ធ​លោក​បង្រៀន​យើង​ឲ្យ​ស្លូត​បូត ឲ្យ​ស្មោះត្រង់ ឲ្យ​ស្រឡាញ់​ធម៌​អហិង្សា គឺ​ជា​គោលការណ៍​ធម៌​ធំ​មួយ​របស់​ព្រះពុទ្ធ ហើយ​យើង​ក៏​យក​ធម៌​គោរព​គ្នា យក​សុជីវធម៌ គឺ​ការ​សំពះ​ហ្នឹង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គោរព​ទៅ​តាម​ឋានានុក្រម។ អ៊ីចឹង​ហើយ ការ​សំពះ​ហ្នឹង គឺ​ជា​សុជីវធម៌​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​ហ្នឹង...»

បើ​ទោះ​បី​ជា​សង្គម​ខ្មែរ​មាន​ប្រពៃណី​ធ្វើ​គារវកិច្ច​សំពះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​គេ​ជួប​គ្នា ឬ​ការ​សំពះ​គោរព​ដល់​អ្វី​ផ្សេងៗ​ទៀត​យ៉ាង​នេះ​ក៏ដោយ ប៉ុន្តែ​ចាស់​ទុំ​ព្រឹទ្ធាចារ្យ និង​អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​មួយ​ចំនួន បាន​លើក​ឡើង​ថា ទំនៀមទម្លាប់​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​មាន​ការ​ស្រុត​ចុះ​ច្រើន ដូច​ជា​ការ​សំពះ​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត ឬ​មិន​ត្រូវ​តាម​ឋានានុក្រម​ជាដើម។

លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះ​ទៀត មាន​កូន​ខ្មែរ​ខ្លះ​មិន​ទាំង​ចេះ​សំពះ​សួរ ថ្វាយ​បង្គំ​ឪពុក​ម្តាយ ឬ​ថ្វាយ​បង្គំ​ព្រះ​ទេ ហើយ​ក៏​មិន​ចេះ​ជម្រាប​សួរ​សុខ​ទុក្ខ​ដែរ។ ប្រការ​នេះ គឺ​ជា​ក្តី​បារម្ភ​មួយ​ដែល​តំណ​ទៅ​មុខ កូន​ខ្មែរ​នឹង​បាត់​បង់​សីលធម៌​ឱន​លំទោន​ចំពោះ​បុព្វការី​ជន។

អ្នក​ជំនាញ​ខាង​អារ្យធម៌​ខ្មែរ​នៃ​មហាវិទ្យាល័យ​បុរាណ​វិទ្យា លោក ព្រាប ចាន់ម៉ារ៉ា បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ខ្វះ​ចន្លោះ​របស់​កូន​ខ្មែរ​ដែល​មិន​សូវ​រវល់​អើពើ​នឹង​ការ​ធ្វើ​គារវកិច្ច​លើក​ដៃ​សំពះ​សួរ​គោរព​មាតា​បិតា​ក្តី ឬ​គោរព​ចាស់​ទុំ​ក្តី​ណា​នោះ ក៏​មិន​អាច​បន្ទោស​ទៅ​លើ​ពួក​គេ​ទាំង​ស្រុង​បាន​ទេ បញ្ហា​នេះ​ក៏​បណ្ដាល​មក​ពី​កត្តា​សង្គម​មួយ​ចំនួន​ដែរ ពិសេស គឺ​របប​សង្គម​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​វិទ្យាសាស្ត្រ​ទំនើប​ក្នុង​សម័យ​នេះ។

លោក​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ជួយ​ថែ​រក្សា​ប្រពៃណី ទំនៀមទម្លាប់ សីលធម៌​នៃ​ការ​គោរព​គ្នា សំពះ​សួរ​សុខ​ទុក្ខ​គ្នា​ឲ្យ​នៅ​គង់វង្ស និង​ត្រឹមត្រូវ​ល្អ​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ជួយ​ពន្យល់​អប់រំ​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ញឹកញាប់ ពិសេស គឺ​ជួយ​អប់រំ​ដល់​ក្រុម​យុវវ័យ៖ «ណែនាំ​ផ្សព្វផ្សាយ​ទេ បាន​គ្នា​ក្មេងៗ​យល់ ព្រោះ​ក្មេង​ធម្មតា​ទេ ចន្លោះ​យុវជន និង​កុមារ​ហ្នឹង គ្នា​ងាយ​ទទួល​ឥទ្ធិពល​ថ្មីៗ​ណាស់។ បើ​យើង​បណ្ដោយ​ឲ្យ​គ្នា​ទៅ​តាម​ទំនោរ​សង្គម​ទំនើប ដោយ​មិន​គិត​ពី​ប្រពៃណី​ខ្លួន វា​អាច​បាត់​បង់​ទៅ វា​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​យើង លែង​ដឹង​ខ្លួន​ជា​ជាតិ​អី សាសន៍​អី មាន​ទំនៀមទម្លាប់​បែប​ណា​អី។ អា​ហ្នឹង​ខាត​បង់​ហើយ។ សព្វថ្ងៃ គេ​ជិះ​កប៉ាល់​ហោះ​រាប់​ពាន់​ដុល្លារ​មក​លេង​ស្រុក​យើង ដើម្បី​គេ​ឃើញ​យើង​ប្លែក​ពី​គេ​អី​តើ។ បើ​សិន​ជា​យើង​ធ្វើ​ឲ្យ​ដូច​គេ ស្វាគមន៍​គ្នា​ចាប់​រលាក់​ដៃ​អី គេ​មក​ក្បែរ​យើង​ធ្វើ​អី...»

ចំពោះ​ការ​អប់រំ​អំពី​ការ​សំពះ​គួរសម ឬ​ក៏​ការ​ធ្វើ​គារវកិច្ច​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ គេ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ខ្លះៗ​ដែរ​កន្លង​មក ដូច​ជា​នៅ​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​គេហទំព័រ ប្រព័ន្ធ​អ៊ីនធឺណិត (Internet) មួយ​ចំនួន។ ប៉ុន្តែ មិន​ដឹង​ថា​អ្នក​ដែល​បាន​ចាប់​អារម្មណ៍​អំពី​បញ្ហា​នេះ មាន​ចំនួន​ប៉ុន្មាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។