ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ នៅខេត្តបាត់ដំបងមានសភាពអ៊ូអរ។ នៅតាមដងផ្លូវនានាក្នុងក្រុងមានរថយន្តតូចធំ ធ្វើដំណើរទៅមកច្រើន។ ចំណែកនៅតាមគេហដ្ឋានវិញ គេសង្កេតឃើញប្រជាពលរដ្ឋនិយមជួបជុំគ្នាជាក្រុមៗ មានគ្នាប្រមាណពី៣ទៅ១០នាក់ ដោយខ្លះផឹកស៊ីរាំលេងសប្បាយនៅខាងមុនផ្ទះរៀងៗខ្លួន និងខ្លះទៀតនាំគ្នាទៅលេងកម្សាន្តរមណីយដ្ឋានជុំវិញខេត្ត មានជាអាទិ៍ប្រាសាទឯកភ្នំជាដើម។ នៅតំបន់ទេសចរណ៍រមណីយដ្ឋានប្រាសាទឯកភ្នំថ្ងៃដំបូង សមត្ថកិច្ចពាក់ព័ន្ធមានរៀបចំសម្ដែងល្បែងប្រជាប្រិយ ចែកជួនប្រជាពលរដ្ឋទស្សនា ដោយចាប់ផ្ដើមពីម៉ោង៥រសៀលតទៅ។
នៅរមណីយដ្ឋានប្រាសាទឯកភ្នំ ដែលមានចម្ងាយប៉ែកខាងជើង ពីក្រុងបាត់ដំបងប្រមាណ៧គីឡូម៉ែត្រ នៅថ្ងៃចូលឆ្នាំដំបូងគឺនៅថ្ងៃទី១៤មេសា នៅពេលព្រឹកគេសង្កេតមានប្រជាពលរដ្ឋទៅលេងកម្សាន្ត មានចំនួនតិចតួចនៅឡើយ។
ក្រុមគណៈកម្មការអាចារ្យវត្តឯកភ្នំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានប្រសាសន៍នៅថ្ងៃទី១៤មេសាថា ប្រជាពលរដ្ឋនិយមទៅទស្សនាច្រើន ចាប់ពីម៉ោង៣រសៀលរហូតទល់ម៉ោង១០យប់។គណៈកម្មការវត្ត ដែលអង្គុយនៅមុខខ្លោងទ្វារចូលប្រាសាទ បន្តថា នៅថ្ងៃបុណ្យចូលឆ្នាំដំបូងឆ្នាំនេះក្នុងវត្តមានរៀបចំកម្មវិធី សម្ដែងល្បែងប្រជាប្រិយ រួមមានចោលឈូង វាយក្អម និងប្រគំតន្ត្រី រាំវង់ប្រពៃណីខ្មែរជាដើម៖ «ជាថ្ងៃចូលឆ្នាំថ្ងៃដំបូងនេះ ពុំមានសូវមានមនុស្ស គឺចាប់ពីថ្ងៃស្អែកទៅបានមានមនុស្សមកលេងច្រើន។ កម្មវិធីថ្ងៃដំបូងនេះមុនដំបូងស្រង់ទឹកព្រះសង្ឃ បន្ទាប់មកនៅម៉ោង២រសៀលយើងទទួលទេវតាឆ្នាំថ្មី និងនៅម៉ោង៥រសៀលជាកម្មវិធីចាប់ផ្ដើមរាំលេងកម្សាន្ត»។
ម៉ោងប្រមាណ១២ថ្ងៃត្រង់ទៅនៃថ្ងៃបុណ្យទី១ គេសង្កេតឃើញមានប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរបណ្ដើរៗទៅកាន់ប្រាសាទឯកភ្នំ។
ក្រុមប្រជាពលរដ្ឋថ្លែងនៅខាងមុខប្រាសាទឯកភ្នំ ថា បុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះពួកគេជ្រើសយកប្រាសាទឯកភ្នំជាទីកន្លែងលេងកម្សាន្តសប្បាយ៖ «ខ្ញុំនាំកូនចៅមកលេងវត្តឯកភ្នំនេះជារៀងរាល់ឆ្នាំ ហើយខ្ញុំចូលចិត្តទៅមើលគេរាំវង់លេងកម្សាន្តនៅខាងមុខវត្ត។ ចូលឆ្នាំថ្ងៃទី១នេះ ខ្ញុំនឹងចូលទៅរាំលេងឲ្យសប្បាយជាមួយគេឯងនៅក្នុងវត្តដែរ»។
ទោះយ៉ាងនេះក្ដី គណៈកម្មការអាចារ្យវត្តសម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរស្រុកឯកភ្នំ ពាក់ព័ន្ធបញ្ហាទីកន្លែងមួយចំនួនជុំវិញប្រាសាទ ដោយពួកគាត់ចោទអាជ្ញាធរស្រុកថាយកទីធ្លាប្រាសាទធ្វើអាជីវកម្មផ្ញើកង់ម៉ូតូធ្វើជាប្រយោជន៍ឯកជន។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំលោក មាច ស៊ុំ មានប្រសាសន៍បញ្ជាក់ថា ទីកន្លែងដែលអាជ្ញាធរស្រុក ឲ្យគេធ្វើអាជីវកម្មផ្ញើកង់ម៉ូតូនោះ ជាដែនសមត្ថកិច្ចរបស់ស្រុកឯកភ្នំ ហើយថាថវិកាដែលបានពីការធ្វើអាជីវកម្ម ពុំមែនយកទៅ
ប្រើប្រាស់ជាប្រយោជន៍ឯកជននោះទេ៖ «ចំណែកថវិកាដែលបានមកពីការផ្ញើកង់ផ្ញើ និងម៉ូតូនោះ យើងបានបែងចែកទៅឲ្យវត្តខ្លះ កងកម្លាំងការពារសន្តិសុខខ្លះ សាលាឃុំខ្លះ និងថវិកាមួយចំនួនទៀតទុកសម្រាប់ប្រើប្រាស់ក្នុងសាលាស្រុក»។
អាជ្ញាធរស្រុកឲ្យដឹងទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា មន្ត្រីកងប្រដាប់អាវុធស្រុកឯកភ្នំ ជាង៣០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខជុំវិញប្រាសាទ និងតាមដងផ្លូវឆ្ពោះទៅរមណីយដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
