ប្រាសាទបុរាណចៅស្រីវិបុល ដែលស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតពីទីក្រុងអង្គរ បច្ចុប្បន្នកំពុងទទួលរងការបាក់បែកទ្រុឌទ្រោមខ្លាំង ដោយសារតែធម្មជាតិបំផ្លាញផង និងមនុស្សបំផ្លាញផង។
ប្រាសាទបុរាណធ្វើពីថ្មភក់លាយនឹងថ្មបាយក្រៀម ដែលមានអាយុកាលជាង ១.០០០ឆ្នាំនេះ កំពុងទាមទារឲ្យអ្នកជំនាញ ធ្វើការអភិរក្ស ព្រមទាំងថែរក្សាឡើងវិញជាបន្ទាន់។
នាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គររបស់អាជ្ញាធរអប្សរា បានចាប់ផ្ដើមគម្រោងអភិរក្សទៅលើប្រាសាទបុរាណចៅស្រីវិបុល ដែលស្ថិតនៅក្នុងភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក នៃស្រុកប្រាសាទបាគង ដោយបានបញ្ជូនឆ្មាំប្រាសាទខ្លះ និងបុគ្គលិកថែទាំបរិស្ថានខ្លះទៀត ឲ្យទៅប្រចាំការនៅទីនោះ។
ប្រធាននាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរ គឺលោក ឈាន រដ្ឋា។ លោកមានប្រសាសន៍នៅពេលចុះអង្កេតការទ្រុឌទ្រោមរបស់ប្រាសាទនៅព្រឹកថ្ងៃពុធ ទី៣ ខែឧសភា ថា ដោយសារតែពុំទាន់មានកិច្ចសហប្រតិបត្តិការជាមួយមូលនិធិបរទេសណាមួយនៅឡើយ ពេលនេះការងារដែលអ្នកជំនាញខ្មែរអាចធ្វើបានភ្លាមៗ គឺទប់ស្កាត់យ៉ាងណាកុំឲ្យប្រាសាទបុរាណនេះដួលរលំ។
លោក ឈាន រដ្ឋា បញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរអប្សរាកំពុងព្យាយាមរកដៃគូបរទេស ដើម្បីជួសជុលប្រាសាទចៅស្រីវិបុលនេះ ប៉ុន្តែនៅពេលខាងមុខ ប្រសិនបើមិនមានដៃគូជួយទេ គឺអាជ្ញាធរអប្សរា នឹងប្រឹងប្រែងយកថវិកាជាតិទៅជួសជុល និងអភិរក្សប្រាសាទបុរាណមួយនេះទៅតាមលទ្ធភាព៖ « ដោយសារតែយើងមានថវិកាជាតិតិចតួច ដូច្នេះការងារចម្បងដែលយើងត្រូវធ្វើ គឺស្រង់ទិន្នន័យប្លង់ប្រាសាទបម្រុងទុកសម្រាប់ការជួសជុល ព្រមទាំងស្រង់ព័ត៌មានពីប្រាសាទទៅលើកន្លែងណាខ្លះដែលអាចដួលរលំនៅក្នុងរយៈពេលខ្លី ហើយយើងជួយទល់ជ្រែងការពារវា »។
ប្រាសាទចៅស្រីវិបុល ឬអ្នកខ្លះហៅថា ប្រាសាទយសកេរ្តិ៍ ដែលនៅលើកូនភ្នំតូចមួយកម្ពស់ប្រហែល ៦០ម៉ែត្រ ត្រូវបានក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា វាប្រហែលជាសាងសង់ឡើងនៅក្នុងអំឡុងសតវត្សទី១១ នៃគ្រិស្តសករាជ ប៉ុន្តែគេមិនបានស្គាល់ឈ្មោះព្រះមហាក្សត្រអង្គណាដែលជាអ្នកសាងសង់នោះទេ។
ជាច្រើនឆ្នាំមកនេះ ប្រាសាទចៅស្រីវិបុល ទទួលរងការបាក់បែក និងទ្រុឌទ្រោមខ្លាំង បណ្ដាលមកពីកត្តា ៣យ៉ាង គឺដោយសារសង្គ្រាមបំផ្លាញ ដោយសារជនខិលខូចគាស់រំលើងស្វែងរកវត្ថុបុរាណយកទៅជួញដូរ និងការបំផ្លាញដោយទឹកហូរច្រោះគ្រឹះប្រាសាទ ព្រមទាំងដើមឈើដុះពីលើ ជាដើម។
បច្ចុប្បន្ន អាជ្ញាធរអប្សរាបានដាក់ឆ្មាំការពារប្រាសាទ និងបុគ្គលិកសម្អាតបរិស្ថាននៅទីនោះជាប្រចាំ។
ស្របគ្នានឹងគម្រោងអភិរក្សប្រាសាទចៅស្រីវិបុលឡើងវិញនេះ អាជ្ញាធរអប្សរាក៏ទទួលបានមូលនិធិពីប្រទេសណូវែលហ្សេឡង់ដ៍ (New Zealand) មកធ្វើជាប្រព័ន្ធទឹកនៅកស្សិណជុំវិញប្រាសាទ សម្រាប់ជួយឲ្យមានសម្រស់ទេសភាពវប្បធម៌ផង ជួយស្រូបទឹកជំនន់មិនឲ្យជន់លិចផង និងជួយអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅសហគមន៍ជុំវិញផង។
អគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក លោក ហង់ ពៅ មានប្រសាសន៍ថា តាមពិត ប្រាសាទបុរាណចៅស្រីវិបុល មិនត្រូវការទឹកដើម្បីជួយការពារគ្រឹះរបស់វាដូចប្រាសាទជាច្រើននៅក្នុងឧទ្យានអង្គរទេ ពីព្រោះប្រាសាទនេះស្ថិតនៅលើភ្នំ។ ប៉ុន្តែគម្រោងស្ដារកស្សិណទឹកនៅជុំវិញប្រាសាទនេះ ដោយសារតែចង់ឲ្យមានការថែរក្សាធម្មជាតិ ការគ្រប់គ្រងទឹក និងជួយដល់ការអភិវឌ្ឍរបស់សហគមន៍៖ « ទឹកនៅទីនេះវាគ្រាន់តែជានិមិត្តសញ្ញា ដែលយើងជឿថា ប្រពៃណីវប្បធម៌របស់យើងកាលណាមានប្រាសាទ គឺត្រូវតែមានទឹក ដែលតំណាងឲ្យភ្នំព្រះសុមេរុ ជាមួយនឹងសមុទ្រ »។
ប្រាសាទចៅស្រីវិបុល មានបណ្ដោយទំហំ ១គីឡូម៉ែត្រកន្លះ ទទឹង ១គីឡូម៉ែត្រ ពុំធ្លាប់មានការជួសជុលជាទ្រង់ទ្រាយធំពីអ្នកជំនាញសម័យថ្មីនៅឡើយទេក្នុងរយៈពេលរាប់រយឆ្នាំមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
