រដ្ឋាភិបាល​បញ្ជាក់​ពី​ការ​ខិតខំ​បញ្ជូន​ល្ខោន​ខោល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ដោយ ប្រាជ្ញ ចេវ
2016.06.05
ក្បាំង​មុខ​ល្ខោន​ខោល ២០១៥ ៨៥៥ ៦-សីហា-២០១៥៖ ក្បាំង​មុខ​សម្រាប់​តួ​សម្ដែង​ល្ខោន​ខោល។ RFA/Sek Bandith
RFA/Sek Bandith

រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​បំភ្លឺ​សាធារណជន ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា រដ្ឋាភិបាល​បាន​ដាក់​ល្ខោន​ខោល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប។ លិខិត​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា បញ្ជាក់​ថា ល្ខោន​ខោល​មិន​ទាន់​មាន​គោលការណ៍​ច្បាប់ និង​នីតិវិធី​ចាំបាច់​គ្រប់គ្រាន់ ដែល​អង្គការ​យូណេស្កូ (UNESCO) ត្រូវ​ការ​ពី​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ឲ្យ​ដឹង​ថា លិខិត​នេះ​ដើម្បី​សាធារណជន​បាន​ស្ងប់​ចិត្ត ព្រោះ​ក្រសួង​បាន​ខិតខំ​បញ្ជូន​ល្ខោន​ខោល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ មន្ត្រី​រដ្ឋាភិបាល​ដដែល​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ដែល​កម្ពុជា មិន​អាច​បំពេញ​តាម​គោលការណ៍​ដែល​អង្គការ​យូណេស្កូ​ត្រូវ​ការ​នោះ​ទេ៖ «ខ្ញុំ​មិន​អាច​បញ្ជាក់​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​នៅ​ពេល​នេះ​ទេ ព្រោះ​ថា ឆ្លើយ​ទៅ​វា​អាច​មាន​ចន្លោះ​ប្រហោង។ ឧទាហរណ៍​គេ​ត្រូវ​ការ ១៥​ចំណុច យើង​ទើប​មាន ១២ ឬ ១៣​ចំណុច។ យើង​ក៏​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​គេ​ដែរ»

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា បញ្ជាក់​ថា បាន​ដាក់​ល្ខោន​ខោល​ចូល​ទៅ​ក្នុង​បញ្ជី​ត្រៀម​បេតិកភណ្ឌ​វប្បធម៌​អរូបី​តាំង​ពី​ឆ្នាំ​២០០៣។ សេចក្តី​ជូន​ព័ត៌មាន​ដដែល ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០០៣ ក្រសួង​បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មួយ​ចំនួន ដូចជា ល្ខោន​ស្បែក​ធំ ចាប៉ី​ដង​វែង តម្បាញ​សូត្រ ហើយ​ក្នុង​នោះ​ក៏​ល្ខោន​ខោល​ដែរ ត្រៀម​ស្នើ​ទៅ​អង្គការ​យូណេស្កូ។ ជា​លទ្ធផល នៅ​ឆ្នាំ​២០១៥ ចាប៉ី​ដង​វែង និង​ល្ខោន​ស្បែក​ធំ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។