ជំនឿ​របស់​ពលរដ្ឋ​ចំពោះ​ឆ្នាំ​វក ឬ​ឆ្នាំ​ស្វា

0:00 / 0:00

ឆ្នាំ​វក ឬ​ឆ្នាំ​ស្វា ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៩ នៃ​ឆ្នាំ​ខ្មែរ​ទាំង​១២។ ស្វា ជា​សត្វ​ព្រៃ ប៉ុន្តែ​វា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជា​យូរ​ឆ្នាំ​មក​ហើយ។ ពេល​ខ្លះ សត្វ​ស្វា ក៏​ត្រូវ​គេ​ចាប់​មក​ចិញ្ចឹម មើល​ថែ និង​ស្រឡាញ់​ចូល​ចិត្ត​ដូច​សត្វ​ស្រុក​ដទៃ​ទៀត​ដែរ។

ព្រឹទ្ធាចារ្យ និង​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​មាន​ជំនឿ​យ៉ាង​ណា​ខ្លះ ចំពោះ​ឆ្នាំ​វក ឬ​ឆ្នាំ​ស្វា​នេះ?

សត្វ​អំបូរ​ស្វា មាន​រូប​រាង ឬ​អវយវៈ​ស្រដៀង​ទៅ​នឹង​មនុស្ស​លោក​យើង​នេះ​ច្រើន​ជាង​បណ្ដា​សត្វ​ដទៃ​ទៀត។

មនុស្ស​ណា​រពឹស​ពេក គេ​ប្រដូច​ទៅ​នឹង​សត្វ​ស្វា ហើយ​មនុស្ស​ណា​មុខ​អាក្រក់ ឬ​មិន​សង្ហារ ក៏​គេ​បន្តុះបង្អាប់​ថា មុខ​ដូច​ស្វា ដែរ។

ចំណែក​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ក៏​មាន​សិល្បករ តែង​តួ​ជា​សត្វ​ស្វា សម្ដែង​ក្នុង​រឿង​ល្ខោន របាំ រហូត​មាន​ជា​ចម្រៀង​ច្រៀង​បង្អាប់​គ្នា​ដោយ​ប្រដូច​ទៅ​នឹង​សត្វ​ស្វា ផង​ដែរ។

ព្រឹទ្ធាចារ្យ​ដែល​មាន​បទពិសោធន៍​ក្នុង​សង្គម​ជាច្រើន​ជំនាន់ និង​បាន​សិក្សា​ទៅ​លើ​ចរិត​មនុស្ស សត្វ​ទាំង​១២ នៃ​ឆ្នាំ​ខ្មែរ ពួក​គាត់​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ឆ្នាំ​វក ឬ​ឆ្នាំ​ស្វា ដែល​ត្រូវ​ចំ​ឆ្នាំ​២០១៦ នេះ។

ហោរា​ចិន និង​ព្រឹទ្ធាចារ្យ​ខ្មែរ​មួយ​ចំនួន បាន​សិក្សា​ស្រាវជ្រាវ​តាម​ក្បួន​ជំនឿ​ឃើញ​ថា ឆ្នាំ​វក ឆ្នាំ​២០១៦ នេះ គឺ​ជា​ស្វា​ភ្លើង ដែល​ស្ថិត​ក្នុង​លក្ខណៈ​ពិសេស​មួយ គឺ​ក្នុង​រង្វង់ ៦០​ឆ្នាំ​ទើប​ជួប​ម្តង។

លោក​គ្រូ​អាចារ្យ ធម្មនីតិ កែ សំអឿន មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​ឆ្នាំ​នេះ ស្វា​ភ្លើង​ពិត​មែន ប៉ុន្តែ​វា​បាន​នាំ​មក​នូវ​ជោគ​លាភ​ល្អៗ ហើយ​បើ​ទោះ​បី​ជា​មាន​ជួប​រឿងរ៉ាវ​អាក្រក់​ខ្លះៗ ក៏​មិន​បង្ក​ឲ្យ​មាន​ការ​ខាតបង់​អ្វី​មួយ​ធំ​ដុំ​នោះ​ឡើយ។ លោក​កត់​សម្គាល់​តាម​បុរាណ​កាល​មក​ឃើញ​ថា ឆ្នាំ​វក ឬ​ឆ្នាំ​ស្វា ជា​ឆ្នាំ​មួយ​ច្រើន​តែ​នាំ​មក​នូវ​មហិទ្ធិឫទ្ធិ​ខ្លាំង ព្រោះ​សត្វ​ស្វា​ជា​សត្វ​មួយ​ក្លាហាន ហ៊ាន​ហក់​លោត​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ ទោះ​នៅ​ទី​ទាប ឬ​ខ្ពស់​យ៉ាង​ណា​ក្តី៖ « ស្វា​ឆ្នាំ​នេះ​គ្រាន់​តែ​ចូល​មក​ឲ្យ​ដឹង​ថា ស្វា​ភ្លើង​តែ​ម្តង អាកាសធាតុ​ក្តៅ​មែន​ទែន ហើយ​កូន​ចៅ​គួរ​ប្រុង​ប្រយ័ត្ន​ទៅ​បញ្ហា​ភ្លើង​ផ្សែង​ដែល​វា​ងាយ​នឹង​ឆាបឆេះ ងាយ​ហ្នឹង​រងគ្រោះ​ដោយសារ​ភ្លើង​ផ្សែង​នេះ ព្រោះ​ថា​ស្វា​ភ្លើង​នេះ ៦០​ឆ្នាំ​បាន​ដល់​ម្តង។ ភ្លើង​មែន ប៉ុន្តែ​អ្វីៗ​វា​ស្ថិត​នៅ​លើ​ការ​ប្រុង​ប្រយ័ត្ន ហើយ​បើ​ជា​រឿង​ល្អ​វិញ ស្វា​អាច​ក្លាយ​ជា​ហនុមាន​ជា​សេនា​របស់​អ្នក​មាន​មហិទ្ធិឫទ្ធិ »

លោក​គ្រូ​អាចារ្យ​រូប​នេះ​បន្ត​ថា បើ​សង្កេត​ទៅ​លើ​បុគ្គលិក​លក្ខណៈ​តាម​ធម្មជាតិ​ខាង​ក្រៅ​វិញ ស្វា វា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ជាង​បណ្ដា​សត្វ​ព្រៃ​ណាៗ​ទាំងអស់៖ « ស្វា​នេះ​ខិត​ជិត​មនុស្ស​មែន​ទែន​ហើយ ស្វា​នេះ​មាន​និស្ស័យ​ជាមួយ​ព្រះពុទ្ធ ពេល​ព្រះ​ភិក្ខុសង្ឃ​ឈ្លោះ​ទាស់​ទែង​គ្នា​ប្រដៅ​មិន​ស្តាប់ ព្រះអង្គ​ទៅ​គង់​នៅ​ព្រៃ​ប៉ាឡេលៃ ពេល​នោះ​មាន​សត្វ​ស្វា និង​សត្វ​ដំរី ជា​សត្វ​ដែល​ចូល​ទៅ​ប្រតិបត្តិ​បម្រើ​ព្រះអង្គ​មុន​គេ »

ស្វា​ព្រៃ​មួយ​ចំនួន​ដែល​គេ​បាន​យក​ចូល​មក​ក្នុង​សង្គម​មនុស្ស ត្រូវ​បាន​គេ​ស្លៀកពាក់​ឲ្យ​ដូច​មនុស្ស​ដែរ និង​បាន​បង្ហាត់​ឲ្យ​ចេះ​មុខ​របរ​មួយ​ចំនួន ដូចជា​រក​ចៃ លេង​សៀក និង​វាយ​បុក ជាដើម។

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​អភិរក្ស​អន្តរជាតិ បាន​សិក្សា​ឃើញ​ថា កម្ពុជា មាន​ពូជ​ស្វា​ចំនួន ១១​ប្រភេទ។ សត្វ​ស្វា​ទាំង​នេះ រស់នៅ​រប៉ាត់រប៉ាយ​ពាសពេញ​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួក​វា​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ការ​គំរាម​កំហែង ដោយសារ​តែ​បញ្ហា​ខ្វះខាត​ទី​ជម្រក និង​អាជីវកម្ម​បរបាញ់​សត្វ​ល្មើស​ច្បាប់។ របាយការណ៍​របស់​អង្គការ​អភិរក្ស​សត្វ​ព្រៃ រក​ឃើញ​ថា សត្វ​ស្វា​ភាគ​ច្រើន​មាន​នៅ​តំបន់​ព្រៃ​អភិរក្ស ក្នុង​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប។

ទាក់ទង​នឹង​ឆ្នាំ​ថ្មី​ឆ្នាំ​វក នេះ​ដែរ លោក​បណ្ឌិត អាំង ជូលាន ដែល​បាន​សិក្សា​ពី​ជំនឿ​ខ្មែរ មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​លោក​ពុំ​ឃើញ​មាន​កំណត់​ត្រា​ណា​មួយ​នៅ​លើ​សិលាចារឹក ដែល​និយាយ​ពី​ជំនឿ​ទៅ​ឆ្នាំ​នេះ​ឲ្យ​ជាក់លាក់​នោះ​ទេ។ លោក​ថា ជំនឿ​នេះ​មាន​តែ​អ្នក​សិក្សា​ពី​វិជ្ជា​ហោរាសាស្ត្រ បាន​ចងក្រង​តែ​រៀងៗ​ខ្លួន​ទៅ​តាម​អ្នក​ដែល​មាន​ជំនឿ ហើយ​មួយ​ផ្នែក​ទៀត ក៏​ជឿ​ទៅ​តាម​ការ​កត់​ចំណាំ​ពី​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ និង​ចរិត​របស់​មនុស្ស សត្វ ហើយ​ក៏​និយាយ​ប្រាប់​តៗ​គ្នា​ទៅ ពេល​ខ្លះ​ក៏​ត្រូវ ពេល​ខ្លះ​ក៏​ខុស​ដែរ៖ « សូម្បី​តែ​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​ក៏​មាន​និយាយ​ពី​រឿង​នេះ​ដែរ ខ្ញុំ​មាន​ប្អូន​ប្រុស​មួយ​ឆ្នាំ​ស្វា កាល​ពី​ក្មេង​វា​រពឹស​របៀប​ជា​ក្មេង មិន​ជា​ខូច​ស្អី​ទេ ប៉ុន្តែ​ចាស់ៗ​ច្រើន​និយាយ​ថា យី​អា​នេះ​ឆ្នាំ​វក អ៊ីចឹង​មែន ! សូម្បី​ខ្លួន​ខ្ញុំ​ក៏​តែង​និយាយ​លេង​ជាមួយ​គេ​ឯង​ដែរ​ថា ខ្ញុំ​កើត​ឆ្នាំ​ឆ្លូវ អ៊ីចឹង​បាន​ជា​នឿយ មិន​បាន​ទំនេរ​អី​គេ របៀប​ដូច​សត្វ​គោ​អ៊ីចឹង ប៉ុន្តែ​អា​ហ្នឹង​បាន​តែ​និយាយ​លេង ដល់​ទៅ​ថា​ឲ្យ​ប្រាកដ​ថា​ឆ្នាំ​ឆ្លូវ នោះ​ជា​មនុស្ស​យ៉ាង​ម៉េចៗ ដូច​មិន​ដែល​ឮ​ទេ »

ចំណែក​លោក​បណ្ឌិត សួន ឱសថ ជំនួយការ​សិក្សា​ស្រាវជ្រាវ​នៃ​ពុទ្ធសាសនបណ្ឌិត្យ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ភាសា​ជាតិ មាន​ប្រសាសន៍​ថា អ្នក​យល់​ទៅ​លើ​ឆ្នាំ​វក ភាគ​ច្រើន​គឺ​ផ្អែក​ទៅ​អត្តចរិត​របស់​សត្វ​ស្វា នៅ​លើ​ភព​ផែនដី ក៏ប៉ុន្តែ​ក្រុម​ជំនុំ​តារា​សាស្ត្រ​ពី​បុរាណ គឺ​គេ​កំណត់​ទៅ​តាម​ពន្លឺ​ផ្កាយ​នៅ​លើ​មេឃ​នៃ​ជម្ពូទ្វីប ដែល​បង្ហាញ​ខ្លួន​ដូច​សត្វ​ទាំង​១២ ក្នុង​នោះ​មាន​សត្វ​ស្វា​ជាដើម៖ « ដូច​ថា​យក​សត្វ​ស្វា មក​តាង​អ៊ីចឹង​ទៅ​ធ្វើ​របៀប​ក្រមិចក្រមើម​ឲ្យ​ដូច​សត្វ​ស្វា នៅ​លើ​ផែនដី​នោះ​ដូច​មិន​ត្រូវ​ទេ ប៉ុន្តែ​បើ​យើង​និយាយ​ពី​តារាវិទ្យា​ដែល​ជា​ផ្កាយ​នៅ​លើ​មេឃ​ឯ​ជម្ពូទ្វីប​ដែល​មាន​រូប​រាង​ដូច​សត្វ​ស្វា មាន​ពន្លឺ​ភ្លឺ​ស្វាង​ដូច​ពពួក​សត្វ​នោះ ឬ​ដូច​ហនុមាន​នោះ​ដូចជា​ត្រូវ​ជាង »

ទាក់ទង​នឹង​ការ​ព្យាករ​លើ​ផល​ដំណាំ​វិញ លោក​បណ្ឌិត សួន ឱសថ បាន​ឲ្យ​ដឹង​ដែរ​ថា ពី​បុរាណ​មក ចាស់ៗ​ក៏​មាន​ការ​កត់​សម្គាល់​តៗ​គ្នា​មក​ខ្លះ​ដែរ ដូចជា​ថា​ឆ្នាំ​ស្វា ការ​ដាំ​ដំណាំ​ពោត និង​សណ្ដែក ច្រើន​ទទួល​ផល​ល្អ ចំណែក​ស្រូវ​អង្ករ​វិញ មិន​សូវ​ជា​បាន​ផល​ល្អ​ប៉ុន្មាន​ទេ៖ « តាម​ដែល​ចំណាំ គេ​សម្គាល់​ថា សត្វ​នោះ​ស៊ី​អី ? ចូល​ចិត្ត​អី ? ដូចជា​ពោត សណ្ដែក ដែល​ជា​អនុផល​ទេ អា​ហ្នឹង​ផល​នោះ​ក៏​វា​បាន​ច្រើន​ទៅ​តាម​សត្វ​នោះ ដែល​វា​ចូល​ចិត្ត​បរិភោគ។ អា​ហ្នឹង​គេ​មាន​ជំនឿ​អ៊ីចឹង​ទៅ​វិញ »

ដោយឡែក​ទំនាយ​ប្រចាំ​ឆ្នាំ​ក្នុង​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក ឆ្នាំ​២០១៦ ដែល​រៀបរៀង​ដោយ​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ លោក អ៊ឹម បុរិន្ទ ឲ្យ​ដឹង​ដែរ​ថា អាកាសធាតុ​ឆ្នាំ​នេះ​មិន​ក្តៅ មិន​ត្រជាក់ ប៉ុន្តែ​អាច​មាន​ខ្យល់​ព្យុះ​ខ្លាំងៗ និង​អាច​កើត​ហេតុ​អាក្រក់​អំពី​ដី។ ផល​ដំណាំ​ឆ្នាំ​នេះ ទាយ​ថា ស្រូវ ស្រែ ចម្ការ អាច​បាន​ផល​ពាក់​កណ្ដាល ខូច​ពាក់​កណ្ដាល ប្រជានុរាស្ត្រ​អាច​មាន​សេចក្តី​សុខ និង​ទុក្ខ​ស្មើ​គ្នា។

ក្បួន​តម្រា​ហោរា​ខ្មែរ​មួយ​ចំនួន បាន​កត់​សម្គាល់​ដែរ​ថា អ្នក​កើត​ឆ្នាំ​វក ជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម ជាពិសេស​ជាមួយ​មិត្តភ័ក្ដិ។

រាល់​ទង្វើ​ប្រកប​ដោយ​សុជីវធម៌ និង​ចូល​ចិត្ត​ប្រកាន់​យក​ភាព​ហ៊ឺហា ព្រម​ទាំង​ភាព​ឡូយឆាយ​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។