ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជាតិ​សាសន៍​ដទៃ​ក្នុង​តំបន់​អាស៊ី

0:00 / 0:00

ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ក៏​មាន​ជាតិ​សាសន៍​នៃ​ប្រទេស​ដទៃ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ក៏​មាន​ប្រពៃណី​ចូល​ឆ្នាំ​ចំ​ពាក់​កណ្ដាល​ខែ​មេសា ដូច​ខ្មែរ​ដែរ។ តើ​ជាតិ​សាសន៍​ទាំង​នោះ​មាន​ជំនឿ និង​ប្រពៃណី​បែប​ណា​ក្នុង​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្មាំ​ថ្មី​ក្នុង​ប្រទេស​របស់​ពួក​គេ?

ប្រពៃណី​ចូល​ឆ្នាំ​នា​ពាក់​កណ្ដាល​ខែ​មេសា មាន​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង ដែល​មាន​ប្រជាជន​ភាគ​ច្រើន​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ថេរវាទ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជាតិ​សាសន៍​ទាំង​នោះ តែង​តែ​ប្រារព្ធ​ទៅ​តាម​ជំនឿ ប្រពៃណី ទំនៀមទម្លាប់​រៀងៗ​ខ្លួន ក្នុង​នោះ​មាន​ចំណុច​ខ្លះ​ស្រដៀង​គ្នា និង​ខ្លះ​ខុស​ប្លែក​គ្នា។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន ជាតិ​សាសន៍​ដែល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា ក្រៅ​ពី​កម្ពុជា រួម​មាន​មីយ៉ាន់ម៉ា ថៃ និង​ឡាវ ដែល​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។

ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​ថៃ គេ​ហៅ​ថា «សង្ក្រាន្ត» (Sangrant) នៅ​ប្រទេស​ឡាវ គេ​ហៅ​ថា «ភិម៉ៃ» (Pi Mai) មាន​រយៈពេល ៣​ថ្ងៃ។ ចំណែក​នៅ​មីយ៉ាន់ម៉ា គេ​ហៅ​ថា ធីងយ៉ាន (Thingyan) មាន​រយៈពេល ៥​ថ្ងៃ។ ប្រជាពលរដ្ឋ​នៅ​ប្រទេស​ទាំង​នោះ តែង​តែ​ឈប់​សម្រាក​ពី​ការងារ ឬ​ការ​សិក្សា​បាន​យូរ​ជាង​ពិធី​បុណ្យ​ដទៃ​ទៀត​ក្នុង​ប្រទេស​របស់​ពួក​គេ។

កញ្ញា គូកៃ ស៊ីងហាឡាត់ (Kookai Singhalath) ជា​ជនជាតិ​ឡាវ បច្ចុប្បន្ន​ធ្វើ​ការ​នៅ​ក្រុង​វ៉ាំងវៀង (Vang Vieng) មាន​ចម្ងាយ​ប្រមាណ ១៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​វៀងចន្ទន៍។ កញ្ញា​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ប្រទេស​ឡាវ មក​ថា ជា​ធម្មតា ពលរដ្ឋ​ឡាវ ដែល​រស់នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​សាច់ញាតិ​នៅ​តាម​ភូមិ​កំណើត ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់៖ « ខ្ញុំ​ប្រហែល​ជា​នឹង​ត្រូវ​ត្រឡប់​ទៅ​ទីក្រុង​វៀងចន្ទន៍ វិញ ដើម្បី​ជួប​ជុំ​គ្រួសារ​របស់​ខ្ញុំ ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នៅ​ជាមួយ​ពួក​គាត់​ពេញ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​បន្ទាប់ នឹង​ជួប​ជុំ​ជាមួយ​មិត្តភ័ក្ដិ ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​នឹង​ទៅ​វត្ត​អារាម ទទួល​ពរ​ជ័យ​ពី​ព្រះសង្ឃ ព្រម​ទាំង​លេង​ល្បែង​ជះ​ទឹក។ ខ្លួន​ប្រាណ​ត្រូវ​ទទឹក​ជោក​អស់​ហើយ​ក្នុង​រយៈពេល​ចូល​ឆ្នាំ ៣​ថ្ងៃ​ហ្នឹង »

កញ្ញា គូកៃ បន្ថែម​ថា អ្នក​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា តែង​តែ​ទៅ​វត្ត​អារាម ថ្វាយ​ព្រះ បួង​សួង​សុំ​ពរ​ជ័យ​សម្រាប់​ឆ្នាំ​ថ្មី៖ « នៅ​ពេល​រសៀល ជា​ធម្មតា​យើង​ទៅ​វត្ត​អារាម ធ្វើ​ពិធី​ស្រង់​ព្រះ។ យើង​មាន​ជំនឿ​ថា បើ​សិន​ជា​យើង​អាច​ទៅ​បាន​គ្រប់​ប្រាំបួន​វត្ត​ក្នុង​រយៈពេល ៣​ថ្ងៃ យើង​នឹង​មាន​សំណាង​ល្អ​ក្នុង​មួយ​ឆ្នាំ​ពេញ។ ការ​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី ដោយ​ទទួល​បាន​ពរ​ជ័យ​ពី​ព្រះសង្ឃ ឬ​មួយ​បាន​ខ្សែ​ដៃ​សំណាង នឹង​នាំ​មក​នូវ​សំណាង​ល្អ​ពេញ​មួយ​ឆ្នាំ »

ស្រដៀង​នឹង​ទំនៀមទម្លាប់​របស់​ជនជាតិ​ឡាវ ដែរ និស្សិត​ជនជាតិ​ថៃ មួយ​រូប គឺ​លោក អាត ផាន់ធូម៉ាឈីនដា (Art Phanthumachinda) មាន​ប្រសាសន៍​ពី​ទីក្រុង​បាងកក មក​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​ជនជាតិ​ថៃ ហៅ​ថា «សង្ក្រាន្ត» ជា​វិស្សមកាល​ដ៏​វែង​ជាង​គេ​តែ​មួយ​គត់​ធៀប​នឹង​ពិធី​បុណ្យ​ដទៃ​ទៀត​ក្នុង​ប្រទេស​ថៃ។ ដូច្នេះ ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​មក​រក​ការងារ​ធ្វើ​ក្នុង​ទីក្រុង តែង​តែ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ជួប​ជុំ​ញាតិ​សន្ដាន។ ប៉ុន្តែ លោក អាត នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ដោយសារ​ឪពុក​ម្ដាយ និង​សាច់ញាតិ​របស់​លោក​រស់​នៅ​ក្នុង​ទីក្រុង​បាងកក៖ « ខ្ញុំ​នឹង​ទៅ​លេង​លោកតា​លោកយាយ​របស់​ខ្ញុំ ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់។ មិន​ត្រឹម​តែ​ជួប​ជុំ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ខ្ញុំ​ក៏​នឹង​ជួប​បង​ប្អូន​ជីដូន​មួយ និង​សាច់ញាតិ​របស់​ខ្ញុំ ពិសា​អាហារ​ថ្ងៃ​ត្រង់ ឬ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។ ហើយ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ ខ្ញុំ​តែង​តែ​កម្សាន្ត​សប្បាយ​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្ញុំ ដោយ​លេង​ល្បែង​ជះ​ទឹក ហើយ​ក៏​នឹង​មាន​ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​នៅ​ពេល​យប់​ជាមួយ​គ្នា។ ក្រៅ​ពី​នេះ ខ្ញុំ​នៅ​មាន​ពេលវេលា​មួយ​សប្ដាហ៍​យ៉ាង​យូរ ដើម្បី​សម្រាក​ពី​ភាព​មមាញឹក​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​អស់​រយៈពេល​មួយ​ឆ្នាំ​ពេញ »

លោក អាត ឲ្យ​ដឹង​ថា នៅ​ទីក្រុង​បាងកក តំបន់​ទីប្រជុំជន​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ជា​ទីតាំង​សម្រាប់​លេង​ល្បែង​ជះ​ទឹក និង​មាន​រៀបចំ​សណ្ដាប់ធ្នាប់​ល្អ មិន​មែន​អនុញ្ញាត​ឲ្យ​លេង​ជះ​ទឹក​នេះ​នៅ​ពាស​ពេញ​ប្រទេស ដែល​លេង​នៅ​ទីណា​ក៏​បាន​នោះ​ទេ។ ក្រៅ​ពី​យល់​ថា ល្បែង​នេះ​ជួយ​បង្ក​បរិយាកាស​រីករាយ ពលរដ្ឋ​ថៃ រូប​នេះ​ជឿជាក់​ថា ការ​ជះ​ទឹក​ដាក់​គ្នា​ក៏​ជួយ​ឲ្យ​មាន​ភាព​ត្រជាក់​ត្រជំ​ដែរ ខណៈ​អាកាសធាតុ​នា​រដូវ​ប្រាំង​កំពុង​ក្ដៅ​ខ្លាំង។

ទាក់ទង​នឹង​ប្រពៃណី​លេង​ល្បែង​ជះ​ទឹក ប្រជាពលរដ្ឋ​នៃ​ប្រទេស​ឡាវ ថៃ និង​មីយ៉ាន់ម៉ា មាន​ជំនឿ​ថា ទឹក​ដែល​ពួក​គេ​ជះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ នឹង​ជួយ​លាង​ជម្រះ​បាបកម្ម ឬ​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់ ហើយ​ជំនួស​មក​វិញ​នូវ​ពរ​ជ័យ​សម្រាប់​ឆ្នាំ​ថ្មី។

ពួក​គេ​អាច​ជះ​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បាន ដោយ​មិន​ប្រកាន់​ខឹង​គ្នា​នោះ​ទេ លើក​លែង​តែ​ការ​ជះ​ទឹក​ដាក់​ព្រះសង្ឃ និង​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​ការ​លេង​ល្បែង​ដ៏​ពេញ​និយម​នេះ ក៏​មាន​ការ​រាំ​លេង​កម្សាន្ត​ទៅ​តាម​ចង្វាក់​ប្រជាប្រិយ​ផ្សេងៗ​តាម​ចំណង់​ចំណូល​ចិត្ត​នៃ​ជាតិ​សាសន៍​នីមួយៗ។

ពលរដ្ឋ​មីយ៉ាន់ម៉ា មួយ​រូប គឺ​លោក អុង កុង យ៉ាត់ (Aung Kaung Myat) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋធានី​រ៉ង់ហ្គូន (Rangoon) ថា នៅ​មីយ៉ាន់ម៉ា ក្រៅ​ពី​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ដោយ​ការ​លេង​ល្បែង​ជះ​ទឹក ប្រជាពលរដ្ឋ​ដែល​ជឿ​លើ​បុណ្យ​បាប​ក្នុង​ពុទ្ធសាសនា តែង​តែ​ធ្វើ​អំពើ​សប្បុរសធម៌ និង​បង្ហាញ​ក្ដី​គោរព​ដល់​ចាស់​ទុំ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដែល​មាន​ជា​យូរ​មក​ហើយ​ក្នុង​សង្គម​មីយ៉ាន់ម៉ា៖ « នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ គេ​តែង​សង្កេត​ឃើញ​មាន​សកម្មភាព​ធ្វើ​បុណ្យ​ទាន​តាម​គ្រប់​រូបភាព ជាពិសេស​គឺ​ការ​ចែក​រំលែក​នំ​ចំណី​ជូន​គ្នា​ទៅ​វិញ​ទៅ​មក។ សំខាន់ គឺ​នំ​ចំណី​បែប​ប្រពៃណី ដែល​ធ្វើ​ពី​អង្ករ។ ក្រៅ​ពី​នេះ មាន​មនុស្ស​ជាច្រើន​ដែល​នាំ​គ្នា​ធ្វើ​អំពើ​ល្អ​ជាមួយ​ចាស់​ទុំ ដោយ​សម្អាត​សក់​ក្បាល​ជូន​ពួក​គាត់ កាត់​ក្រចក​ជូន​ពួក​គាត់ ជាដើម »

នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ឯណោះ​វិញ ជនជាតិ​សិរីលង្កា (Sri Lanka) កាន់​សាសនា​ព្រះពុទ្ធ និង​ជនជាតិ​នេប៉ាល់ កាន់​សាសនា​ព្រាហ្មណ៍ ក៏​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ដូច​នឹង​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ដែរ។ នៅ​សិរីលង្កា ពិធី​បុណ្យ​នេះ​ត្រូវ​គេ​ហៅ​ថា អាវូរូឌូ (Avurudu) រីឯ​នៅ​ប្រទេស​នេប៉ាល់ គេ​ហៅ​ថា ភុតថាន់ឌូ (Puththandu) ដែល​ប្រជាជន​ក្នុង​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣ ឬ​ទី​១៤ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ។

មុន​ពេល​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ ពួក​គេ​នាំ​គ្នា​សម្អាត និង​តុប​តែង​លំអ​ផ្ទះ​សម្បែង រៀបចំ​ចំណី​អាហារ​ផ្សេងៗ​តាម​ប្រពៃណី ត្រៀម​សម្រាប់​ការ​ជួប​ជុំ​ក្រុម​គ្រួសារ ញាតិ​សន្តាន និង​សម្រាប់​ទទួល​ភ្ញៀវ។ ពលរដ្ឋ​សិរីលង្កា វ័យ​ក្មេង​តែង​ជូន​ស្លឹក​ម្លូ​ដល់​ឪពុក​ម្ដាយ ឬ​ចាស់​ទុំ ដើម្បី​សម្ដែង​កតញ្ញុតាធម៌​ជូន​អ្នក​មាន​គុណ។

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​តែង​តែ​បរិច្ចាគ​ទាន​ដល់​ជន​ក្រីក្រ​នៅ​តាម​តំបន់​ដែល​ពួក​គេ​រស់នៅ។ ដោយសារ​ជំនឿ​មុតមាំ​លើ​សាសនា ទម្លាប់​មួយ​ដែល​ពលរដ្ឋ​សិរីលង្កា និង​ពលរដ្ឋ​នេប៉ាល់ តែង​តែ​ប្រព្រឹត្ត​មិន​អាច​ខាន​នោះ គឺ​ការ​ចូលរួម​ក្នុង​ពិធី​សាសនា​នៅ​តាម​វត្ត​អារាម​ក្បែរ​លំនៅឋាន​របស់​ពួក​គេ ដើម្បី​ទទួល​ពរ​ជ័យ​ពី​ព្រះ ឬ​អាទិទេព​ដែល​ពួក​គេ​គោរព។

ទោះ​បី​ជា​ទំនៀមទម្លាប់​មួយ​ចំនួន​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក៏ដោយ ក៏​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ពាក់​កណ្ដាល​ខែ​មេសា ​របស់​ជាតិ​សាសន៍​ទាំង​នោះ ហាក់​មាន​លក្ខណៈ​ស្រដៀងៗ​គ្នា។ ជាតិ​សាសន៍​នៃ​បណ្ដា​ប្រទេស​ទាំងអស់ មិន​ថា​កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិរីលង្កា ឬ​នេប៉ាល់ ឡើយ តែង​តែ​ចាត់​ទុក​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ជួប​ជុំ​ក្នុង​ក្រុម​គ្រួសារ ញាតិ​សន្ដាន មិត្តភ័ក្ដិ អ្នក​ជិត​ខាង និង​ការ​គោរព​បូជា​ដល់​សាសនា​ជា​ទី​គោរព​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។