បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនិយមធ្វើពិធីបុណ្យចូលឆ្នាំថ្មីនៅខែចេត្រ ក៏ប៉ុន្តែកាលពីសម័យដើម ខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំនេះជាពីរលើក។ លើកទីមួយ គិតតាមដំណើរព្រះច័ន្ទ និងការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ចូលលើកទីពីរ គិតតាមដំណើរព្រះអាទិត្យ។ ដូច្នេះហើយ បានជាការចូលឆ្នាំលើកដំបូង ត្រូវនឹងថ្ងៃទីមួយនៃខែចេត្រ ឯចូលឆ្នាំលើកទីពីរវិញនោះ មិនសូវទៀងទាត់ទេ ជួនកាលត្រូវថ្ងៃទី១៣ ជួនកាលត្រូវថ្ងៃទី១៤ ខែមេសា ក៏ប៉ុន្តែជាទូទៅ ច្រើនតែត្រូវទៅលើថ្ងៃទី១៣ ជារឿយៗជាង។
សព្វថ្ងៃនេះ ប្រជាជនខ្មែរនិយមយកវេលាប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំជាឱឡារិកតែនៅថ្ងៃចូលឆ្នាំជាលើកទីពីរនេះទេ គឺនៅថ្ងៃទី១៣ ឬថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ គេធ្វើឡើងចំនួនបី ឬបួនថ្ងៃ តាមការកំណត់របស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា។
មានប្រទេស៦ ទៀតនៅទ្វីបអាស៊ី នេះ ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំស្របពេលជាមួយខ្មែរដែរ គឺប្រទេសថៃ ប្រទេសឡាវ ប្រទេសភូមា សិរីលង្កា ផ្នែកខ្លះនៃប្រទេសឥណ្ឌា និងផ្នែកខ្លះនៃប្រទេសចិន ក៏ប៉ុន្តែការចុះមកដល់នៃទេព្ដាឆ្នាំថ្មីនៃប្រទេសទាំងនោះ មានការខុសៗគ្នាទៅតាមទម្លាប់ ជំនឿ និងប្រពៃណីនៃប្រទេសទាំងនោះ។
ចំពោះប្រជាជាតិខ្មែរវិញ បុព្វហេតុដែលនាំឲ្យគេបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះ លោក អ៊ឹម បុរិន្ទ ដែលជានាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា មានដើមកំណើតពីរឿងកបិលមហាព្រហ្មភ្នាល់គ្នាជាមួយនឹងធម្មបាលកុមារ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ លោក ជុន ច័ន្ទបុត្រ អំពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
