វត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពុំសូវមានព្រះសង្ឃគង់ចាំព្រះវស្សាទេ។ ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តជិតព្រំដែននោះ មានថេរដីកាថា កត្តាដែលធ្វើឲ្យមានព្រះសង្ឃតិច ដោយសារពុំសូវមានពុទ្ធបរិស័ទធ្វើបុណ្យធ្វើទាន និងគ្មានសាលារៀនសម្រាប់ឲ្យព្រះសង្ឃសិក្សា។
ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជាប់ព្រំដែនថៃ នៅស្រុកស្វាយចេក មានថេរដីកាថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនជួយរកវិធីដោះស្រាយ ដើម្បីឲ្យព្រះសង្ឃនិមន្តទៅគង់ចាំវត្តនៅតាមព្រំដែនឲ្យបានច្រើនទេ គឺមិនយូរឡើយ នៅតាមព្រំដែនមានតែសំបកវត្ត តែគ្មានព្រះសង្ឃសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានឡើយ។
ព្រះសង្ឃគង់នៅវត្តប្រាសាទបីរស្មីចម្ការគ ឃុំស្វាយចេក ព្រះតេជព្រះគុណ សាន ចាន់ឌី មានថេរដីកាថា ព្រះអង្គគង់ចាំព្រះវស្សានៅក្នុងវត្តមួយនេះចំនួន ៣ព្រះវស្សាមកហើយ ដោយកន្លងទៅមានព្រះសង្ឃគង់ចាំវត្តពី ២ទៅ ៣អង្គជារៀងរាល់ឆ្នាំ។
កំពុងផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី ខាងមុខកុដិព្រះចៅអធិការ ស្រាប់តែព្រះអង្គប្រើឲ្យសាមណេរមួយអង្គនិមន្តទៅទិញម្ហូបសម្រាប់ឆាន់ត្រង់ ល្គឹកនោះសាមណេរដែលមានព្រះជន្ម ១២ព្រះវស្សាផងនោះ បាននិមន្តទៅរកទិញម្ហូបនៅតូបលក់ដូររបស់អ្នកស្រុកក្បែរវត្តម្ដងជាពីរដង តែពុំមានបានចង្ហាន់នោះទេ។ ព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា រាល់ថ្ងៃ ព្រះអង្គបិណ្ឌបាតពុំបានចង្ហាន់សម្រាប់ឆាន់ពេលព្រឹក និងពេលថ្ងៃត្រង់នោះទេ ដោយថ្ងៃខ្លះបានឆាន់ ហើយថ្ងៃខ្លះមិនបានចង្ហាន់ឡើយ៖ « អាត្មាភាពសូមចម្រើនពរដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ជួយទំនុកបម្រុងដល់ព្រះសង្ឃតាមព្រំដែនផង ព្រោះជួបការខ្វះខាតខ្លាំង ព្រោះអីទាំងព្រះសង្ឃ និងពុទ្ធបរិស័ទក្រខ្សត់ »។
វត្តប្រាសាទបីរស្មីចម្ការគ មានចម្ងាយប្រហែល ១គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ និងមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣អង្គ ក្នុងនោះមានសាមណេរមួយអង្គផង។ វត្តមួយនេះ មានកុដិសម្រាប់ព្រះសង្ឃគង់ចំនួន ៣ និងមានសាលាឆាន់ធ្វើពីឈើមានសភាពរខេករខាកមួយ តែពុំមានព្រះវិហារនៅឡើយទេ។ ព្រះតេជព្រះគុណ សាន ចាន់ឌី មានថេរដីកាថា មូលហេតុដែលមានព្រះសង្ឃតិច ដោយសារពុំសូវមានពុទ្ធបរិស័ទធ្វើបុណ្យ។
ចំណែកអាចារ្យវត្តប្រាសាទបីរស្មីចម្ការគ លោក និន ឈន់ ថ្លែងថា ព្រះសង្ឃក្នុងវត្តជួបការខ្វះខាតជារៀងរាល់ឆ្នាំ ដោយសារពលរដ្ឋចំណុះជើងវត្តភាគច្រើនក្រីក្រ ទៅធ្វើការងារនៅប្រទេសថៃ ព្រឹកវិលល្ងាច ហើយពុំចាប់អារម្មណ៍រឿងធ្វើបុណ្យជាមួយព្រះសង្ឃក្នុងវត្តនោះទេ៖ « ចាប់ពីខ្ញុំចូលមកធ្វើជាអាចារ្យវត្តនេះមក ឃើញថាវត្តខ្វះខាតគ្រប់បែបយ៉ាង ទាំងចង្ហាន់ព្រះសង្ឃ និងរបស់ប្រើប្រាស់នៅក្នុងវត្ត ពុំមានសម្រាប់ពលរដ្ឋធ្វើបុណ្យទានក្នុងវត្តទេ »។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានភូមិចម្ការគ លោក ប៊ុន អឿន មានប្រសាសន៍ថា ពលរដ្ឋនៅក្នុងភូមិភាគច្រើនប្រកបរបរដាំដំឡូងមី ធ្វើស្រែ និងធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកប្រាក់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ។ ចំណែកការធ្វើបុណ្យទានវិញ លោកអះអាងថា បើទោះជាពលរដ្ឋមានជីវភាពមិនធូរធារក្ដី តែពួកគាត់រក្សាប្រពៃណីធ្វើបុណ្យដាក់បាត្រព្រះសង្ឃ ដូចពលរដ្ឋនៅខាងក្នុងប្រទេសដែរ៖ « ពីដើមអត់មានអីទាំងអស់ ព្រោះយើងបានចំណូលសទ្ធាជ្រះថ្លារបស់ពលរដ្ឋក្នុងភូមិ ដោយពុំមានពលរដ្ឋពីខាងក្រៅមកធ្វើបុណ្យក្នុងវត្តទេ។ ម្យ៉ាងទៀត មានអាជ្ញាធរភូមិនេះឯងបានរួមគ្នាបង្កើតវត្តនេះមក »។
ចំណែកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យិន យឿន ទទួលស្គាល់ថា វត្តនៅតាមព្រំដែនជាប់ប្រទេសថៃ ភាគច្រើនពិតជាពុំសូវមានព្រះសង្ឃគង់ចាំព្រះវស្សាប្រាកដមែន ប៉ុន្តែលោកអះអាងថា ខាងព្រះមេគុណខេត្តបាននិមន្តព្រះសង្ឃទៅគង់គ្រប់វត្តមិនឲ្យដាច់ព្រះសង្ឃនោះទេ។ លោកបន្ថែមថា បញ្ហាខ្វះព្រះសង្ឃចាំវត្តនៅតាមព្រំដែនកន្លងទៅ ខាងមន្ទីរ និងមន្ត្រីសង្ឃខេត្ត បានព្យាយាមរកកន្លែងបើកសាលាបង្រៀនភាសាបាលីដល់ព្រះសង្ឃ ដើម្បីឲ្យមានព្រះសង្ឃគង់នៅច្រើនដែរ តែរកវត្តពុំទាន់បាន៖ « ហើយក្នុងក្របខ័ណ្ឌសាលាបាលីមួយ គឺមានព្រះសង្ឃសមណ សិស្សចាប់ពី ១៥អង្គឡើងទៅ បានយើងអាចបើកសាលាបង្រៀនបាលីបាន ប្រសិនបើព្រះសង្ឃក្រោមនោះទេមិនអាចបើកសាលាបានទេ ព្រោះព្រះសង្ឃតិចមិនត្រូវតាមស្តង់ដារអប់រំ »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធត្រូវលើកទឹកចិត្តព្រះសង្ឃតាមរយៈការផ្ដល់ចង្ហាន់ និងសាងសង់ទីវត្តអារាម និងសាលារៀនសម្រាប់ព្រះសង្ឃ ដើម្បីជំរុញឲ្យព្រះសង្ឃទៅគង់ចាំវត្តតាមព្រំដែនឲ្យបានច្រើន។ លោកអះអាងថា ប្រសិនបើពុំមានព្រះសង្ឃតាមព្រំដែនទេ នាំឲ្យសីលធម៌រស់នៅរបស់ពលរដ្ឋធ្លាក់ចុះ ហើយមានក្មេងទំនើងច្រើន ដោយសារគ្មានអ្នកអប់រំផ្លូវចិត្តធ្វើឲ្យមនុស្សមិនខ្លាចបាប៖ « ហើយក៏ជាការចូលរួមចំណែកទី១ វត្តនៅតាមព្រំដែនក៏អាចជារនាំងការពារព្រំដែនរបស់ជាតិបានដែរ។ ទី២ ជាអ្នកផ្សព្វផ្សាយអំពីសីលធម៌ដល់ប្រជាពលរដ្ឋនៅតាមព្រំដែន។ បញ្ហាទាំងនេះជាគុណប្រយោជន៍សំខាន់ណាស់របស់ប្រទេសជាតិ »។
ព្រះចៅអធិការវត្តចម្ការគ ព្រះតេជព្រះគុណ វិន នី ឲ្យដឹងថា វត្តនៅជាប់ព្រំដែនក្នុងស្រុកស្វាយចេក និងស្រុកអូរជ្រៅ តំបន់ព្រះអង្គគង់ចាំព្រះវស្សាដោយវត្តភាគច្រើនមានព្រះសង្ឃពីមួយអង្គទៅពីរអង្គស្ទើរគ្រប់វត្ត ដែលបង្កការលំបាកដល់ពុទ្ធបរិស័ទធ្វើបុណ្យធ្វើទាន ព្រោះពេលធ្វើបុណ្យម្ដងៗត្រូវនិមន្តព្រះសង្ឃជាច្រើនវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
