ល្ខោន​ស្រមោល​ស្បែក​ធំ​នឹង​ត្រូវ​សម្ដែង​ជូន​សាធារណជន​នៅ​យប់​ថ្ងៃ​ទី​២២​កុម្ភៈ

សមាគម​សិល្បករ​គោកធ្លក នឹង​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​ឲ្យ​សាធារណជន​បាន​ទស្សនា​ដោយ​សេរី នៅ​ក្នុង​ទីធ្លា​បណ្ណាល័យ​ជាតិ នៅ​យប់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។

ប្រធាន​សមាគម​សិល្បករ​គោកធ្លក គឺ​លោក ភឿង កុម្ភៈ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​សម្ដែង​លើក​ដំបូង បន្ទាប់​ពី​សមាគម​របស់​លោក​បាន​ដំឡើង​ល្ខោន​ស្បែក​ធំ​រឿង​រាមកេរ្តិ៍ ចាប់​ពី​ដើម​រហូត​ដល់​ចប់ ដោយ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា នៅ​យប់​ថ្ងៃ​ពុធ ក្រុម​របស់​លោក​នឹង​សម្ដែង​ក្នុង​រយៈពេល ១​ម៉ោង គឺ​ពី​ម៉ោង ៧ ដល់​ម៉ោង ៨​យប់ ដោយ​លើក​ឈុត​ឆាក​មួយ​នៃ​រឿង​រាមកេរ្តិ៍ គឺ​ត្រង់​ហនុមាន​សង់​ស្ពាន​ទៅ​ក្រុង​លង្កា៖ « លើក​យក​ ឈុត​ហនុមាន​ សង់​ស្ពាន​ទៅ​ក្រុង​លង្កា រហូត​ដល់​ឈុត​ព្រះ​លក្ស្មណ៍ សម្លាប់ ឥន្ទ្រជិត ដែល​ជា​បុត្រ​ច្បង​របស់​ក្រុង​រាពណ៍ ដែល​ពាក្យ​ឥន្ទ្រជិត ហ្នឹង គឺ​មាន​ន័យ​ថា​ខ្លាំង​ជាង​ព្រះឥន្ទ្រ ទៅ​ទៀត ។ ក្នុង​ហ្នឹង​មាន​ប្រហែល ៦​ឆាក គឺ​ត្រូវ​នឹង​មួយ​ម៉ោង »

លោក ភឿង កុម្ភៈ ឲ្យ​ដឹង​ថា ដោយសារ​ល្ខោន​ស្បែក​ធំ​អាច​សម្ដែង​បាន​តែ​រឿង​រាមកេរ្តិ៍ ទើប​សមាគម​របស់​លោក​បាន​រួម​គ្នា​ដំឡើង​រឿង​នេះ ដែល​អាច​សម្ដែង​បាន​មួយ​ចប់​សាច់​រឿង ដោយ​ចំណាយ​ពេល​សម្ដែង​ម្ដង​ជាង​បួន​ម៉ោង។ សមាគម​គោកធ្លក បាន​ផ្ដួចផ្ដើម​គំនិត​នេះ​នៅ​ក្រោយ​ពេល​ដែល​ល្ខោន​ស្បែក​ធំ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្ស​ជាតិ ដោយ​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ឆ្នាំ​២០០៥។

លោក កុម្ភៈ ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដំឡើង​រឿង​នេះ គឺ​ចង់​ឲ្យ​ល្ខោន​ស្បែក​ធំ​មាន​ឈុត​ឆាក​ច្រើន​សម្ដែង ដែល​ពី​មុន​មាន​ចំនួន​តិច និង​ដោយ​អន្លើ ពុំ​មែន​ជា​សាច់​រឿង​ទាំងមូល ម្យ៉ាង​លោក​រំពឹង​ថា នឹង​អាច​ឲ្យ​ល្ខោន​ស្បែក​ធំ​ងើប​ឡើង​វិញ​មិន​បាត់បង់ ហើយ​ថែម​ទាំង​អាច​ផ្ដល់​ការងារ​ជាច្រើន​ដល់​សិល្បករ​ផ្នែក​ល្ខោន​ស្បែក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។