រដ្ឋាភិបាល​អាមេរិក​និង​បារាំង​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សម្ដែង​មោទនភាព​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ប្រកប​ដោយ​ភាព​រឹងមាំ និង​រីក​ចម្រើន សម្រាប់​អនាគត​ទាំងអស់​គ្នា។

ការ​លើក​ឡើង​បែប​នេះ ខណៈ​ដែល​រដ្ឋាភិបាល​អាមេរិក សម្ដែង​ការ​អបអរ​សាទរ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ។

ក្នុង​លិខិត​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មេសា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) លើក​ឡើង​ថា សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ចំណង​មិត្តភាព​រឹងមាំ និង​យូរ​អង្វែង​មួយ​លើ​មូលដ្ឋាន​ពាណិជ្ជកម្ម សន្តិសុខ​តំបន់ និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​ពលរដ្ឋ និង​ពលរដ្ឋ។ លើស​ពី​នេះ លោក ចន ឃែរី ក៏​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​សន្ទុះ​ទឹក​ចិត្ត​របស់​យុវជន​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន។

លោក ចន ឃែរី មាន​ប្រសាសន៍​ថា ក្នុង​នាម​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​ពលរដ្ឋ​អាមេរិក​ទាំង​មូល លោក​ជូន​ពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ប្រកប​ដោយ​ក្តី​សុខ សុវត្ថិភាព ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ដ៏​រីករាយ​ខាង​មុខ។

ស្រប​គ្នា​នេះ​ដែរ ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ (Jean-Claude Poimboeuf) ក៏​ចូលរួម​ចែក​រំលែក​ភាព​រីករាយ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា។ ក្នុង​លិខិត​របស់​លោក​ចុះ​ថ្ងៃ​ទី​១០ មេសា លោក ហ្សង់-ក្លូដ ពាំបឺហ្វ ជូន​ពរ​ប្រទេស​កម្ពុជា បន្ត​ឈាន​ទៅ​មុខ​លើ​មាគ៌ា​ដែល​ពង្រឹង​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៃ​ស្ថាប័ន​នានា​របស់​ខ្លួន និង​ចែក​រំលែក​ឲ្យ​កាន់​តែ​ប្រសើរ​នូវ​ផ្លែ​ផ្កា​នៃ​កំណើន​សេដ្ឋកិច្ច ព្រម​ទាំង​សម្រប​ខ្លួន​បាន​ល្អ​ក្នុង​តំបន់។

លោក លោក ហ្សង់-ក្លូដ ពាំបឺហ្វ ក៏​សម្ដែង​ការ​គាំទ្រ​ចំពោះ​វប្បធម៌​សន្ទនា​រវាង​អ្នក​នយោបាយ​ខ្មែរ និង​កោត​សរសើរ​ផង​ដែរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ លោក​បញ្ជាក់​ថា ប្រទេស​បារាំង នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម តាម​រយៈ​ការ​ពង្រឹង ឬ​ការ​បង្កើត​ភាព​ជា​ដៃគូ​ថ្មីៗ​បន្ថែម​ទៀត ទាំង​ជាមួយ​ស្ថាប័ន​រដ្ឋ និង​ផ្នែក​ឯកជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។