អ្នកសិក្សាវប្បធម៌ និងប្រវត្តិសាស្ត្រ បានឱ្យដឹងថា ពិធីលៀងអារក្ស គឺជាជំនឿរបស់អម្បូរមន-ខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិ រហូតមកដល់ប្រទេសកម្ពុជា ក្នុងសម័យវិទ្យាសាស្ត្រទំនើបនេះ។ ទាំងអ្នកជំនាញផ្នែកវប្បធម៌ និងអ្នកវិទ្យាសាស្ត្រសង្គម បានទទួលស្គាល់ដូចគ្នាថា ពិធីលៀងអារក្ស ថ្វីត្បិតតែមិនសូវត្រឹមត្រូវតាមសម័យទំនើប ប៉ុន្តែគេមិនត្រូវមើលស្រាលទេ ពីព្រោះវាជាជំនួយស្មារតីតាមបែបជំនឿ ឬក៏ជាទស្សនវិជ្ជារបស់ខ្មែរដើមយ៉ាងសំខាន់។
តើបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរនៅខេត្តណាខ្លះ ដែលរក្សាទុកពិធីនេះបានខ្ជាប់ខ្ជួន?
ប្រជាពលរដ្ឋខ្មែរភាគច្រើនបានបំភ្លេចចោល ឬក៏មិនចេះចាំជំនឿអរូបិយរបស់ដូនតាខ្មែរ ដែលបន្សល់ទុកជាយូរមកហើយ ដូចជាពិធីសែនអ្នកតា និងពិធីលៀងអារក្ស ជាដើមនោះទេ។
ខេត្តសៀមរាប គឺជាខេត្តមួយដែលប្រជាពលរដ្ឋនៅតែមានជំនឿ និងថែរក្សាបានមត៌កវប្បធម៌ដ៏យូរលង់ទាំងនេះ។
ក្នុងមួយឆ្នាំៗ នៅតាមបណ្ដាស្រុកជាច្រើនរបស់ខេត្តសៀមរាប គេតែងឃើញមានធ្វើពិធីជញ្ជាត់ព្រលឹង ដើម្បីរំដោះគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងពិធីលៀងអារក្ស ដើម្បីបួងសួងសុំឱ្យព្រលឹងបុព្វបុរស និងបារមីវត្ថុសក្ដិសិទ្ធិ តាមជួយថែរក្សាឱ្យមានសេចក្ដីសុខ ព្រមទាំងប្រកបរបរចិញ្ចឹមជីវិតឱ្យចំរុងចម្រើន ជាដើម។
«សំឡេង»
កាលពីដើមសប្ដាហ៍នេះ នៅក្នុងភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកភូមិមួយចំនួនបាននាំគ្នាប្រារព្ធពិធីលៀងអារក្ស និងបញ្ជាន់រូប ដែលអ្នកសៀមរាប ហៅថា លៀងមេមត់ ក្នុងគោលបំណងសុំសេចក្តីសុខសិរីសួស្ដីដល់លំនៅឋានថ្មី និងឱ្យអ្នកភូមិផងទាំងអស់ បានប្រកបរបរចិញ្ចឹមជីវិតប្រសើរ។
«សំឡេង»
អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ដែលជាម្ចាស់ភូមិឋានទើបតែសាងសង់រួចថ្មីៗ គឺលោក រ៉េត សាមុត។ លោកបានមានប្រសាសន៍ថា តាមលោកស្រាវជ្រាវប្រវត្តិសាស្ត្រ គឺជនជាតិខ្មែរកាលពីសម័យបុព្វកាល មានជំនឿគោរពទៅលើព្រលឹង នៅមុនពេលដែលទទួលយកឥទ្ធិពលនៃជំនឿសាសនាពីឥណ្ឌា។ ជំនឿលើព្រលឹងទាំងនោះ គឺជនជាតិខ្មែរសម័យដើម តែងធ្វើពិធីសែនព្រេន ឬក៏លៀងអារក្ស ជាដើម។
លោក រ៉េត សាមុត បានបញ្ជាក់ថា បច្ចុប្បន្ន ពិធីទាំងនេះកំពុងបាត់បង់បន្តិចម្ដងៗពីសង្គមខ្មែរ ដូច្នេះលោកក៏រំឭកឡើងវិញ ដើម្បីជួយពញ្ញាក់ស្មារតីដល់កូនខ្មែរជំនាន់ក្រោយ ឱ្យចាប់អារម្មណ៍ និងនាំគ្នាថែរក្សា៖ «គោលបំណងចង់ផ្សារភ្ជាប់រវាងដូនតាបុព្វការីជន ដែលបានចែកឋានទៅហើយ គឺមកភ្ជាប់ជាមួយកូនចៅបច្ចុប្បន្ននេះឱ្យនៅជិតគ្នា ហើយដើម្បីឱ្យថែរក្សាទៅអនាគតកាល ឱ្យបានយូរអង្វែងផង ពីព្រោះថា ជំនឿដើមរបស់ខ្មែរយើង បើសិនជាយើងមិនបានអភិរក្សថែរក្សាទេ គឺធ្វើឱ្យឥទ្ធិពលរបស់បរទេសដែលកំពុងតែចូលមកហ្នឹង គឺកំពុងតែវាយលុក»។
មានប្រជាពលរដ្ឋខ្មែរជាច្រើនរស់នៅខេត្តសៀមរាប នៅតែមានជំនឿលើពិធីលៀងអារក្សនោះ ដោយគេជឿថា ព្រលឹងបុព្វបុរស និងបារមីវត្ថុសក្ដិសិទ្ធិ ដែលមកចូលសណ្ឋិតក្នុងរូបកាយអ្នកស្នង តែងប្រាប់ឱ្យដឹងអំពីគ្រោះថ្នាក់ទាំងឡាយ ដែលអាចនឹងកើតឡើង ព្រមទាំងជួយបង្ហាញផ្លូវ និងការពារពួកគេឱ្យមានសេចក្តីសុខផង។
អ្នកស្នងរូបអារក្សម្នាក់ គឺអ្នកស្រី ចូច យន់ អាយុជាង ៥០ឆ្នាំ បានមានប្រសាសន៍ថា អ្នកស្រីបានស្នងរូបអារក្សបន្តពីជីដូន តាំងតែពីអ្នកស្រីមានអាយុជាង ១០ឆ្នាំមកម្ល៉េះ។ អ្នកស្រី ចូច យន់ បានមានប្រសាសន៍ទៀតថា ធម្មតាគាត់មិនមានចំណេះដឹង និងសមត្ថភាព អាចព្យាបាលជំងឺ និងជួយរំដោះទុក្ខអ្នកភូមិបានទេ ក៏ប៉ុន្តែនៅពេលដែលព្រលឹងរបស់សម្ដេចព្រះគ្រូ ឬក៏បារមីចូលសណ្ឋិត គឺគាត់អាចចេះព្យាបាលជំងឺឱ្យអ្នកភូមិជាដើម។ អ្នកស្រីបានឱ្យដឹងទៀតថា ពេលបច្ចុប្បន្ន អ្នកស្រីរវល់យ៉ាងខ្លាំងក្នុងការងារលៀងអារក្ស ដោយសារតែអ្នកភូមិជាច្រើនបានពឹងពាក់ ក៏ប៉ុន្តែទោះយ៉ាងណា វាមិនមែនជាមុខរបររកកម្រៃទេ៖ «១ឆ្នាំៗរាប់មិនអស់ មិនបានទំនេរច្រើនណាស់ខ្ញុំ ធ្វើពិធីបួងសួងគុណគ្រូក៏ដោយ បញ្ជាន់អារក្ស ឬក៏គេហៅថា មេមត់បុរាណយើងនោះ។ បួងសួងលោកតាម្ចាស់ទឹកម្ចាស់ដី នៅក្នុងនគរយើង ព្យាបាលជំងឺឈឺស្កាត់អ្វីទៅថា មានយ៉ាងម៉េចៗ? ពេលដែលរូបចូលសណ្ឋិតបានដឹងមើលបាន»។
«សំឡេង»
ពិធីលៀងអារក្សដែលអ្នកសៀមរាប ហៅថា លៀងមេមត់ នោះ គឺម្ចាស់ផ្ដើមពិធីមានរៀបដង្វាយជាផ្លែឈើជាច្រើនមុខ មានទាំងមាន់ស្ងោរ និងភេសជ្ជៈផង។ នៅកន្លែងធ្វើពិធី គឺមានបាយសីជាច្រើនជាន់ សម្រាប់សក្ការបូជា។ បន្ទាប់ពីអ្នកភ្លេង១ក្រុម ព្រមទាំងអ្នកស្នងរូបបានមកដល់ គឺគេបានចាប់ផ្ដើមប្រគំភ្លេង ហើយអ្នកស្នងរូប ចាប់ផ្ដើមបួងសួងហៅព្រលឹងឱ្យចូលមកសណ្ឋិត។
បច្ចុប្បន្ននេះ ដោយសារតែវិទ្យាសាស្ត្រជឿនលឿន មានសម្ភារៈទំនើបប្រើប្រាស់ និងគ្រូពេទ្យមានសមត្ថភាពព្យាបាលជំងឺពូកែៗ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនបាត់បង់ជំនឿទៅលើពិធីលៀងអារក្ស ឬក៏សែនព្រេន ដែលជាជំនឿអរូបិយបន្តិចម្ដងៗ។
តើការគោរព និងជឿលើព្រលឹងអរូបិយទាំងនោះ វាគ្មានប្រយោជន៍ ឬក៏យ៉ាងណា?
ក្រុមអ្នកអភិរក្សវប្បធម៌ និងវិទ្យាសាស្ត្រសង្គម បានចាត់ទុកថា ជំនឿលើព្រលឹងវិញ្ញាណទាំងនេះ វានៅតែមានសារសំខាន់យ៉ាងខ្លាំង ដោយមិនអាចខ្វះបានទេ បើទោះបីជាសម័យនេះ វិទ្យាសាស្ត្របានជឿនលឿនអាចធ្វើអ្វីបានតាមចិត្តហើយក៏ដោយចុះ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានពន្យល់ថា បើទោះបីជាពេលនេះជាយុគសម័យនៃវិទ្យាសាស្ត្រជឿនលឿនក៏ដោយ ក៏ទ្រឹស្ដីវិទ្យាសាស្ត្រមិនបានបដិសេធចោលជំនឿអរូបិយស្ដីពីព្រលឹងនៅលើលោកនេះទេ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ក្នុងទ្រឹស្ដីវិទ្យាសាស្ត្របានចែកចេញជាពីរ គឺរូបធាតុនិយម និងសម្ភារៈនិយម។ អ្នករូបធាតុនិយម បានដឹងច្បាស់ថា នៅលើលោកនេះ គឺពិតជាមានព្រលឹងវិញ្ញាណ។ ក៏ប៉ុន្តែ ចំពោះអ្នកសម្ភារៈនិយមវិញ ដូចជាអ្នកប្រាជ្ញ កាលម៉ាក អង់ហ្គែល និង ឡេនីន ជាដើម បានចាត់ទុកថា នៅលើលោកនេះមានតែសម្ភារៈនិយមទេដែលធ្វើឱ្យពិភពលោកជឿនលឿនទៅបាន។
ទោះយ៉ាងណា លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា តាមការពិត ពេលបច្ចុប្បន្ននេះមិនថានៅប្រទេសកម្ពុជា ឬក៏ប្រទេសលើពិភពលោកទេ ទាំងអ្នកដឹកនាំ និងប្រជាពលរដ្ឋ គឺសុទ្ធតែនៅមានជំនឿលើព្រលឹងអរូបិយដដែល នៅពេលណាដែលគេមិនមានដំណោះស្រាយតាមបែបវិទ្យាសាស្ត្រនិយម៖ «មនុស្សកាលមិនទាន់ជឿអត់ជឿទេ ដល់ឈឺតែអស់សង្ឃឹមលើពេទ្យ តើគាត់សង្ឃឹមអ្វី? គឺសង្ឃឹមទៅលើការបែរបន់នោះឯង ហើយដូចគ្នា នៅពេលដែលគេដឹកនាំប្រទេសមួយ ហើយប្រទេសមានបញ្ហា គេនាំគ្នាបាត់បង់ការទុកចិត្តលើអ្នកនយោបាយ គឺគេរត់ទៅរកជំនឿហ្នឹង។ អាហ្នឹងវាត្រូវតែមានអ៊ីចឹង។ សូម្បីតែប្រទេសរុស្ស៊ី ក៏ដោយ ប្រទេសអាមេរិក ក៏ដោយ សុទ្ធតែមានទាំងអស់»។
ប្រធានមន្ទីរវប្បធម៌ ខេត្តសៀមរាប កញ្ញា ស៊ុន សុវណ្ណី បានឱ្យដឹងថា ខេត្តសៀមរាប បច្ចុប្បន្ន នៅមានវង់ភ្លេងមេមត់ ឬអារក្សតិចតួចណាស់ប្រហែលជា ៣-៤ក្រុមប៉ុណ្ណោះ។ មន្ត្រីដដែលបញ្ជាក់ថា ប្រពៃណីលៀងអារក្សដែលប្រជាពលរដ្ឋ ខេត្តសៀមរាប នៅតែរក្សាទុកបាននេះ គឺមានសារសំខាន់ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងផ្សារភ្ជាប់ជំនឿនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផង។
«សំឡេង»
មន្ទីរវប្បធម៌ ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីថែរក្សាកេរដំណែលនៃវប្បធម៌មួយនេះឱ្យបានយូរអង្វែង គឺគេកំពុងប្រឹងប្រែងសិក្សាស្រាវជ្រាវអំពីប្រវត្តិបទភ្លេង ឧបករណ៍ ព្រមទាំងរបៀបរៀបចំពិធី។ ជាមួយគ្នានេះ គេក៏លើកទឹកចិត្តដល់អ្នកចេះដឹងរឿងនោះ ឱ្យបន្តថែរក្សា និងផ្ទេរចំណេះតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀតសម្រាប់អនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
