ក្រុមអ្នកជំនាញផ្នែកការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកចម្រុះជាតិសាសន៍ កំពុងជួបប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី ព្រះវិហារ (ICC-Preah Vihear) លើកទី២ នៅឯខេត្តសៀមរាប។
កិច្ចប្រជុំនេះ ជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកគំនិតចម្បងៗ ព្រមទាំងការជួយជ្រោមជ្រែងទាំងសម្ភារៈ និងថវិកាពីបណ្ដាប្រទេសនានា ដើម្បីឈានទៅរកការជួសជុលប្រាសាទព្រះវិហារ ដែលបែកបាក់ និងខូចខាតដោយសារការគំរាមកំហែងពីធម្មជាតិ និងពីសង្គ្រាមផង ឲ្យបានល្អប្រសើរឡើងវិញ។
មន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា គណៈកម្មការជាតិ-យូណេស្កូ (UNESCO) នៃប្រទេសចិន មានបំណងជួយជួសជុលខ្លោងទ្វារគោបុរៈចំនួន៣ របស់ប្រាសាទព្រះវិហារ ដែលបែកបាក់ខូចខាតជាយូរមកហើយ ឲ្យល្អប្រសើរឡើងវិញនៅពេលខាងមុខ។
អនុប្រធាននាយកដ្ឋានព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី គឺលោក ឯក ថា។ លោកបានថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងពេលដែលគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ អាយ.ស៊ី.ស៊ី ព្រះវិហារ កំពុងជួបប្រជុំពេញអង្គលើកទី២ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី២១ ខែមីនា ថា លោក ហាវ ពីង (Hao Ping) ជាប្រធានគណៈកម្មការជាតិ-យូណេស្កូ របស់ចិន បានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅ។ ក្នុងជំនួបនោះ លោក ហាវ ពីង ជម្រាប លោក សុខ អាន ថា ភាគីចិន ពេញចិត្តក្នុងការចូលរួមវិភាគទានជួយជួសជុលខ្លោងទ្វារគោបុរៈចំនួន៣ របស់ប្រាសាទព្រះវិហារ៖ « ឯកឧត្តមបណ្ឌិត ហាវ ពីង គាត់បានប្រកាសថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីលើកសំណើទៅកាន់រដ្ឋាភិបាលចិន ចំពោះការជួសជុលនូវខ្លោងទ្វារចំនួន៣ គឺគោបុរៈទី១ គោបុរៈទី២ និងទី៣ »។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ ក្រោមកិច្ចដឹកនាំដោយសហប្រធាន មានឥណ្ឌា និងចិន នោះ ក៏បានលើកទឹកចិត្តចំពោះភាគីចិន ថាជាអ្នកឈានមុខគេក្នុងការឈានទៅរកការជួសជុលផ្នែកខ្លះនៃប្រាសាទព្រះវិហារ ដែរ។
សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ-ឥណ្ឌា លោក ណាវីន ស្រ៊ីវ៉ាស្តាវ៉ា (Naveen Srivastava) ថ្លែងនៅក្នុងកិច្ចប្រជុំថា ប្រទេសចិន ដែលត្រៀមខ្លួនជាស្រេចក្នុងការជួយជួសជុលប្រាសាទព្រះវិហារ នោះ ថ្វីបើជាការសម្រេចចិត្តរបស់រដ្ឋភាគីដែលជាសមាជិកនៃអង្គការយូណេស្កូ ក៏ប៉ុន្តែវាក៏បានឆ្លងកាត់គណៈកម្មាធិការអន្តរជាតិដែរ៖ « រាល់ការសម្រេចចិត្តថ្មីៗពីបណ្ដារដ្ឋដែលជាសមាជិកនៃអង្គការយូណេស្កូ ប្រទេសចិន អាចជាអ្នកនាំមុខយើងទាំងអស់គ្នា ដោយមានហេតុផលជាច្រើនក្នុងការឈានទៅជួសជុលផ្នែកខ្លះនៃប្រាសាទព្រះវិហារ »។
កាលពីអំឡុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ប្រាសាទព្រះវិហារ ក្រៅតែពីខូចខាតដោយសារគ្រោះធម្មជាតិ ក៏ទទួលរងគ្រោះដោយសារគ្រាប់កាំភ្លើងរបស់ទាហានថៃ ជាច្រើនកន្លែងទៀតក្នុងពេលទាហានខ្មែរ-ថៃ បានប៉ះប្រយុទ្ធគ្នាដោយសាររឿងជម្លោះព្រំដែននៅតំបន់ក្បែរនោះ។
ក្រៅតែពីបានដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ បានបង្កើតអាជ្ញាធរជាតិព្រះវិហារ ដើម្បីជំរុញឲ្យមានការប្រឹងប្រែងលើការងារអភិវឌ្ឍន៍ជាច្រើន ដូចជាទាក់ទាញឲ្យមានកំណើនភ្ញៀវទេសចរ ការងារជួសជុល និងអភិរក្សប្រាសាទ ការងារអភិវឌ្ឍន៍សហគមន៍ អភិរក្សធនធានធម្មជាតិ និងតំបន់ការពារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
