ក្រុមសិល្បករចាស់ៗមួយចំនួន បានសម្ដែងការតូចចិត្តដោយសារសង្គមកម្ពុជា មិនសូវបានគិតពីតម្រូវការរបស់មនុស្សចាស់។ ក្រុមសិល្បករចាស់ៗទាំងនោះ ចង់ឃើញសង្គមកម្ពុជា គិតគូរ និងយកចិត្តទុកដាក់លើមនុស្សចាស់ ពិសេសវីរៈសិល្បករចាស់ៗដែលបាត់បង់សមត្ថភាព និងកំពុងមានជំងឺ។
សិល្បករជើងចាស់ ចង់ឃើញសង្គមកម្ពុជា យកចិត្តទុកដាក់ដល់ពួកគាត់ឲ្យមានការរស់នៅសមរម្យ ពីព្រោះមនុស្សចាស់ក៏ជាធនធានសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយបណ្តុះបណ្តាលដល់ក្មេងស្រករក្រោយ ដើម្បីលើកស្ទួយតម្លៃវប្បធម៌ជាតិ។
ការបង្ហាញអារម្មណ៍តូចចិត្តនៅពេលដែលខ្វះការគាំទ្រពីសង្គមរបស់ក្រុមសិល្បករចាស់ៗនៅពេលនេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ «យើងរួមគ្នាតែមួយ» ដែលរៀបចំឡើងកាលពីថ្ងៃទី៨ សីហា នារាជធានីភ្នំពេញ។
ក្នុងវ័យ ៩០ឆ្នាំ លោក យិន សារិន ដែលត្រូវបានគេដឹងថាជាអតីតសាស្ត្រាចារ្យល្ខោនខោលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានបទពិសោធន៍ជាង ៧០ឆ្នាំមកហើយនោះ។ លោក យិន សារិន ហៅ សរ បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា ដោយចិត្តស្រឡាញ់លើវិស័យសិល្បៈល្ខោនខោល និងចង់បណ្តុះបណ្តាលជំនាញល្ខោនខោលដល់ក្មេងជំនាន់ក្រោយ ពេញមួយជីវិតរបស់លោក លោកក៏បានប្រើប្រាស់ជីវិតចុងក្រោយផ្សារភ្ជាប់នឹងវិស័យសិល្បៈ។
អតីតសាស្ត្រាចារ្យល្ខោនខោលដែលមានស្បែកជ្រីវជ្រួញ និងមានជំងឺលើសឈាមផងនោះ បានរៀបរាប់បន្តថា បើទោះបីជាវីរៈសិល្បករចាស់ៗត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌមនុស្សរស់ក្តី ក៏សិល្បករចាស់ៗមួយចំនួននៅពេលបច្ចុប្បន្ន មិនសូវមានការគាំទ្រពីសំណាក់មហាជន ពិសេសសង្គមនៅឡើយ។ លោកបន្តថា សង្គមហាក់ដូចជាទុកពួកគាត់ចោល ជាក់ស្តែងរូបលោកផ្ទាល់នៅតែមានជីវភាពខ្វះខាត។
សាស្ត្រាចារ្យល្ខោនខោលរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ និងចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សរស់ ព្រោះសិល្បករចាស់ៗគឺជាស្ពានចម្លងចំណេះដឹងមកដល់យុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី៖ «សិល្បៈ គឺសម្បត្តិទ្រព្យទាំងអស់គ្នា ហើយចំណែកឯសិល្បករចាស់ៗ គឺជាធនធានមនុស្សដ៏សំខាន់ចំពោះសង្គម ហើយបើសង្គមមើលរំលងគាត់ វប្បធម៌ក៏រលត់ដែរ»។
ចំណែកសិល្បករជើងចាស់មួយរូបទៀតផ្នែកតារាសម្ដែង អ្នកស្រី ឌី សាវ៉េត បានឲ្យដឹងថា កន្លងមកបើទោះជារដ្ឋាភិបាលបានគិតគូរពីសិល្បករចាស់ៗក្តី តែសិល្បករចាស់ៗភាគច្រើននៅកម្ពុជា ដែលបាត់បង់សមត្ថភាព និងមានជំងឺ នៅតែចង់បានណាស់ការគាំទ្រ និងយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ អ្នកស្រីបន្តថា សិល្បករចាស់ៗកំពុងប្រឈមនឹងជីវភាពខ្វះខាត ដោយសារតែពួកគាត់គ្មានឱកាសជួយខ្លួនឯង តាមរយៈការងារសិល្បៈបន្តទៀត។
ជាសិល្បករផ្នែកតារាកំប្លែងជើងចាស់ម្នាក់ទៀត លោក អ៊ុក សុវណ្ណារិទ្ធ ហៅ នាយ ចាប ចៀន បាននិយាយដែរថា មានសិល្បករចាស់ៗកម្ពុជា មួយចំនួនដែលបានបាត់បង់ជីវិតទៅ ដោយខ្វះការគាំទ្រពីសង្គម។ លោក ចាប ចៀន ក៏បានសំណូមពរឲ្យសិល្បករខ្មែរទាំងអស់ ត្រូវតែរួបរួមគ្នាដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគាត់៖ «សិល្បករចាស់ៗមិនសំដៅលើតែអ្នកដែលគ្រាន់តែស្រែកច្រៀង ឬសម្ដែងលើឆាកនោះទេ សូម្បីតែអ្នកនិពន្ធ អ្នកដឹកនាំ ក៏ជាអ្នកសិល្បៈដែរ ចឹងចាំបាច់ណាស់សង្គមត្រូវតែគិតគូរពីពួកគាត់»។
រីឯអតីតគ្រូបង្រៀនរបាំបុរាណនៅឯខេត្តកំពង់ស្ពឺ ឯណោះវិញ អ្នកស្រី តូច រឿន បាននិយាយដែរថា រដ្ឋាភិបាលកម្ពុជា ហាក់បានមើលរំលងមិនយកចិត្តទុកដាក់មនុស្សចាស់ បណ្តោយឲ្យមានមនុស្សចាស់ជាច្រើនកំពុងជួបការលំបាកទាំងការរស់នៅ និងបញ្ហាសុខភាពជាដើម។ អ្នកស្រីបន្តថា ដោយសារសង្គមពោរពេញដោយអំពើពុករលួយ និយមតែបក្ខពួក ទើបបណ្តោយឲ្យមនុស្សចាស់ជាច្រើនគ្មានទីពឹង។ អ្នកស្រីចង់ឃើញក្រសួងវប្បធម៌ ត្រូវតែយកចិត្តទុកដាក់លើពួកគាត់៖ «ខ្ញុំសព្វថ្ងៃ ខ្ញុំតូចចិត្តនឹងរដ្ឋាភិបាលដែលមិនគិតគូរពីមនុស្សចាស់ ពិសេសមនុស្សចាស់ដែលបាត់បង់កម្លាំងពលកម្ម ដែលនេះបង្ហាញថា សង្គមនិយមតែបក្ខពួកនិយម មិនឲ្យតម្លៃមនុស្សចាស់ជាធំ មិនគិតពីផលប្រយោជន៍ទៅមុខ»។
ចំណែកឯនិស្សិតនៅសាកលវិទ្យាល័យហ្សាម៉ាន់ (ZAMAN) ដែលតែងតែចូលរួមរៀបចំព្រឹត្តិការណ៍វប្បធម៌នានា កញ្ញា ថា ស្រីណុច បាននិយាយថា បើទោះជាដឹងថា សិល្បករចាស់ៗជាអ្នកដែលមានបទពិសោធន៍ច្រើន និងជាធនធានមនុស្សដ៏មានសារសំខាន់ ដែលអាចជួយផ្ទេរចំណេះដឹងខាងផ្នែកវប្បធម៌ដល់យុវជនជំនាន់ក្រោយក្តី តែការយកចិត្តទុកដាក់របស់សង្គមចំពោះពួកគាត់តិចតួចនៅឡើយ។ កញ្ញាអំពាវនាវឲ្យយុវជនកម្ពុជា ទាំងអស់ នាំគ្នាធ្វើសកម្មភាពផ្សេងៗដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សរស់ទាំងអស់នោះ៖ «សិល្បករចាស់ៗ គឺគាត់បានបម្រើផលប្រយោជន៍ដល់ប្រទេសជាតិរបស់យើងជាយូរមកហើយ ដូច្នេះហើយយើងទាំងអស់គ្នាមានកាតព្វកិច្ចជួយគាំទ្រ និងជ្រោមជ្រែងដល់វីរៈសិល្បករចាស់បន្តទៀត»។
ទាក់ទិននឹងការលើកឡើងរបស់សិល្បករចាស់ៗទាំងនេះដែរ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានឲ្យដឹងដែរថា អ្នកសិល្បៈរស់នៅបាន គឺអាស្រ័យលើអ្នកគាំទ្រ តែបើមិនមានអ្នកគាំទ្រនោះទេ នឹងជួបបញ្ហាប្រឈមមិនខាន ពិសេសសិល្បករចាស់ៗដែលបាត់បង់សមត្ថភាព។ លោកបន្តថា ផ្នែកមួយដែលនឹងជួយមិនឲ្យសិល្បៈវប្បធម៌ខ្មែរធ្លាក់ចុះ គឺសង្គមត្រូវតែគិតគូរលើការរស់នៅដល់សិល្បករចាស់ៗទាំងនោះ ជាធនធានមនុស្សសំខាន់ផ្នែកសិល្បៈ ដែលមនុស្សជំនាន់ក្រោយមិនអាចខ្វះបាន៖ «ដោយមើលឃើញកង្វះខាត និងការលំបាកជាច្រើនដែលកើតឡើងចំពោះសិល្បករចាស់ៗ ហើយនៅពេលដែលគាត់ចាស់ទៅៗ គាត់មិនមានកម្លាំងកំហែងដើម្បីប្រើប្រាស់ជំនាញរបស់គាត់ ដើម្បីប្រកបរបរទទួលទានចិញ្ចឹមជីវិតនោះទេ ដូច្នេះហើយសង្គមមិនអាចមើលរំលងបានឡើយ»។
ព្រឹត្តិការណ៍ «យើងរួមគ្នាតែមួយ» ដែលជាព្រឹត្តិការណ៍វប្បធម៌ អប់រំ និងសិល្បៈមួយដែលរៀបចំឡើងក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់វីរៈសិល្បករចាស់ៗ កាលពីថ្ងៃទី៨ សីហា ក៏បានចាត់ទុកថា ចាស់ព្រឹទ្ធាចារ្យវីរៈសិល្បករចាស់ៗ គឺជា «សម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សរស់» ដែលជួយបណ្ដុះធនធានមនុស្សជំនាន់ក្រោយឲ្យស្គាល់តម្លៃសិល្បៈវប្បធម៌ជាតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា ដើម្បីដឹងចំណាត់ការរបស់ក្រសួងវប្បធម៌ និងដើម្បីដឹងពីចំនួនវីរៈសិល្បករចាស់ៗនៅកម្ពុជា បាននៅឡើយទេនៅថ្ងៃទី១២ សីហា។

ប៉ុន្តែ ព្រះរាជក្រឹត្យស្ដីពីប្រព័ន្ធមរតកមនុស្សរស់ នៅកម្ពុជា កាលពីឆ្នាំ២០១៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់គោរមងារថ្នាក់ជាតិដល់ព្រឹទ្ធាចារ្យសិល្បៈចំនួន ១៧រូប ដែលត្រូវបានចាត់ទុកថា ជាមរតកនៃមនុស្សរស់។ ការតែងតាំងដោយផ្តល់គោរមងារថ្នាក់ជាតិដោយព្រះរាជក្រឹត្យ ក្នុងប្រព័ន្ធមរតកមនុស្សរស់ ដើម្បីធានាការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌ វប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបិយរបស់ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្វែងយល់។ ព្រះរាជក្រឹត្យនេះដដែល ក៏បានឲ្យដឹងថា មរតកមនុស្សរស់ទាំងនោះនឹងទទួលប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិ និងទទួលការឧបត្ថម្ភសម្ភារៈ ថវិកា និងមធ្យោបាយសម្រាប់ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាល ជាដើម។
ជាងនេះទៀត សារាចររបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកទិវាមនុស្សចាស់ និងទិវាមនុស្សចាស់អន្តរជាតិ ដែលតែងប្រព្រឹត្តទៅនៅថ្ងៃទី១ តុលា ជាទិវាបុណ្យរំឭកគុណូបការៈរបស់មនុស្សចាស់កម្ពុជា ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយ។ រដ្ឋាភិបាលបានបង្កើតឲ្យមានគោលនយោបាយជាតិ ដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់កាន់តែប្រសើរឡើង។
ទោះជាយ៉ាងនេះក្តី សិល្បករចាស់នៅតែមានការព្រួយបារម្ភខ្លាចបាត់បង់សិល្បៈបុរាណទៅថ្ងៃអនាគត ព្រោះសិល្បករចាស់ៗនាពេលបច្ចុប្បន្នមានចំនួនតិច សិល្បករខ្លះមានវ័យចាស់ជរា ព្រមទាំងមានជំងឺធ្ងន់ធ្ងរជាបន្តបន្ទាប់ជាដើម។ សិល្បករចាស់ៗទាំងនោះ ចង់ឃើញគ្រប់បណ្ដាអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ និងគិតគូរ ព្រោះវីរៈសិល្បករទាំងនោះបានជួយលើកស្ទួយវប្បធម៌ខ្មែរកន្លងមក និងជាដួងព្រលឹងសិល្បៈខ្មែរ ដើម្បីកុំឲ្យដូចពាក្យថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
