កម្ពុជា​តាំងពិព័រណ៍​​រូបថត​ស្ដីពី​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៨ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហ៊ឹម ឆែម មាន​ប្រសាសន៍​ថា រូប​ថត​ដែល​បាន​ដាក់​តាំង​នៅ​ពេល​នេះ ​គឺ​ជា​ស្នាដៃ​របស់​អ្នក​ថត​រូប​បរទេស ​ជា​ពិសេស​លោក បាគូ សៃតូ (Baku Saito) ដែល​បាន​សម្រាំង​ស្នាដៃ​រូបថត​នៃ​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ចាប់​តាំង​ពី​តំបន់​នេះ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​១៩៩២។

ក្រៅ​ពី​បង្ហាញ​នូវ​រូបថត​ក្នុង​ពិព័រណ៍​នេះ ក៏​បាន​បង្ហាញ​ស្នាដៃ​សិល្បៈ​ចម្លាក់​លើ​ស្បែក​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​ល្ខោន​ស្បែក​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែរ។

ការ​បង្ហាញ​រូបថត​របស់​កម្ពុជា ​គឺ​ស្រប​ពេល​ដែល​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ បាន​បញ្ចប់​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​២។

អ្នក​នាំ​ពាក្យ​កិច្ចប្រជុំ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក លោក ឯក ថា មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​បាន​បន្ត​ពិភាក្សា​ពី​ការ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​នៅ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ។ លោក​បន្ត​ថា កិច្ច​ពិភាក្សា​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។ យ៉ាង​កិច្ច​ប្រជុំ​បាន​សម្រេច​ដក​ចេញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ អាបាម (Abahm) ក្នុង​ប្រទេស​អ៊ីរ៉ង់ (Iran) ចេញ​ពី​បញ្ជី​សម្បត្តិ​វប្បធម៌​ប្រឈម​នឹង​គ្រោះថ្នាក់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ចុះ​ថ្ងៃ​ទី​១៨ ខែ​មិថុនា អោយ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​បាន​សម្រេច​បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​កោះ​សូឡូម៉ុន (Solomon Island) នៃ​រដ្ឋ​រ៉ីនណែល​ខាងកើត (East Rennel) ទៅ​ជា​បេតិកភណ្ឌ​​ប្រឈម​នឹង​គ្រោះថ្នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​ថា ព្រៃ​អភិរក្ស​នៅ​ក្នុង​តំបន់​នេះ ត្រូវ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។