ទឹកភ្លៀងមានកម្រិតតិចតួចក្នុងឆ្នាំនេះ មិនត្រឹមតែធ្វើឱ្យស្រូវ និងផលដំណាំរបស់កសិករតាមបណ្ដាខេត្តខ្លះ បានផលតិចតួចប៉ុណ្ណោះទេ កម្រិតទឹកភ្លៀងដែលធ្លាក់តិចជាងកាលពីឆ្នាំមុននេះ បានធ្វើឱ្យនៅតាមតំបន់រមណីយដ្ឋាន និងប្រាសាទបុរាណខ្លះ ក្នុងខេត្តសៀមរាប ក៏ខ្វះទឹកសម្រាប់ទ្រទ្រង់សំណង់បុរាណផងដែរ។
មន្ត្រីជំនាញរបស់អាជ្ញាធរអប្សរាកំពុងសំដែងការព្រួយបារម្ភទៅលើបញ្ហាខ្វះទឹកសម្រាប់ជួយដល់គ្រឹះប្រាសាទបុរាណនានា ឱ្យរឹងមាំសម្រាប់រដូវប្រាំងនៃចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីគេមើលឃើញថា ពេលបច្ចុប្បន្ន ទឹកដែលគេបានស្តុកទុកដើម្បីការពារគ្រឹះប្រាសាទបុរាណ គឺនៅសល់កម្រិតតិចជាងកាលពីឆ្នាំកន្លងទៅ។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ថា កាលពីរដូវវស្សាដើមឆ្នាំ២០១៥ កន្លងទៅ គឺទឹកភ្លៀងបានធ្លាក់កម្រិតតិចតួច បណ្ដាលឱ្យនៅតាមរមណីយដ្ឋាន និងប្រាសាទបុរាណ មានទឹកនៅសេសសល់តិចតួចដែរ។ ការខ្វះទឹកនេះ ធ្វើឱ្យអាជ្ញាធរមានក្ដីព្រួយបារម្ភអំពីការគំរាមកំហែងទៅលើប្រាសាទបុរាណ។
លោក ឡុង កុសល បញ្ជាក់ថា ទឹកមានសារសំខាន់មួយផ្នែកក្នុងការជួយដល់ប្រាសាទបុរាណ ពីព្រោះគ្រឹះនៃប្រាសាទបុរាណទាំងអស់ គឺជាដីខ្សាច់ ហើយប្រសិនបើដីខ្សាច់ស្ងួត វានឹងធ្វើឱ្យផុស អាចប្រេះ ឬស្រុតគ្រឹះប្រាសាទបាន៖ «បើសិនជាខ្សាច់ហ្នឹងមានទឹកពេញ ហើយសើមជាប់រហូត គឺអត់ស្រុតអត់អីទៅណាទេ។ អ៊ីចឹងទឹកហ្នឹងមានសារសំខាន់ក្នុងការជួយទ្រទ្រង់ប្រាសាទបុរាណ»។

មន្ត្រីអាជ្ញាធរអប្សរាឱ្យដឹងថា ប្រាសាទបុរាណខ្លះ ដែលបុព្វបុរសខ្មែរសាងសង់ឡើង គឺមានកសិណទឹក ដូចជាប្រាសាទនាគព័ន្ធ ប្រាសាទអង្គរវត្ត និងស្រះស្រង់ជាដើម ក៏ប៉ុន្តែនៅរដូវប្រាំងឆ្នាំនេះ គេមានការព្រួយបារម្ភដោយសារតែកម្រិតទឹកនៅតាមប្រាសាទទាំងនេះមានតិចតួចណាស់។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជំនាញផ្នែកទឹក និងព្រៃឈើ របស់អាជ្ញាធរអប្សរា គឺលោក ហង្ស ពៅ ដើម្បីសុំការអធិប្បាយបានយ៉ាងណានៅឡើយទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា។
ចំណែកមគ្គុទ្ទេសក៍ទេសចរណ៍ ដែលតែងនាំភ្ញៀវដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងប្រាសាទបុរាណ លោក រ៉េត សាមុត ឱ្យដឹងថា ទឹកដែលនៅតាមប្រាសាទបុរាណមិនត្រឹមតែអាចជួយទាក់ទាញអារម្មណ៍អ្នកទេសចរណ៍ ឱ្យសប្បាយរីករាយ និងក្បង់លុបមុខប៉ុណ្ណោះទេ គឺវាក៏មានអត្ថន័យយ៉ាងធំធេងទាក់ទងនឹងលទ្ធិសាសនាដែរ។
លោក រ៉េត សាមុត បញ្ជាក់ថា ជាការពិតណាស់ នៅតាមប្រាសាទបុរាណ គឺមិនអាចខ្វះទឹកបានទេ៖ «បើសិនជាមានទឹករួមផ្សំជាមួយ គឺវាធ្វើឱ្យមានលក្ខណៈគ្រប់គ្រាន់ វាមានប្រាសាទវាមានទឹក ពីព្រោះទឹក គឺជានិមិត្តរូបតំណាងឱ្យម្ដាយ រីឯតួប្រាសាទ គឺតំណាងឱ្យឪពុក»។
មន្ត្រីអាជ្ញាធរអប្សរាឱ្យដឹងថា ជារៀងរាល់ឆ្នាំ គេតែងតែទាញយកទឹកមកពីប្រភព ៣កន្លែង ដូចជាពីស្ទឹងសៀមរាប ស្ទឹងរលួស និងស្ទឹងពួក ដែលមានប្រភពពីភ្នំគូលែន ដើម្បីបញ្ចូលមកតាមតំបន់ប្រាសាទបុរាណនានា ព្រមទាំងបញ្ជូនទៅស្តុកនៅតំបន់បារាយណ៍ខាងលិចផង។ ក៏ប៉ុន្តែទោះយ៉ាងណា នៅក្នុងរដូវប្រាំងចាប់ពីចុងឆ្នាំ២០១៥ រហូតទៅដល់ជិតពាក់កណ្ដាលឆ្នាំ២០១៦ ខាងមុខ គេមើលឃើញថា កម្រិតទឹកសម្រាប់បញ្ចូលដើម្បីជួយទ្រទ្រង់រមណីយដ្ឋាន និងប្រាសាទបុរាណ គឺមានកម្រិតតិចជាងកាលពីឆ្នាំ២០១៤ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
