ក្រុម​អ្នក​ជំនាញ​ប្រជុំ​ពិនិត្យ​ឡើង​វិញ​លើ​គម្រោង​ជួសជុល​ប្រាសាទ​និង​រមណីយដ្ឋាន​បុរាណ

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ (UNESCO) និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត បាន​ជួប​ប្រជុំ​បច្ចេកទេស​លើក​ទី​២៦ ស្ដីពី​ការងារ​ជួសជុល និង​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា។

កិច្ច​ប្រជុំ​ដើម្បី​ការពារ និង​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​នេះ បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC)។

មន្ត្រី​អាជ្ញាធរ​អប្សរា​អះអាង​ថា ការ​ដែល​ក្រុម​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​មក​ពី​ច្រើន​ប្រទេស បាន​ប្រឹងប្រែង​រួម​គ្នា​ជួសជុល និង​ថែរក្សា​ប្រាសាទ​បុរាណ​ដែល​បែក​បាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ជាច្រើន​កន្លែង​ឲ្យ​ល្អ​ឡើង​វិញ កំពុង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប ផ្ដល់​តម្លៃ​យ៉ាង​ខ្ពស់​ថា តំបន់​អង្គរ គឺ​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ធំ​សម្រាប់​ឆ្នាំ​២០១៦ នេះ។

មោទនភាព​អង្គរ​ក្នុង​ការ​ទាក់ទាញ​ក្រសែ​ភ្នែក​ភ្ញៀវ​ទេសចរ​នៃ​តំបន់​អឺរ៉ុប នេះ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​អប្សរា ថ្លែង​ប្រាប់​ក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស​លើក​ទី​២៦ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​អាជ្ញាធរ​អប្សរា។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​សម្រាក​កិច្ច​ប្រជុំ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា ថា ការ​ដែល​ប្រទេស​ជាច្រើន​បាន​រួម​គ្នា​ជួយ​ជួសជុល និង​ថែ​រក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​មោទនភាព​យ៉ាង​ខ្លាំង ទាំង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ឲ្យ​ជំនាញ​ខាង​ការពារ និង​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ ព្រម​ទាំង​ធ្វើ​ឲ្យ​អង្គរ​របស់​កម្ពុជា កាន់​តែ​ល្បី​រន្ទឺ​សុះសាយ​ទៅៗ។ លោក ឡុង កុសល បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ​លើក​ទី​២៦ នេះ គឺ​ប្រទេស​អាហ្វហ្គានីស្ថាន (Afghanistan) បាន​បង្ហាញ​ជំហរ​ថា នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​កម្ពុជា ដើម្បី​ទទួល​យក​ជំនួយ​បច្ចេកទេស​ពី​កម្ពុជា សម្រាប់​ការ​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​នៅ​ក្នុង​ប្រទេស​របស់​គេ។ ចំណែក​ឯ​ការ​ជួសជុល និង​ថែ​រក្សា​ប្រាសាទ​បុរាណ​ច្រើន​កន្លែង​នៅ​ខេត្ត​សៀមរាប រយៈពេល​ជាង ២០​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ កំពុង​ទាក់ទាញ​បណ្ដា​ប្រទេស​នៃ​សហភាព​អឺរ៉ុប ឲ្យ​សម្លឹង​ឃើញ​អង្គរ ថា​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​សម្រាប់​ឆ្នាំ​២០១៦៖ « ការងារ​ដែល​យើង​ទទួល​បាន​កន្លង​មក​នេះ គឺ​សុទ្ធតែ​ជា​ការងារ​ចូលរួម​ទាំងអស់​គ្នា​រវាង​ស្ថាប័ន​ជាតិ និង​ស្ថាប័ន​អន្តរជាតិ ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ »

កិច្ច​ប្រជុំ​បច្ចេកទេស​លើក​ទី​២៦ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ ដែល​មាន​បារាំង និង​ជប៉ុន ធ្វើ​ជា​សហប្រធាន គឺ​បាន​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​គម្រោង​ជួសជុល​ប្រាសាទ និង​រមណីយដ្ឋាន​បុរាណ​មួយ​ចំនួន ព្រម​ទាំង​ឈាន​ទៅ​រក​ការ​ផ្ដួចផ្ដើម​គម្រោង​ថ្មីៗ សម្រាប់​ជួសជុល​ទៅ​លើ​ប្រាសាទ​បុរាណ​ខ្លះ​ទៀត​ដែល​បន្ត​ការ​បែក​បាក់ និង​ទ្រុឌទ្រោម​ដែរ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស​លើក​ទី​២៦ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ​នោះ​ថា បច្ចុប្បន្ន កំពូល​ប្រាសាទ​បុរាណ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប កំពុង​ទ្រុឌទ្រោម ហើយ​ជ្រាប​ទឹក​ភ្លៀង ចំណែក​ឯ​ផ្នែក​ខ្លះ​នៃ​រាន​ហាល​របស់​ប្រាសាទ​អង្គរវត្ត ព្រម​ទាំង​ខ្លោងទ្វារ​ទាំង ៥ របស់​អង្គរ​ធំ ក៏​កំពុង​ទ្រុឌទ្រោម។ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ស្នើ​ឲ្យ​អ្នក​ជំនាញ​បរទេស ជួយ​ជ្រោមជ្រែង និង​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ​បន្ត​ទៅ​ទៀត៕

វីដេអូ៖ កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ងារ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប

កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ងារ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ងារ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។