រដ្ឋមន្ត្រី៖ ការ​ប្ដូរ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទៅ​ទីតាំង​ថ្មី​ដើម្បី​យក​ដី​ពង្រីក​សារមន្ទីរ​ជាតិ

ដោយ ខែ សុណង
2017.03.04
ភឿង សកុណា ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​វប្បធម៌​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​វប្បធម៌​ឆ្នាំ​២០១៦ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ នៅ​ខាង​ក្រោយ​សារមន្ទីរ​ជាតិ និង​​ខាង​ជើង​ព្រះបរមរាជវាំង​នោះ នឹង​ក្លាយ​ទៅ​ជា​ទីតាំង​ដើម្បី​ពង្រីក​សារមន្ទីរ​ជាតិ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណើរការ​សាងសង់​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ​​ថ្មី​មួយ​លើ​ផ្ទៃដី ៣​ហិកតារ នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ។

មូលហេតុ​នៃ​ការ​ប្ដូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ ដែល​មាន​វ័យ ១០០​ឆ្នាំ​នេះ ក្នុង​គោលបំណង​ពង្រីក​សារមន្ទីរ​ជាតិ ដោយសារ​តែ​សារមន្ទីរ​ពុំ​មាន​ទីកន្លែង​គ្រប់គ្រាន់​​ធ្វើ​អោយ​បដិមា និង​វត្ថុ​បុរាណ​ជា​ច្រើន​មិន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ពេល​កន្លង​ទៅ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ថា ដោយសារ​សារមន្ទីរ​ជាតិ​បច្ចុប្បន្ន​មាន​ទំហំ​ជាង ១​ហិកតារ មាន​សភាព​តូច​ចង្អៀត ហើយ​បដិមា និង​វត្ថុ​បុរាណ​ជា​ច្រើន​នៅ​សេសសល់​ត្រូវ​បាន​គរ​ទុក​តែ​ក្នុង​ឃ្លាំង​មិន​បាន​តាំង​បង្ហាញ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា ខាង​ជំនាញ​វិស្វករ​កំពុង​ធ្វើ​ការ​សិក្សា​ប្លង់​មេ​នៅ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ​ថ្មី នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ដែល​នឹង​ត្រូវ​ដំណើរការ​ឲ្យ​បាន​មុខ​ខែ​មេសា នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មក​ដល់។

ថ្លែង​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៩ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា គម្រោង​សង់​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ​ថ្មី​សង់​លើ​ផ្ទៃដី ៤​ហិកតារ និង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក ក្នុង​ទីក្រុង​ជ្រោយចង្វារ និង​កសាង​មជ្ឈមណ្ឌល​វប្បធម៌ ១​ហិកតារ​ផ្សេង​ទៀត នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស នៅ​អំឡុង​ពេល ៣​ឆ្នាំ​ទៅ​មុខ ដើម្បី​ជា​ការ​បណ្ដុះ​ធនធាន​មនុស្ស ពង្រីក​គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត។

លោក ហ៊ុន សែន ប្រកាស​ថា នឹង​ពន្លឿន​គម្រោង​សាងសង់​សាលា​ថ្មី​នេះ តាម​រយៈ​ការ​ស្វែង​រក​ជំនួយ​ថវិកា ពីព្រោះ​ការ​សាងសង់​ដែល​មាន​ទាំង​អគារ​អន្តេវាសិកដ្ឋាន រោង​សៀក និង​អគារ​សិក្សា​សិល្បៈ​ខ្មែរ​ផង៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ផ្ដល់​មតិ​ឥឡូវ សំខាន់​គឺ​ការ​រៀបចំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដំណើរការ​ទឹកប្រាក់ ១២​លាន​ដុល្លារ​អាមេរិក​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​អាច​មួយ​ជំហាន​ម្ដងៗ ដើម្បី​រុញ​គម្រោង​នេះ​ឲ្យ​វា​ទៅ​មុខ។ ខ្ញុំ​គិត​ថា មិត្តភ័ក្ដិ​បរទេស​មួយ​ចំនួន​អាច​នឹង​មាន​ចំណែក​ក្នុង​ការ​កសាង ខ្ញុំ​អាច​ទទួល​បន្ទុក​លើក​បញ្ហា​នេះ ​ដើរ​សុំ​មិត្ត​ភក្តិ​បរទេស អគ្គរដ្ឋទូត​បារាំង នៅ​ទី​នេះ​ស្រាប់​ហើយ។ យើង​ខ្ញុំ​នឹង​ធ្វើ​សាកលវិទ្យាល័យ​មួយ​ឲ្យ​ស្អាត​នៅ​ក្នុង​ដំណាក់កាល​នេះ»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ទស្សនៈ​ថា ទីតាំង​ថ្មី​នេះ មាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពី​ចំណុច​កណ្ដាល​នៃ​រាជធានី​ភ្នំពេញ ដែល​គួរ​តែ​នៅ​ក្បែរ​ទីតាំង​សំខាន់ៗ នៅ​បណ្ដុំ​អគារ​អភិរក្ស​វប្បធម៌​អរិយធម៌៖ «កិច្ចការ​សិល្បៈ​គួរ​តែ​នៅ​ក្បែរ​ព្រះ​បរម​រាជវាំង ដែល​ជា​ការ​គិតគូរ​ទុក​មួយ​របស់​អ្នក​អភិរក្ស​សិល្បៈ​តាំង​ពី​ដើម​រៀង​មក ជា​ទីកន្លែង​មួយ​ដែល​ចាំបាច់​ដែល​ត្រូវ​តែ​នៅ​កៀក​កន្លែង​មួយ​ដែល​ចាំបាច់​ដែល​ត្រូវ​តែ​នៅ កៀក​កន្លែង​ដែល​មាន​ការ​អភិរក្ស​ប្រហាក់ប្រហែល​គ្នា​នៅ​ជិត​ព្រះបរមរាជវាំង​តែ​ម្ដង បាន​ល្អ ព្រោះ​អី​ព្រះ​បរម​រាជវាំង​ជា​ទី​កន្លែង​ពាក់ព័ន្ធ​ការ​អភិរក្ស​ទាំង​ប្រពៃណី ទំនៀមទម្លាប់ ហើយ​និង​សិល្បៈ​ដែល​បន្សល់​ទុក​តាំង​ពី​ដូនតា​មក»

សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ ដំបូង​ឡើយ​មាន​ឈ្មោះ​ថា សាលា​ភូមិន្ទ​សិល្បៈ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩១៨ ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ ក្នុង​ឆ្នាំ​១៩៦៥។ គ្រឹះស្ថាន​មួយ​នេះ មាន​ផ្ទៃ​ដី​ជាង ២​ហិកតារ មាន​ទីតាំង​ខាង​ក្រោយ​សារមន្ទីរ​ជាតិ និង​ឆៀង​ខាង​ជើង​ព្រះបរមរាជវាំង ដោយ​មាន​បណ្ដុះបណ្ដាល​ផ្នែក​ចម្លាក់ បុរាណវិទ្យា ស្ថាបត្យកម្ម តុបតែង​លំអ របាំ សៀក ភ្លេង ល្ខោន និង​នគរូបនីយវិទ្យា ជាដើម។

រដ្ឋាភិបាល​គ្រោង​ធ្វើ​ខួប ១០០​ឆ្នាំ នៃ​សាកលវិទ្យាល័យ​នេះ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។