ចិន​និង​ប្រទេស​អាស៊ាន​បង្ហាញ​ពី​វប្បធម៌​រៀង​ខ្លួន​ដើម្បី​ត្រៀម​សម្ដែង​សិល្បៈ​នៅ​សៀមរាប

0:00 / 0:00

មន្ត្រី​វប្បធម៌​មក​ពី​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ជួប​ពិភាក្សា​ក្នុង​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃ​ជាមួយ​នឹង​មន្ត្រី​ផ្នែក​វប្បធម៌​របស់​ប្រទេស​ចិន នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​ធ្នូ ដើម្បី​បង្ហាញ​អំពី​វប្បធម៌​ផ្សេងៗ​គ្នា​ក្នុង​បំណង​ត​ភ្ជាប់​វប្បធម៌​ទាំងនោះ​នៅ​ក្នុង​តំបន់។

សិក្ខាសាលា​ក្រោម​ប្រធានបទ «អាស៊ាន-ចិន រួម​គ្នា​សម្ដែង​វប្បធម៌​ដើម្បី​ការ​ត​ភ្ជាប់» នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​ប្រទេស​ទាំង​១១ គ្រោង​នឹង​សម្ដែង​សិល្បៈ​រួម​គ្នា​នៅ​ឯ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប នៅ​រាត្រី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ខ្មែរ ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​នោះ គឺ​អ្នកស្រី សឿង រ័ត្នចាវី មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​ធ្នូ ថា ប្រទេស​កម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​អាស៊ាន និង​ចិន ពីព្រោះ​ទំនាក់ទំនង​នេះ​វា​មាន​ថាមពល និង​សក្ដានុពល​ធំធេង​ជាច្រើន​វិស័យ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍ ជាដើម។

អ្នកស្រី សឿង រ័ត្នចាវី បញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​រួម​គ្នា​អាស៊ាន-ចិន ពេល​នេះ​ទៀតសោត គឺ​ក្នុង​បំណង​ដើម្បី​រំឭក​ខួប ២៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ចិន ផង និង​បង្កើន​ទំនាក់ទំនង​រវាង​យុវជន​ចិន និង​អាស៊ាន​ផង។ អ្នកស្រី​យល់​ថា ព្រឹត្តិការណ៍​នេះ​គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន និង​ចិន៖ « ជា​គំនិត​ផ្ដួចផ្ដើម​របស់​អាស៊ាន​ផង របស់​កម្ពុជា និង​ចិន ផង ក្នុង​ការ​ផ្សារភ្ជាប់​តំបន់ ហើយ​ការ​ផ្សារភ្ជាប់​តំបន់​ហ្នឹង គឺ​វា​មាន​ច្រើន​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​ធនធាន​មនុស្ស តាម​រយៈ​អប់រំ និង​ទេសចរណ៍ ជាដើម »

ចាប់​ពី​ពេល​នេះ​ត​ទៅ​អនាគត ប្រទេស​ចិន មាន​គោល​បំណង​ត​ភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​លើ​គ្រប់​វិស័យ​ទាំងអស់ គឺ​វិស័យ​មួយ ទំនាក់ទំនង​មួយ។

ទីប្រឹក្សា​កុងស៊ុល​របស់​ក្រសួង​ការ​បរទេស​ចិន ប្រចាំ​តំបន់​អាស៊ី លោក វ៉ាង គួពីង (Wang Guo Ping) ថ្លែង​ថា ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ដៃគូ​សន្ទនា​រវាង​ចិន និង​ប្រទេស​អាស៊ាន គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដែល​អាច​នឹង​នាំ​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​ជាមួយ​ចិន កាន់​តែ​ខិត​ជិត​គ្នា​ឡើងៗ៖ « វប្បធម៌​នៃ​ការ​ជួប​ជជែក ការ​ទំនាក់ទំនង ហើយ​និង​ដៃគូ​ជាមួយ​គ្នា គឺ​វា​ពិត​ជា​អាច​បង្កើត​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​លើ​គ្នា ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អាច​នាំ​មក​នូវ​ផល​ចំណេញ​ជាច្រើន​សម្រាប់​ប្រជាជន និង​ប្រជាជន ដែល​រស់នៅ​ក្នុង​តំបន់​ទាំង​មូល »

នៅ​ថ្ងៃ​រាត្រី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ និង​ចិន មាន​គម្រោង​នឹង​សម្ដែង​សិល្បៈ​រួម​គ្នា​នៅ​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរ​ធំ។

អគ្គនាយក​បច្ចេកទេស​ផ្នែក​វប្បធម៌​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខ្មែរ លោក ហាប់ ទូច មាន​ប្រសាសន៍​ថា នោះ​ជា​ពេលវេលា​មួយ​ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​សម្បូរ​បែប នៃ​វប្បធម៌​ក្នុង​តំបន់​ទៅ​កាន់​ពិភពលោក ហើយ​ក៏​ជា​ឱកាស​មួយ នឹង​ផ្ដល់​ឲ្យ​យុវជន​អាស៊ាន និង​ចិន បាន​ស្គាល់​គ្នា​សម្រាប់​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ចំណេះ​ដឹង។

លោក ហាប់ ទូច យល់​ថា នេះ​ជា​រឿង​ដ៏​សំខាន់ បើ​សិន​ជា​យុវជន​អាស៊ាន-ចិន បាន​ជួប​គ្នា ហើយ​យល់​គ្នា គឺ​អាស៊ាន និង​ចិន ប្រាកដ​ជា​រស់នៅ​ដោយ​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។