អាជ្ញាធរខេត្តបាត់ដំបង រៀបចំពិធីបុណ្យអុំទូកក្នុងដងស្ទឹងសង្កែ នៅមុខផ្សារណាត់ ក្រុងបាត់ដំបង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ តុលា។ មន្ត្រីសាលាខេត្តបាត់ដំបង បញ្ជាក់ថា កម្មវិធីនេះមានទូកងចូលរួមប្រកួតចំនួន ២៤គ្រឿង ហើយទូកងណាដែលទទួលបានជ័យលាភី នឹងបញ្ជូនទៅប្រកួតប្រជែងនៅរាជធានីភ្នំពេញបន្តទៀត។
«សំឡេងប្រគំភ្លេងអុំទូក»
នៅក្នុងពិធីបុណ្យអុំទូកនេះ នៅតាមដងផ្លូវសំខាន់ៗ ជាពិសេសផ្លូវលេខ១ ជាប់ដងស្ទឹងត្រើយខាងលិចក្នុងក្រុងបាត់ដំបង ចាប់តាំងពីគល់ស្ពានថ្មចាស់ រហូតដល់សួននាគក្បែរសាលាខេត្ត ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ មានការដាក់តាំងពិព័រណ៍ទំនិញតាមដងផ្លូវហូរហែ ចាប់តាំងពីថ្ងៃទី២៤ រហូតមក។
ដោយឡែកនៅថ្ងៃទី២៥ តុលា ដែលជាថ្ងៃគណៈកម្មការរៀបចំបុណ្យអុំទូកខេត្តបាត់ដំបង បើកឲ្យមានការប្រណាំងទូកសាកល្បង ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយជុំវិញខេត្តបាត់ដំបង និងមកពីតាមបណ្ដាខេត្តមួយចំនួនទៀត នាំគ្នាទស្សនាការប្រណាំងទូកយ៉ាងសប្បាយរីករាយ។
ប្រជាពលរដ្ឋមួយចំនួនដែលទស្សនាបុណ្យអុំទូក ខេត្តបាត់ដំបង ថ្លែងខណៈអង្គុយទស្សនាការហ្វឹកសមប្រណាំងទូកសាកល្បងនៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ថា ពួកគាត់មានការសប្បាយរីករាយជាខ្លាំងដែលបានចូលរួមទស្សនាការប្រណាំងទូកនេះ ពីព្រោះពួកគាត់យល់ឃើញថា ការប្រណាំងទូក គឺជាបុណ្យប្រពៃណីរបស់ជាតិតាំងពីយូរលង់ណាស់មកហើយ ដែលប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅខេត្តបាត់ដំបង តែងនាំគ្នាប្រារព្ធឡើងនៅតាមដងស្ទឹងសង្កែ ដើម្បីអបអរសាទរនៅពេលបុណ្យចេញព្រះវស្សាស្ទើររៀងរាល់ឆ្នាំ៖ «កាលពីជំនាន់ខ្ញុំ គេច្រើនអុំទូកនៅតាមភូមិតាមវត្តអារាម ឲ្យតែដល់រដូវបុណ្យកឋិនម្ដងៗ គេតែងនាំគ្នាទៅអុំទូកលេងក្នុងវត្តនោះ»។
រីឯក្រុមអ្នកលក់មួកមកពីខេត្តកណ្ដាល អង្គុយក្រោមដើមគគីរក្បែរមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ថ្លែងថា នេះជាលើកទីមួយហើយដែលពួកគាត់នាំគ្នាផ្សងព្រេងតាំងពីខេត្តកណ្ដាល មកលក់មួកស្លឹកត្នោត និងផ្លិតនៅក្នុងពិធីបុណ្យអុំទូកខេត្តបាត់ដំបង នេះ។ ពួកគាត់ថ្លែងដោយសម្ដីមួយៗថា មូលហេតុដែលនាំគ្នាមករកស៊ីក្នុងពិធីប្រណាំងទូកនេះ ដោយយល់ឃើញថា ការប្រណាំងធ្វើឡើងនៅពេលរសៀល ដែលមានកម្ដៅថ្ងៃខ្លាំង ហើយម្យ៉ាងមានអ្នកទស្សនាច្រើន ទើបសម្រេចចិត្តនាំគ្នាធ្វើដំណើរជាង ២០០គីឡូម៉ែត្រ ដើម្បីប្រកបរបរនេះ៖ «ខ្ញុំមកពីស្រុកមានគ្នា ៤នាក់ ហើយរស់នៅផ្ទះក្បែរខាងគ្នា។ ចំពោះដែលខ្ញុំលក់មួកមានចំនួន ៣ប្រភេទ គឺមួកស្លឹកត្នោត មួកស្លឹកកញ្ចោត និងមួកស្លឹកចាក។ មួកស្លឹកត្នោតមួយពី ២ពាន់ ទៅ ២.៥០០រៀល»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសាលាខេត្តបាត់ដំបង ទទួលបន្ទុករៀបចំពិធីបុណ្យអុំទូក លោក ហុង ឆេត មានប្រសាសន៍ថា នៅថ្ងៃទី២៥ គឺជាថ្ងៃប្រណាំងទូកសាកល្បង ដើម្បីឲ្យកីឡាករកីឡាការិនីមានឱកាសហ្វឹកហាត់ត្រៀមខ្លួនប្រណាំងប្រកួតប្រជែងដណ្ដើមជ័យលាភី ដែលចាប់ពីពេលរសៀលម៉ោង ១កន្លះនៅថ្ងៃទី២៦ និងទី២៧ តុលា។ លោកបញ្ជាក់ថា ទូកងដែលបានដាក់ឈ្មោះចូលរួមប្រកួតប្រជែងមានចំនួន ២៤ទូក ក្នុងនោះទូកអុំនារីចំនួន ៤គ្រឿង និងមានចំណុះ ៨នាក់ចំនួន ៤គ្រឿង ចំណុះ ២២នាក់ចំនួន ១១ទូក។ ក្រៅពីនោះ គឺទូកអុំដែលមានចំណុះចាប់ពី ២៣នាក់ឡើងទៅ៖ «កម្មវិធីបុណ្យអុំទូកនេះ យើងធ្វើពិធីដើម្បីអបអរពេលចេញព្រះវស្សាផង និងអបអរបុណ្យអុំទូកនៅភ្នំពេញផង។ ម្យ៉ាង មូលហេតុដែលយើងជ្រើសរើសយកពេលចេញព្រះវស្សា ប្រារព្ធពិធីអុំទូកនេះ ដោយសារប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ភាគច្រើនគាត់ចងចាំថា មានបុណ្យអុំទូកនៅពេលចេញព្រះវស្សា»។
នៅក្នុងពិធីបុណ្យអុំទូកនេះ នៅពេលរាត្រីមានការប្រគំតន្ត្រីខ្នាតធំចំនួន ៣កន្លែងរៀងរាល់រាត្រី គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ តុលា។ គណៈកម្មការរៀបចំបុណ្យអុំទូក ខេត្តបាត់ដំបង នឹងជ្រើសរើសយកទូកចំនួន២ ដើម្បីយកទៅប្រកួតប្រជែងនៅភ្នំពេញនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
