អប្បិយជំនឿ​​​ខ្មែរ​លើ​អព្ភូតហេតុ​ថ្ងៃ​បាំង​ឆត្រ

នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​​អហិង្សា​​​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា នេះ​ដែរ មាន​​អព្ភូតហេតុ​មួយ​កើត​ឡើង គឺ​​មាន​ថ្ងៃ​បាំង​ឆត្រ​ពី​លើ​​ក្រុម​បាតុករ ​​​ធ្វើ​​​ឲ្យ​​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ថ្លែង​សារ​នយោបាយ​ភ្ញាក់​ផ្អើល ហើយ​​បាន​ប្រកាស​​​ក្នុង​​ជំនឿ​ថា នេះ​ជា​សញ្ញា​​ជ័យ​ជម្នះ ព្រោះ​ថា គេ​កម្រ​ឃើញ​មាន​ថ្ងៃ​បាំង​ឆត្រ​ដូច្នេះ​​ណាស់។

0:00 / 0:00

នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​​អហិង្សា​​​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា នេះ​ដែរ មាន​​អព្ភូតហេតុ​មួយ​កើត​ឡើង គឺ​​មាន​ថ្ងៃ​បាំង​ឆត្រ​ពី​លើ​​ក្រុម​បាតុករ ​​​ធ្វើ​​​ឲ្យ​​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ថ្លែង​សារ​នយោបាយ​ភ្ញាក់​ផ្អើល ហើយ​​បាន​ប្រកាស​​​ក្នុង​​ជំនឿ​ថា នេះ​ជា​សញ្ញា​​ជ័យ​ជម្នះ ព្រោះ​ថា គេ​កម្រ​ឃើញ​មាន​ថ្ងៃ​បាំង​ឆត្រ​ដូច្នេះ​​ណាស់។ ផ្ទុយ​ទៅ​វិញ អ្នក​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ​​​មួយ​ចំនួន ជា​ពិសេស​មនុស្ស​វ័យ​​ចាស់ៗ​ជឿ​​ថា នេះ​ជា​សញ្ញា​មិន​ល្អ​ចំពោះ​អនាគត​ប្រទេស​ជាតិ ជា​ពិសេស​ចំពោះ​​​ក្រុម​គ្រួសារ​ព្រះ​រាជវង្ស។

ក្រុម​បាតុករ​ម្នាក់ៗ​ នាំ​គ្នា​សម្លឹង​មើល​ព្រះ​អាទិត្យ​បាំង​ឆត្រ​នៅ​លើ​មេឃ ហើយ​នាំ​គ្នា​ស្រែក​ហោរ​​​ក្នុង​ទឹក​មុខ​ញញឹម​ស្ទើរ​គ្រប់ៗ​គ្នា ក្នុង​ពេល​មេ​ដឹក​នាំ​​បក្ស​​សង្គ្រោះ​ជាតិ ដែល​កំពុង​ឈរ​ត្រៀបត្រា​នៅ​លើ​ឆាក​ប្រកាស​ថា ​ព្រះ​អាទិត្យ​បាំង​ឆត្រ​នេះ​ មាន​ន័យ​ថា មាន​បារមី មហិទ្ធិឫទ្ធិ ផ្ដល់​​ជោគ​​​ជ័យ​ដល់​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តវ៉ា​​ជំទាស់​នឹង​​លទ្ធផល​បោះឆ្នោត។

ក៏​ប៉ុន្តែ​នៅ​ខាង​ក្រោម​ឆាក​វិញ អ្នក​គាំ​ទ្រ​ខ្លះ​យល់​ស្រប ​​ខ្លះ​​យល់​​ឃើញ​​ថា ​នេះ​ជា​​ប្រផ្នូល​មិន​ល្អ​ទេ​​ចំពោះ​វាសនា​ប្រទេស​ជាតិ​សព្វ​ថ្ងៃ៖ «ចាស់​បុរាណ​ពី​ដើម​​ តាម​ម្ដាយ​​ឪពុក​ខ្ញុំ​ថា អ្នក​មាន​បុណ្យ កាល​បើ​យើង​មាន​​បញ្ហា​អី ​អ្នក​មាន​បុណ្យ​ងើប​មក​ជួយ​ហើយ»

ចំណែក​អ្នក​គាំទ្រ​​​ដទៃ​ទៀត​ក៏​បាន​​អះអាង​ថា គេ​ក៏​ធ្លាប់​ឮ​ដូនតា​​តំណាល​រឿង​​ប្រផ្នូល​​អំពី​ព្រះអាទិត្យ​បាំង​ឆត្រ​នេះ​ដែរ។

បាតុករ​មក​​ពី​ភ្នំពេញ កញ្ញា ភួង ពីសី ​បាន​ឆ្លើយ​ថា កាល​ណា​ព្រះ​​អាទិត្យ​បាំង​ឆត្រ ដែល​កញ្ញា​​ហៅ​ថា ព្រះ​អាទិត្យ​បាំង​​ក្លស់​នេះ ​​​​កើត​ឡើង គឺ​ជា​ប្រផ្នូល​​​មិន​ល្អ​​ចំពោះ​​​វាសនា​ប្រទេស​ជាតិ៖ «គេ​ថា​ពេល​ព្រះ​អាទិត្យ​បាំង​ក្លស់​​អ៊ីចឹង ស្ដេច​កើត​ទុក្ខ ពិបាក​ចិត្ត»

រឿងរ៉ាវ​​​​អប្បិយ​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​អព្ភូតហេតុ​ធម្មជាតិ​ភ្ជាប់​​ទៅ​រឿង​នយោបាយ​នេះ បាន​កើត​ឡើង​យូរ​លង់​មក​ហើយ។

សព្វ​ថ្ងៃ​នេះ​អប្បិយ​ជំនឿ​នេះ​​ក៏​នៅ​​តែ​ស្ថិត​នៅ​ក្នុង​បេះ​ដូង​ខ្មែរ​ភាគ​ច្រើន​ដដែល។ បើ​ទោះ​បី​​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​សម័យ​ទំនើប​បក​ស្រាយ​​ថា រឿង​អប្បិយ​ជំនឿ​​ចំពោះ​អព្ភូតហេតុ​ធម្មជាតិ​​ភ្ជាប់​​ទៅ​រឿង​នយោបាយ​នេះ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​និង​ហួស​សម័យ​យ៉ាង​ណា​ក្ដី។

ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​ដែល​ជឿ​លើ​អប្បិយ​ជំនឿ​នៅ​តែ​​​ជឿ​​ស៊ុប​ដដែល។ ​រឿង​រ៉ាវ​​​ជឿ​លើ​បារមី​ព្រះ​អាទិត្យ​បាំង​ឆត្រ​លើក​ជោគ​វាសនា​អនាគត​ប្រទេស​ជាតិ​ជា​រឿង​​មួយ។ ក៏​ប៉ុន្តែ​ជំនឿ​លើ​ផ្កាយ​ដុះ​កន្ទុយ គឺ​​ជា​រឿង​មួយ​ទៀត​ដែល​​​​​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​ជឿ​ស៊ុប​​នៅ​ឡើយ។ ជាក់​ស្ដែង​ដូច​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នេះ អះអាង​ថា ពួកគាត់​​​​បាន​រំលឹក​​​​​មេរៀន​ប្រវត្តិសាស្ត្រ​ខ្លះៗ ដែល​​បាន​កើត​ឡើង​​​កន្លង​មក ដែល​ពួក​គាត់​ផ្ទាល់​បាន​រស់​នៅ ឆ្លង​កាត់​ស្រាប់ ហើយ​បាន​​រំលឹក​​​បទពិសោធន៍​របស់​គាត់​ផ្ទាល់​​​ធ្លាប់​​ឆ្លង​​កាត់​ក្នុង​ទសវត្ស​​ឆ្នាំ​១៩៥០ ទសវត្ស​ឆ្នាំ​​១៩៦០ បន្ទាប់​មក​ឆ្នាំ​១៩៨០ ជាដើម។

និយាយ​​ពី​រឿង​​ជំនឿ​នេះ ធ្វើ​ឲ្យ​​​​ក្រុម​បាតុករ​ខ្លះ​បាន​​នឹក​ឃើញ​រឿង​ប្រវត្តិសាស្ត្រ​វែង​​ឆ្ងាយ​បន្តិច​ទៅ​ទៀត នោះ​គឺ​ពួកគាត់​​បាន​រំលឹក​អំពី​រឿង​​ជំនឿ​​លើ​​​ពុទ្ធទំនាយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​​មាន​វ័យ​ជាង ៥០​ឆ្នាំ​​នៅ​ចង​ចាំ​នៅ​ឡើយ។ រឿង​ពុទ្ធ​ទំនាយ​នេះ​បាន​កើត​ឡើង​ក្នុង​ជំនាន់​ទសវត្ស​ឆ្នាំ​១៩៦០ ដល់​ទសវត្ស​ឆ្នាំ​១៩៨០ ក្នុង​ពេល​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ភ្នក់​ភ្លើង​សង្គ្រាម។

បាតុករ​វ័យ​ចំណាស់​លោក គីង សំណាង មក​ពី​ខេត្ត​​ព្រៃវែង កំពុង​​​ជ្រក​ម្លប់​​ជាមួយ​ក្រុម​​បាតុករ​ដទៃ​ទៀត ក្បែរ​​ទីលាន​ប្រជាធិបតេយ្យ​រំលឹក​រឿង​​អព្ភូតហេតុ​នេះ។

តែ​ទោះ​យ៉ាង​ណា ក៏​មាន​​ក្រុម​បាតុករ​ផ្សេង​ទៀត​​បង្ហាញ​អាកប្បកិរិយា​ជំទាស់ និង​អស់​សំណើច​នៅ​ពេល​ឮ​ក្រុម​​បាតុករ​និយាយ​អំពី​រឿង​អបិយ​ជំនឿ​​នេះ។ ពួកគាត់​យល់​ឃើញ​ថា ជា​រឿង​មិន​សម​ហេតុផល​ ព្រោះ​ថា រឿង​ព្រះ​អាទិត្យ​បាំង​ឆត្រ​នៅ​លើ​មេឃ​ឯ​នោះ មិន​មាន​អី​ទាក់ទង​រឿង​ធ្វើ​បាតុកម្ម​នៅ​លើ​ដី​​​​​​អ្វី​ទេ។

ត្រឡប់​​ទៅ​រឿង​ជំនឿ​​លើ​ប្រផ្នូល​​នៃ​ព្រះ​អាទិត្យ​បាំង​ឆត្រ​វិញ។ នៅ​ពេល​ដែល​សួរ​ថា តើ​ប្រផ្នូល​​នៃ​ព្រះ​អាទិត្យ​បាំង​ឆត្រ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​កើត​សង្គ្រាម​ដូច​ពេល​មុនៗ​ដែរ​ទេ។ ក្រុម​បាតុករ​ភាគ​ច្រើន​​ជ្រួញ​​ចិញ្ចើម សើច​ញឹមៗ ខ្លះ​គ្រវី​ក្បាល​​គ្មាន​ចម្លើយ។ ក៏​ប៉ុន្តែ​ពួក​គាត់​បាន​​ពោល​ថា ​បើ​និយាយ​អំពី​ជំនឿ​​អំពី​ប្រផ្នូល​ថា ព្រះ​អាទិត្យ​​បាំង​ឆត្រ​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ពិបាក​ចិត្ត​វា​ហាក់​ដូច​ជា​គួរ​ឲ្យ​ជឿ ព្រោះ​ថា វា​ហាក់​ដូច​ជា​ស៊ី​ទៅ​​នឹង​ព្រឹត្តិការណ៍​នយោបាយ​បច្ចុប្បន្ន ព្រោះ​ថា ព្រះមហាក្សត្រ​អាច​ពិបាក​​ព្រះហឫទ័យ​នៅ​ពេល​នេះ ព្រោះ​​ប្រទេស​ជាតិ​មាន​​បញ្ហា​នយោបាយ​ជាប់​គាំង។

ដោយ​បាន​លើក​​ជាឧទាហរណ៍​ថា កាល​​ពី​ថ្ងៃ​​ទី​១៤ កញ្ញា នេះ ព្រះ​មហាក្សត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​កោះ​ហៅ​មេដឹកនាំ​បក្ស​ទាំង​ពីរ គឺ​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​ចូល​គាល់​ព្រះអង្គ​ក្នុង​រាជវាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ជាប់​គាំង​ តែ​ការ​ដោះ​ស្រាយ​នោះ​មិន​បាន​សម្រេច។ ដូច្នេះ​ជំនឿ​ដែល​ថា ព្រះ​អាទិត្យ​​បាំង​ឆត្រ​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ពិបាក​ចិត្ត​អាច​ត្រូវ។ តែ​ត្រង់​ប្រផ្នូល​​ថា ​ប្រទេស​កម្ពុជា អាច​មាន​សង្គ្រាម ទំនង​ដូច​ជា​មិន​សម។ មិន​សម​នោះ​ព្រោះ​ថា គេ​មិន​ឃើញ​មាន​ផ្កាយ​ដុះ​កន្ទុយ​ដូច​សម័យ​មុនៗ។ ម្យ៉ាង​វិញ​​ទៀត​ គឺ​បក្ស​សង្គ្រោះ​ជាតិ មិន​មាន​អាវុធ​តតាំង​ជាមួយ​បក្ស​កាន់​អំណាច​ ចំណែក​ព្រៃ​ឈើ​ក៏​គេ​កាប់​បំផ្លាញ​អស់​ហើយ​ដែរ បើ​ទោះ​ជា​បក្ស​សង្គ្រោះ​ជាតិ ចង់​ចូល​ព្រៃ​តស៊ូ​ ដូច​ជំនាន់​ខ្មែរ​ក្រហម​ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​​ព្រៃ​ឈើ​នៅ​គ្រប់​ទិសទី គេ​​កាប់​វាល​អស់​ហើយ ​គ្មាន​​ព្រៃ​ជ្រក​​​តស៊ូ​ដូច​មុន​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។