សារសំខាន់​នៃ​ការ​រក​ឃើញ​ការដ្ឋាន​ដាប់​ថ្ម​បុរាណ

អ្នក​សិក្សា​ស្រាវជ្រាវ​សម្បត្តិ​វប្បធម៌​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ​ការដ្ឋាន​ដាប់​ថ្ម​ធម្មជាតិ ឬ​ថ្ម​ភក់​ដ៏​ធំ​ជាង​គេ​បង្អស់ ដែល​បុព្វបុរស​ខ្មែរ​បាន​ដាប់​យក​ថ្ម​នោះ​រាប់​លាន​ម៉ែត្រ​គូប​ដើម្បី​យក​ទៅ​សាងសង់​ប្រាសាទ​បុរាណ​នានា កាល​ពី​ក្នុង​សម័យ​អង្គរ។

0:00 / 0:00

តើ​ការដ្ឋាន​ដាប់​ថ្ម​បុរាណ​ដែល​គេ​បាន​រក​ឃើញ​នេះ​មាន​សារសំខាន់ និង​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ខ្លះ​សម្រាប់​ជនជាតិ​ខ្មែរ?

បុព្វបុរស​ខ្មែរ​កាល​ពី​សម័យ​បុរាណ​បាន​សាងសង់​ប្រាសាទ​ជា​ច្រើន​រាយ​នៅ​ក្នុង​តំបន់​នានា ស្ទើរ​តែ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ហើយ​សំណង់​ខ្លះ​គេ​ឃើញ​នៅ​មាន​សេសសល់​រហូត​មក​ដល់​សព្វថ្ងៃ ដូចជា​ប្រាសាទ​អង្គរវត្ត​ជាដើម។

រី​ឯ​សម្ភារៈ​វត្ថុ​ធាតុ​ដើម​ដែល​យក​មក​សាងសង់​ប្រាសាទ​នា​សម័យ​នោះ ភាគ​ច្រើន​គឺ​យក​ថ្ម​ធម្មជាតិ ដោយ​ប្រើ​កម្លាំង​មនុស្ស​ផ្ទាល់​ដាប់ ឬ​ច្រៀក​ថ្ម​ទាំង​នោះ។ ប្រការ​នោះ​ហើយ ទើប​គេ​ឃើញ​មាន​រណ្ដៅ​ការដ្ឋាន​ដាប់​ថ្ម​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​ផ្សេងៗ ដូចជា​នៅ​ខេត្ត​ក្រចេះ ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះវិហារ ខេត្ត​សៀមរាប ។ល។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន អនុ​ប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​ក្រុម​ស្រាវជ្រាវ​សម្បត្តិ​វប្បធម៌​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​រក​ឃើញ​ការដ្ឋាន​ដាប់​ថ្ម​បុរាណ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ការដ្ឋាន​ដាប់​ថ្ម​បុរាណ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ការដ្ឋាន​នោះ ត្រូវ​បាន​អ្នក​សិក្សាស្រាវជ្រាវ​ដាក់​ឈ្មោះ​ថា ស្ថានីយ​ក្បាល​អូរថ្មអណ្ដូង ស្ថិត​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​បឹងមាលា ស្រុក​ស្វាយលើ និង​មាន​ទំហំ​ប្រមាណ​ពី ៧ ទៅ ៨​គីឡូម៉ែត្រ គឺ​នៅ​ត្រង់​ចន្លោះ​រវាង​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប។

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ទៀត​ថា ការ​រក​ឃើញ​កន្លែង​ដាប់​ថ្ម​បុរាណ​ដ៏​ធំ​នេះ គឺ​ជា​មោទនភាព​ជាតិ​ខ្មែរ​មួយ​ដែល​បង្ហាញ​អំពី​គុណ​តម្លៃ​យ៉ាង​សំខាន់​ដែល​បុព្វបុរស​ខ្មែរ​មាន​បច្ចេកទេស និង​សមត្ថភាព​ខ្ពស់ ដាប់​ច្រៀក​ថ្ម​ធម្មជាតិ​យក​មក​សាងសង់​ប្រាសាទ​បាន​ជាប់​រឹង​មាំ​យូរ​អង្វែង​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន៖ «ភស្តុតាង​គឺ​កន្លែង​ដាប់​ថ្ម ហើយ​ដឹក​ជញ្ជូន​ថ្ម គឺ​គេ​ដឹក​ចេញ​ពី​ក្បាល​អូរថ្មអណ្ដូង ហ្នឹង​តែម្ដង។ គេ​ទាញ​ថ្ម​ទម្លាក់​តាម​ស្ទឹង អូរ​សេះស្លាប់ ហើយ​ចេញ​ពី​អូរ​សេះស្លាប់ ធ្លាក់​រហូត​មក​ដល់​ឃុំ​សំរោង តាម​ថ្នល់​សំពៅ។ ថ្នល់​សំពៅ​ហ្នឹង គឺ​ជា​ព្រែក​ជីក​មួយ​ដ៏​ធំ​មែន​ទែន ទទឹង​រហូត​ទៅ​ដល់​ពី ១៥០​ម៉ែត្រ​ទៅ​ដល់ ៣០០​ម៉ែត្រ ត​រហូត​មក​ដល់​ព្រែក​ស្រមោច ត​ពី​ព្រែក​ស្រមោច ត​មក​ខាង​កំពង់ឃ្លាំង។ ចេញ​ពី​កំពង់ឃ្លាំង ទៅ​បាន​គេ​បណ្ដែត​តាម​ជាយៗ​ទន្លេ​សាប ចូល​ទៅ​ស្ទឹង​សៀមរាប ឡើង​ទៅ​ប្រាសាទ​អង្គរ។ អ៊ីចឹង​ភស្តុតាង​ឃើញ​យ៉ាង​ច្បាស់ ដី​ជាង ១០០​គីឡូ ដើម្បី​ដឹក​ថ្ម​ទាំង​អស់​ហ្នឹង​ទៅ​សៀមរាប ទៅ​អង្គរធំ​ហ្នឹង»

ការដ្ឋាន​កាត់​ថ្ម​បុរាណ​ដ៏​ធំ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​រាជបណ្ឌិត​សភា​កម្ពុជា បាន​រក​ឃើញ​នៅ​ក្នុង​ចន្លោះ​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នោះ គឺ​ជា​ការដ្ឋាន​ប្រភេទ​ថ្មភក់។ នៅ​ក្នុង​សម័យ​នោះ បុព្វបុរស​ខ្មែរ​បាន​ប្រើ​បច្ចេកទេស​ដោយ​យក​ឧបករណ៍​លោហៈ ឬ​ដែក​ទៅ​ដាប់​ជា​ដុំ​ចម្រៀក​ដែល​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​រាប់​លាន​ម៉ែត្រ​គូប។

អ្នក​សិក្សាស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​បាន​បញ្ជាក់​ថា ថ្មភក់​នោះ​គឺ​ជា​ប្រភេទ​ថ្ម​ភ្នំ​ម្យ៉ាង​រឹងមាំ​ជាប់​ខ្លាំង​ណាស់ គឺ​ស្រដៀង​គ្នា​នឹង​ថ្ម​ដែល​គេ​យក​ទៅ​សំលៀង​កាំបិត​សព្វថ្ងៃ​នេះ។ ចំពោះ​ថ្មភក់​នេះ គឺ​មាន​ប្រភព​កើត​ឡើង​ដោយ​ចលនា​នៃ​ការ​ផ្ទុះ​ភ្នំ​ភ្លើង ហើយ​និង​ទាក់ទង​គ្នា​ជាមួយ​និង​ចលនា​កម្ដៅ​របស់​ផែនដី​ទៅ​លើ​ស្រទាប់​កក​របស់​ថ្ម​ដែល​មាន​ផង់​ល្អិត​នៅ​ក្នុង​តំបន់​នោះ បន្ទាប់​ក្រោយ​មក​ជា​យូរ​ឆ្នាំ​ផង់​ល្អិត​នោះ​ក៏​ក្លាយ​ទៅ​ជា​ថ្មភក់។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន ដែល​បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ការដ្ឋាន​ដាប់​ថ្ម​ភក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​រយៈ​ភស្តុតាង​បុរាណ​វត្ថុ​វិទ្យា ឬ​ស្លាកស្នាម​រណ្ដៅ​ដាប់​ថ្ម​ភក់​ជា​ច្រើន​កន្លែង ពិសេស​គឺ​រណ្ដៅ​ការដ្ឋាន​ថ្ម​ភក់​ក្បាល​អូរថ្មអណ្តូង ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ភ្នំ​គូលែន គឺ​ជា​ការដ្ឋាន​ដាប់​ថ្ម​ដ៏​ធំ​នោះ បាន​បង្ហាញ​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ខ្មែរ​នា​សម័យ​បុរាណ ដែល​ប្រើ​បញ្ញា និង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ដាប់​ថ្មភក់​ជា​ច្រើន​លាន​ម៉ែត្រ​គូប ហើយ​និង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ដើម្បី​យក​ទៅ​សាងសង់​ប្រាសាទ​បុរាណ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន៖ «ហើយ​ឃើញ​ថ្ម​នីមួយៗ មាន​ប្រហោង​បន្ដិចៗ​ហ្នឹង នោះ​គឺ​ជា​បច្ចេកទេស​ខ្មែរ​បុរាណ បុព្វការី​ជន​គាត់​ដាប់​ដើម្បី​ដំ​ឈើ​ចូល​ធ្វើ​ជា​បន្លួញ សម្រាប់​ទាក់​ចង​ជាមួយ​ព្រ័ត្រ​ស្បែក​ក្របី​យើង ស្បែក​គោ​យើង​ហ្នឹង ដើម្បី​ទាញ​ថ្ម ទាក់​ថ្ម​ហ្នឹង​ចេញ​ក្រៅ។ មួយ​ទៀត ដើម្បី​បន្ស៊ី​គ្នា ធ្វើ​ឲ្យ​សឹក ដើម្បី​សំលៀង​ថ្ម​ហ្នឹង។ ស្រុក​ឥឡូវ​យើង​មាន​ម៉ូទ័រ​សម្រាប់​សំលៀង ស្រុក​ពី​ដើម​អត់​មាន​ម៉ូទ័រ​ទេ គឺ​ចិត​សំលៀង​យក​អា​ថ្ម​ហ្នឹង​ដាក់​ជាមួយ​អា​ថ្ម​ហ្នឹង ចាក់​ដី​ខ្សាច់​ចន្លោះ​កន្លែង​ហ្នឹង​រុញ​ទៅ​រុញ​មក​ដូច​ត្បាល់កិន​ម្សៅ​អ៊ីចឹង។ យូរៗ​ទៅ​វា​សឹក​ទៅ ថ្ម​អង្គរ​ហ្នឹង​វា​រលោង»

អ្នក​សិក្សាស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា ការដ្ឋាន​ដាប់​ថ្ម​ភក់​បុរាណ​ទាំង​តូច​ទាំង​ធំ​ដែល​គេ​បាន​ស្រាវជ្រាវ​ឃើញ​នៅ​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​នោះ គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ ឬ​ជា​កេរ្តិ៍មរតក​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ទេ ពីព្រោះ​វត្ថុបុរាណ​នោះ​គឺ​បង្ហាញ​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដល់​ឆាក​អន្តរជាតិ។

អ្នក​សិក្សាស្រាវជ្រាវ​ដដែល​បាន​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ប្រធាន និង​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដូច្នេះ​នៅ​ក្នុង​ឱកាស​នោះ កម្ពុជា​ក៏​ត្រូវ​បង្ហាញ​បញ្ជាក់​អំពី​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ឲ្យ​គេ​ដឹង​ដែរ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដូចជា​ការដ្ឋាន​ដាប់​ថ្ម​ភក់​ជា​ដើម​នោះ ក្រៅ​ពី​ផ្សព្វផ្សាយ​ឲ្យ​អន្តរជាតិ​បាន​ដឹង ក្នុង​នោះ​ប្រការ​សំខាន់​មួយ​ទៀត គឺ​ខ្មែរ​ខ្លួន​ឯង​ទាំង​អស់​គ្នា ក៏​ត្រូវ​ចូល​រួម​ជួយ​រក្សា​ការពារ​ឲ្យ​បាន​គង់​វង្ស។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន៖ «កាល​ណា​យើង​ដឹង​ស្ថានីយ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​របស់​យើង​ហើយ យើង​ត្រូវ​តែ​អភិរក្ស​ឲ្យ​ខាង​តែ​បាន។ យើង​មិន​មែន​គិត​តែ​អភិរក្សៗ អត់​អភិវឌ្ឍន៍​ទេ ត្រូវ​តែ​អភិវឌ្ឍន៍​ខាង​ទេសចរណ៍​ស្អីៗ ដូច​ស្រុក​ខ្មែរ​យើង​ទេសចរណ៍​ចូល​រាប់​លាន​នាក់ ក៏ប៉ុន្តែ​សុំ​ឲ្យ​អភិវឌ្ឍន៍​ហ្នឹង​ឲ្យ​មាន​បច្ចេកទេស​ឲ្យ​បាន​ច្រើន​ជាង​ហ្នឹង​ត​ទៅ​ទៀត។ សុំ​ឲ្យ​ពង្រីក​ការ​សិក្សា​ហ្នឹង​មិន​មែន​តែ​អង្គរ​ទេ ក្រៅ​អង្គរ​ហ្នឹង ឲ្យ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​ត​ទៅ​ទៀត»

អ្នក​សិក្សាស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា នៅ​មាន​ការដ្ឋាន​ដាប់​ថ្មភក់​បុរាណ​ជា​ច្រើន​កន្លែង​នៅ​តំបន់​ផ្សេងៗ​ទៀត ដែល​គេ​មិន​ទាន់​បាន​ចុះ​ស្រាវជ្រាវ​នៅ​ឡើយ។ ប្រការ​នោះ​ហើយ​គេ​បាន​អំពាវ​សុំ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​មាន​វិធានការ​ជួយ​ការពារ ពីព្រោះ​សព្វថ្ងៃ​គេ​ឃើញ​មាន​អ្នក​ធ្វើ​អាជីវកម្ម​ដាប់​ថ្មភក់​លក់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។