ពលរដ្ឋខ្មែរ-អាមេរិកាំង រស់នៅក្នុងទីក្រុងហ្វីឡាដែលហ្វីយ៉ា (Philadelphia) នៃរដ្ឋផេនស៊ីលវែនញ៉ា (Pennsylvania) ទទូចចង់ឃើញសហគមន៍របស់ខ្លួនមានទីក្រុងខ្មែរ ឬ ខេមបូឌា ថោន (Cambodian Town) ឲ្យបានឆាប់ៗ ខណៈដែលគម្រោងនៃការបង្កើតទីក្រុងខ្មែរនេះផ្សព្វផ្សាយ និងនិយាយតៗគ្នាជាច្រើនឆ្នាំហើយនោះ។
តើពលរដ្ឋក្នុងសហគមន៍មានទស្សនៈយ៉ាងណាចំពោះគម្រោងនេះ ហើយពេលណាទើបទីក្រុងខ្មែរអាចបង្កើតចេញជារូបរាងបាន?
ទោះបីគម្រោងនៃការបង្កើតទីក្រុងខ្មែរនៅក្នុងសហគមន៍មួយនេះត្រូវបានផ្សព្វផ្សាយ និងនិយាយតៗគ្នាជាច្រើនឆ្នាំហើយក្ដី រហូតមកដល់ពេលនេះ ក្ដីរំពឹងរបស់ពលរដ្ឋ និងក្រុមអាជីវករហាក់នៅឆ្ងាយពីការចង់បានរបស់ពួកគេនៅឡើយ។
ហ្វីឡាដែលហ្វីយ៉ា ជាទីក្រុងចំណាស់ និងជាទីក្រុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ឋិតនៅក្នុងរដ្ឋផែនស៊ីលវែនញ៉ា។ ទីក្រុងនេះពោរពេញទៅដោយពហុជាតិសាសន៍រស់នៅយ៉ាងកកកុញ ដោយក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលភាគច្រើនជាអតីតជនភៀសខ្លួនប្រមាណជិត ២ម៉ឺននាក់កំពុងរស់នៅ។
ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ដែលរស់នៅក្នុងសហគមន៍មួយនេះ ជិត ៣០ឆ្នាំហើយនោះ គឺលោក ឈៀរ៉ា អ៊ុក ទទូចចង់ឃើញទីក្រុងខ្មែរឲ្យបានឆាប់រហ័សដោយលោកយល់ថា អាចនឹងសប្បាយដោយការជួបជុំមិត្តភ័ក្ដិមិនខុសពីអ្វីដែលមាននៅឯមាតុភូមិកម្ពុជា ឡើយ៖ «ខ្ញុំឈ្មោះ ឈៀរ៉ា អ៊ុក ខ្ញុំរស់នៅហ្វីឡាដែលហ្វីយ៉ា។ ខ្ញុំចេះតែចង់ឲ្យកើតហើយ ទីក្រុងខ្មែរ គឺសប្បាយតែម្ដង ដូចនៅទីក្រុងឡុងប៊ិច អីណាស់!»។
មិនខុសគ្នានេះ ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ទៀត លោក មាស សុខតារា ចង់ឃើញវត្តមានទីក្រុងខ្មែរកើតនៅក្នុងសហគមន៍របស់ខ្លួន និងទទូចដល់ថ្នាក់ដឹកនាំក្នុងសហគមន៍ និងសមាគមជួយពន្លឿនដល់ការបង្កើតក្រុងខ្មែរនេះឲ្យបានឆាប់រហ័ស។ លោកលើកឡើងថា បើសិនជាមានទីក្រុងខ្មែរមែននោះ វាជាកិត្តិយសរបស់ខ្មែរ និងជាក្ដីទន្ទឹងរង់ចាំរបស់ពលរដ្ឋក្នុងសហគមន៍៖ «ខ្ញុំធ្លាប់ឮដំណឹងហ្នឹងដែរកាលមុន។ គម្រោងបង្កើតទីក្រុងខ្មែរថោន នៅផ្លូវលេខ៧ ហ្នឹងដែរ ប៉ុន្តែឥឡូវហ្នឹងវាមិនដឹងដល់ដំណាក់កាលណាខ្ញុំមិនដឹងពីព័ត៌មានហ្នឹង។ បាទ! ជាការពិតធម្មតាយើងជាខ្មែរចង់ឲ្យមានមុខមានមាត់ជាឈ្មោះខ្មែរមួយដែរ មានទីក្រុងខ្មែរនៅហ្នឹង ក៏ជាការល្អដែរ ព្រោះហ្នឹងក៏ជាកិត្តិយសរបស់ខ្មែរយើងដែរ»។
សហគមន៍ពលរដ្ឋខ្មែរនៅក្រុងហ្វីឡាដែលហ្វីយ៉ានេះ មិនធំដូចជានៅក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ឬក៏នៅក្រុងឡូវែល (Lowell) ឬរដ្ឋម៉ាស្សាឈូសិត (Massachusetts) ដែលមានជនជាតិខ្មែររស់នៅរាប់សែននាក់នោះទេ។ ថ្វីតែពលរដ្ឋខ្មែរនៅទីនេះមានចំនួនមិនដល់ពីរម៉ឺននាក់ក៏ដោយ សហគមន៍បានរួមគ្នាបង្កើតជាវត្តព្រះពុទ្ធសាសនាចំនួនបួនកន្លែងផ្សេងៗគ្នា មានហាងលក់ទំនិញខ្មែរ និងមានអ្វីៗដែលបង្ហាញនូវលក្ខណៈជាខ្មែរជាច្រើនទៀត។ ក្រៅអំពីវត្តអារាមព្រះពុទ្ធសាសនាក៏នៅមានវិហារគ្រិស្តសាសនាសម្រាប់ពលរដ្ឋខ្មែរ-អាមេរិកាំង ជាច្រើនកន្លែងដែរ។
លោក មុន្នី ជាពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ទៀត ដែលមានទីលំនៅក្បែរវត្តមួយនៅទីក្រុងហ្វីឡាដែលហ្វីយ៉ា ខាងត្បូង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីសប្ដាហ៍កន្លងមកនេះថា លោកក៏ធ្លាប់បានលឺដំណឹងនៃការបង្កើតទីក្រុងខ្មែរនេះដែរ តែរហូតមកដល់ពេលនេះនៅពុំទាន់ឃើញមាននៅឡើយ ហើយលោកក៏ចង់ឃើញសហគមន៍របស់ខ្លួនរីកចម្រើនទៅមុខតាមរយៈការបង្កើតទីក្រុងខ្មែរនេះ៖ «ខ្ញុំឈ្មោះ មុន្នី ខ្ញុំចង់ឲ្យមានដែរ ពីព្រោះលឺសូរគេថា បើបង្កើតអាហ្នឹងមែនខ្ញុំសប្បាយចិត្ត ពីព្រោះខ្មែរយើងបានមកជួបជុំគ្នានៅទីក្រុងហ្វីឡាដែលហ្វីយ៉ា ហើយពេលមានរដូវភ្ជុំបិណ្ឌ ឬក៏ចូលឆ្នាំម្តងៗ ក៏យើងអាចមកជួបជុំគ្នានៅទីនេះដែរ»។
ដោយឡែកនាយិកាសមាគមខ្មែរនាទីក្រុងមួយនេះ គឺអ្នកស្រី សុខ ដារាឆាយ គាំទ្រចំពោះគម្រោងខាងលើ ហើយអ្នកស្រីថា ខាងសមាគមក៏បានធ្វើកិច្ចការមួយចំនួនទាក់ទងនឹងការបង្កើតទីក្រុងខ្មែរនេះដែរ ប៉ុន្តែអ្នកស្រីពុំបានដឹងពីគម្រោងជាក់លាក់ថា តើនៅពេលណាទើបទីក្រុងមួយនេះនឹងលេចចេញជារូបរាងនោះឡើយ៖ «ខ្ញុំឈ្មោះ សុខ ដារាឆាយ ខ្ញុំក៏មិនដឹងច្បាស់ពីខាង Application ហ្នឹងជាមួយ City Hall ទេ ប៉ុន្តែខាងសមាគមខ្មែរក៏បានធ្វើ Application អីផ្សេងដែរសម្រាប់ខ្មែរថោន ហ្នឹង»។
ឆ្លើយតបនឹងចម្ងល់នេះ លោក ជូរ ហ័រ តំណាងសហគមន៍ខ្មែរនាទីក្រុងហ្វីឡាដែលហ្វីយ៉ា ខាងត្បូង ដែលជាកន្លែងគ្រោងនឹងបង្កើតទីក្រុងខ្មែរថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅពេលថ្មីៗនេះថា សហគមន៍របស់លោកកំពុងប្រឈមនឹងការខ្វះបេក្ខភាពចៅហ្វាយក្រុង ហើយលោកក៏អំពាវនាវឲ្យពលរដ្ឋក្នុងសហគមន៍ចូលរួមឈរឈ្មោះជាបេក្ខជនអភិបាលក្រុងខ្មែរមួយនេះក្នុងបំណងលើកកម្ពស់ដល់មុខមាត់ ពលរដ្ឋខ្មែរក្នុងសហគមន៍ទាំងមូល។
លោកបន្តរថា រយៈពេលនៃការបង្កើតទីក្រុងខ្មែរនេះនៅពុំអាចបញ្ជាក់បាននៅឡើយទេ ពីព្រោះដោយសារតែខ្លួនលោកផ្ទាល់ និងអ្នកផ្ចុងផ្ដើមដទៃៗទៀតកំពុងជាប់រវល់ប្រកបកិច្ចការរៀងៗខ្លួន ប៉ុន្តែលោកសំដែងនូវសុទិដ្ឋិនិយមថា នឹងបង្កើតចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ ពីព្រោះពលរដ្ឋនិងក្រុមអាជីវករបានចុះហត្ថលេខាគាំទ្រគម្រោងនេះរួចរាល់អស់ហើយ ហើយលោកសង្ឃឹម ៨០ភាគរយចំពោះគម្រោងនេះ៖ «ខ្ញុំឈ្មោះ ជូរ ហ័រ នៅផ្លូវលេខ៧។ ឥឡូវហ្នឹងយើងកំពុងចាប់ផ្ដើមរកអ្នកតំណាងម្នាក់ដើម្បីឈរឈ្មោះជាចៅហ្វាយក្រុងប្រធានក្រុងយើងហ្នឹង នៅមិនទាន់មានបេក្ខជនណាដូចថាគេហ្នឹងចូលរួម។ ឥឡូវហ្នឹងខ្ញុំចង់អំពាវនាវឲ្យបងប្អូនខ្មែរទាំងអស់ទូទាំងក្រុងហ្វីឡាហ្នឹង បើមានចំណាប់អារម្មណ៍ ដូចថា សូមមកចូលរួមជាបេក្ខជនដើម្បីបម្រើខ្មែរទាំងអស់គ្នា។រយៈពេលខ្ញុំមិនអាចសន្និដ្ឋានបានទេ ពីព្រោះឥឡូវហ្នឹងបងប្អូនយើងរវល់ ហើយកិច្ចការខែត្រជាក់ផង ហើយចាំមើលខែក្តៅ ពេលចូលឆ្នាំ យើងនឹងមានបង្កើតកម្មវិធីមួយនៅផ្លូវលេខ៧ ហ្នឹងដើម្បីជួបជុំបងប្អូន ដើម្បីឲ្យបងប្អូនដឹងលឺឲ្យបានច្រើននឹងចូលរួមគាំទ្រនូវគំនិតដែលយើងចង់បង្កើតទីក្រុងខ្មែរហ្នឹង»។
ទីក្រុងហ្វីឡាដែលហ្វីយ៉ា ជាទីក្រុងលំដាប់ទី៤ ក្នុងសហរដ្ឋអាមេរិក ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាគេ បន្ទាប់ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត និងទីក្រុងស៊ីអេថល (Seattle) របស់រដ្ឋវ៉ាស៊ីនតោន (Washington State)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
