ប្រភពព័ត៌មានពីប្រទេសជប៉ុន តាមគេហទំព័រ e.nikkei.com បង្ហាញថា បេក្ខជន ៣រូប រួមមានលោក វណ្ណ មូលីវណ្ណ ជាស្ថាបត្យករមកពីប្រទេសកម្ពុជា សហគ្រិនឆ្នើមមកពីប្រទេសវៀតណាម លោក ត្រឿង យ៉ាប៊ិន (Truong Gia Binh) និងមួយរូបទៀតជាសាស្ត្រាចារ្យជនជាតិឥណ្ឌា លោក តេចរ៉ាច អាមីណាផាវី (Tejraj Aminabhavi) បានទទួលរង្វាន់ ណៃគី ប្រចាំឆ្នាំ២០១៣។ ពានរង្វាន់ដែលត្រូវទទួលបាននេះ ត្រូវផ្តល់ជូនជាលក្ខណៈបុគ្គល ស្ថាប័ន ឬអង្គការដែលបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់មនុស្សជាតិក្នុងតំបន់អាស៊ីទាំងមូល។
លោក វណ្ណ មូលីវណ្ណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែឧសភា ថា លោកភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានទទួលរង្វាន់ពីប្រទេសជប៉ុន ដោយលោកមិនបានទាំងដាក់ជាបេក្ខភាពជ្រើសរើសទាល់តែសោះ។
លោកប្រៀបប្រដូចរង្វាន់នេះជារង្វាន់ធ្លាក់ពីលើមេឃ ដែលទេវតាប្រទានឲ្យលោក៖ «ខ្ញុំមិនដឹងខ្លួនទេ គឺថា រង្វាន់នឹងធ្លាក់មកលើខ្ញុំ ដូចជាធ្លាក់ពីលើមេឃអ៊ីចឹង ខ្ញុំអត់ដឹងខ្លួន។ គេចាប់អារម្មណ៍លើ Decor ដែលខ្ញុំរៀបចំខាងស្ថាបត្យកម្មនៅស្រុកខ្មែរជាមួយនឹងព្រះករុណា នរោត្តម សីហនុ លោកបានទាមទារឯករាជ្យពីប្រទេសបារាំង ហើយបានស្ថាបនាឯករាជភាពរបស់ខ្មែរយើងនេះ។ ការដែលបានសង់ហ្នឹង គឺវិមានឯករាជ្យនៅភ្នំពេញ ពហុកីឡាដ្ឋាននៅភ្នំពេញ និងសមិទ្ធិច្រើន ហើយសព្វថ្ងៃហ្នឹងទុកជាកេរមរតកនៃព្រះករុណា នរោត្តម ព្រះសីហនុ ចំពោះការពង្រឹងឯករាជភាពនៅស្រុកខ្មែរ»។
លោក វណ្ណ មូលីវណ្ណ វ័យ ៨៦ឆ្នាំ ត្រូវបានជ្រើសរើសជាបិតាស្ថាបត្យករខ្មែរដ៏កំពូល ដែលទទួលពានរង្វាន់ផ្នែកវប្បធម៌។ អ្វីដែលជាស្នាដៃលេចធ្លោរបស់លោក រហូតទទួលបានរង្វាន់ ណៃគី ប្រចាំឆ្នាំ២០១៣ នេះ គឺសំណង់ស្តាតអូឡាំពិក និងវិមានឯករាជ្យដែលសំណង់ទាំងនេះ បានរំលេចឡើងពីគំនិតច្នៃប្រឌិតបញ្ចូលគ្នារវាងទំនើបកម្ម និងវប្បធម៌ខ្មែរយ៉ាងល្អឥតខ្ចោះ។
លោក វណ្ណ មូលីវណ្ណ ធ្លាប់ទទួលរង្វាន់ជាច្រើនពីប្រទេសជប៉ុន លើផ្នែកស្ថាបត្យកម្មពីប្រទេសបារាំង និងប្រទេសអូស្ត្រាលី។ តាមគម្រោងលោកនឹងចេញដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីទទួលរង្វាន់ ណៃគី នៅថ្ងៃទី២១ ខែឧសភា ហើយនឹងត្រឡប់មកកម្ពុជា វិញនៅថ្ងៃទី២៤ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
